COVID-19
ជាតិ
បុរសជនជាតិកូរ៉េវ័យ៤៨ឆ្នាំម្នាក់ ស្លាប់ដោយសារកូវីដ-១៩ ជាករណី១៩
× ភ្នំពេញ៖ បុរសជនជាតិកូរ៉េវ័យ៤៨ឆ្នាំម្នាក់ទៀត ស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី២ មេសា ។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣ មេសា។ ករណីស្លាប់បុរសម្នាក់នេះ ជាករណី១៩នៅកម្ពុជា។
បុរសរូបនេះ បានចូលពិនិត្យ និងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នៅថ្ងៃទី៣១ មីនា។ បើតាមក្រសួងសុខាភិបាល អ្នកជំងឺរូបនេះ មានស្ថានភាពជំងឺធ្ងន់ធ្ងរតាំងពីចូលសម្រាកព្យាបាលនៅថ្ងៃដំបូងមកហើយ ទើបបានជាសភាពនៃជំងឺ ចេះតែវិវត្តធ្ងន់ធ្ងរៗទៅ រហូតដល់បាត់បង់ជីវិតនៅថ្ងៃម៉ោង១៖៣០នាទី រសៀលថ្ងៃទី២ មេសា ខណៈដែលគ្រូពេទ្យបានព្យាយាមព្យាបាលតាមបច្ចេកទេសអស់ពីលទ្ធភាព។
តាមរយៈស្ថានភាពអ្នកជំងឺបាត់បង់ជីវិតនេះ ក្រសួងសុខាភិបាល សន្និដ្ឋានថា បុរសជនជាតិកូរ៉េវ័យ៤៨ឆ្នាំរូបនេះ ស្លាប់ដោយសារវិបត្តិផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវិរុសកូវីដ-១៩។
បុរសជនជាតិកូរ៉េ ស្លាប់ដោយសារកូវីដ-១៩នេះ ជាករណីទី១៩នៅកម្ពុជា។ អ្នកជំងឺកូវីដ-១៩ ស្លាប់ទាំងនោះ មានអាយុចាប់ពី២៨ឆ្នាំ ដល់៧៦ឆ្នាំ។
© រក្សាសិទ្ធិដោយ thmeythmey.com