ជាតិ
សេដ្ឋកិច្ច
លោក ប៉ាន សូរស័ក្តិ៖ កម្ពុជាប្រឹងរក្សាកំណើននាំចេញ នាអំឡុងវិបត្តិកូវីដ-១៩
02, Apr 2021 , 7:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្មបានអះអាងពីការប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសកែទម្រង់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងធ្វើពិពិធកម្មវិស័យនាំចេញ សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ បើតាមលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២០ រក្សាកំណើនបាន១៦,៧ភាគរយ ដែលប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ផងដែរ។

 
ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២១នៅទីស្តីការក្រសួង កាលពីថ្ងៃទី១មេសា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កំណើននៃការនាំចេញនេះ គឺបានពីការខិតខំធ្វើពិពិធកម្មទីផ្សារ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម តាមរយៈការចរចារបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់។ លើសពីនេះ គឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីលើកកម្ពស់សេវាសាធារណៈ និងសម្រួលការធ្វើធុរកិច្ច ជាដើម។
 
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌតំបន់ និងពិភពលោក តាមរយៈការពង្រឹងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង, ការអភិវឌ្ឍស្ថាប័ន រួមទាំងកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ផងដែរ។ 
 
ការធ្វើពិពិធកម្មទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម នឹងបើកទីផ្សារបន្ថែមទៀតតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី។  តាមការសិក្សារបស់ក្រសួងពាណិជ្ជកម្ម  កម្ពុជារំពឹងថាអាចមានកំណើនប្រចាំឆ្នាំលើការនាំចេញប្រមាណ៧,៣ភាគរយ  ការវិនិយោគជាង២៣ភាគរយ  និងផលិតផលក្នុងស្រុក(ផ.ស.ស) ២ភាគរយ បន្ថែមលើផ.ស.ស ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ 
 
សម្រាប់ឆ្នាំ២០២០កន្លងមក កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានចំនួន៣៥,៨ពាន់ដុល្លារ កើន២,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ ការនាំចូលរបស់កម្ពុជា មានតម្លៃ១៨,៦ពាន់ដុល្លារ ដែលមានការចុះរហូតដល់៧,៨៤ភាគរយ៕ 
 

Tag:
 ពាណិជ្ជកម្ម
  លោក ប៉ាន សូរស័ក្ត
© រក្សាសិទ្ធិដោយ thmeythmey.com