ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កូវីដ-១៩ ធ្វើឲ្យប៉េងប៉ោះលោក ផូ ពេជ្រ ធ្លាក់ថ្លៃពាក់កណ្ដាល តែនៅមានឈ្មួញទិញដល់ផ្ទះ
03, Apr 2021 , 9:59 pm        
រូបភាព
ដោយ:
 វិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយ ធ្វើឲ្យផលិតផលកសិកម្ម មួយចំនួនក្នុងប្រទេសកម្ពុជា បានធ្លាក់ថ្លៃ ហើយកសិផលខ្លះគ្មានឈ្មួញប្រមូលទិញថែមទៀត។ ដំណាំប៉េងប៉ោះឆឺរី របស់លោក ផូ ពេជ្រ ដែលក្នុងខេត្តកណ្ដាល ក៏បានធ្លាក់តម្លៃពាក់កណ្ដាលដែរ ប៉ុន្តែនៅមានអ្នកទិញដល់ផ្ទះ។



លោក ផូ ពេជ្រ ជាកសិករដាំដុះប៉េងប៉ោះឆឺរី នៅក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ កសិករវ័យ ៦៨ឆ្នាំរូបនេះ បានដាំប៉េងប៉ោះឆឺរី តាំងពីឆ្នាំ ១៩៩៨ ពោលគឺតាំងពីប៉េងប៉ោះប្រភេទនេះ មិនសូវមានការពេញនិយមម្ល៉េះ។ ដំណាំនេះ បានក្លាយជាប្រភពចម្បងបំផុតមួយ សម្រាប់គ្រួសារ លោក ផូ ពេជ្រតាំងពីនោះមកដែរ។  ដោយលោកមានវ័យចំណាស់ដែរហើយ កញ្ញា ស៊ីថា ដែលកូនស្រីរបស់លោក ផូ ពេជ្រ ជាអ្នកជំនួសដៃជើង ក្នុង ការមើលថែដំណាំប៉េងប៉ោះឆឺរី ដែលដាំដុះលើផ្ទៃដី ១៥ម៉ែត្រ គុណនឹង១៥០ម៉ែត្រ។

កញ្ញា ផូ ស៊ីថា កូនស្រីរបស់លោក ពេជ្រ បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថា បច្ចុប្បន្ន ប៉េងប៉ោះឆឺរី របស់ឪពុកខ្លួន ទើបផ្តើមហុចផល ដោយក្នុងមួយថ្ងៃៗ អាចប្រមូលផល ១០០គីឡូក្រាម។ ដ្បិតទិន្នផល បានល្អប្រសើរ ប៉ុន្តែតម្លៃបានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងមុនពេលកូវីដ-១៩។ «មុនកូវីដ-១៩ យើងលក់បានថ្លៃ ៣ ០០០រៀល ទៅ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម។ តែតាំងពីមានកូវីដ-១៩ លក់បានតែ ១ ៥០០រៀលទេ ក្នុងមួយគីឡូក្រាម»។ នេះជាការបញ្ជាក់របស់កញ្ញា ផូ ស៊ីថា។
 
ទោះយ៉ាងណា ដំណាំនេះធ្លាក់ថ្លៃ តែទីផ្សារនៅតែសម្បូរ ដោយមានឈ្មួញមកទិញដល់ផ្ទះតែម្តង។ នេះបើតាម កញ្ញា ផូ ស៊ីថា ដែលបានបន្តថា៖«តម្លៃធ្លាក់មែន តែសព្វថ្ងៃនៅតែមានអ្នកមកទិញអស់ៗ ដល់ផ្ទះ។ យ៉ាងណាក៏ស្រួលលក់ ជាងកាលដាំប៉ុន្មានឆ្នាំដំបូងដែរ»។
 
បើតាមកញ្ញា ស៊ីថា ការណ៍ដែលប៉េងប៉ោះឆឺរី នៅតែមានទីផ្សារនេះ បានជួយឱ្យទប់សេដ្ឋកិច្ចគ្រួសារមិនឱ្យលំបាកខ្លាំង ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ៕

 
 


 

Tag:
 កណ្ដាល
  ប៉េងប៉ោះ
© រក្សាសិទ្ធិដោយ thmeythmey.com