ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
លោក ទៀ សីហា សុំឲ្យពលរដ្ឋជុំគ្រួសារនៅផ្ទះក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
04, Apr 2021 , 8:59 am        
រូបភាព
សៀមរាប៖ អភិបាលខេត្តសៀមរាប បានស្នើសុំឲ្យប្រជាពលរដ្ឋក្នុងខេត្ត គួរថែរក្សាខ្លួនឬជួបជុំគ្រួសារក្នុងផ្ទះបានហើយ នារដូវបុណ្យឆ្នាំ ប្រពៃណីជាតិ នាពេលខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងីកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល បានចេញសេចក្ដីណែនាំមិនឲ្យមានការជួបជុំ ឬប្រារព្ធកម្មវិធីកម្សាន្តនានានាទេ ដោយបារម្ភជំងឺនេះ កាន់តែរីករាលដាលក្នុងសហគមន៍បន្ថែមទៀត នាអំឡុងចូលឆ្នាំនេះ។



​នា​ពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនមន្រ្តីរាជការចំណុះសាលាខេត្ត មន្ទីរ អង្គភាពខេត្ត នាព្រឹកថ្ងៃទី២ មេសា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ទៀ សីហា ​ថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលខេត្ត មិនមានគម្រោងរៀបចំពិធីកម្សាន្តអ្វីនោះទេ នាពេលចូលឆ្នាំនេះ។ លោកអភិបាលខេត្តពន្យល់ថា ដោយសារខេត្តសៀមរាប កំពុងមមាញឹកស្ថាបនាផ្លូវ៣៨ខ្សែផង ហើយបញ្ហាកូវីដ-១៩នៅតាមរាជធានី ក៏ដូចជាបណ្ដាខេត្តមួយចំនួន មិនទាន់ស្ងប់ស្ងាត់ផង។​ លោកអភិបាលខេត្ត មានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំថា ដូចសម្ដេចអំពាវនាវហើយ បើមិនចាំបាច់មិនគួរចេញពីផ្ទះទេ។ នៅជុំគ្រួសារអំឡុងចូលឆ្នាំខ្មែរនេះ គឺល្អបំផុត ល្អជាងដើរទៅខេត្តណា ខេត្តណី ឬឆ្លងខេត្ត។ គួរថែរក្សាខ្លួនឯងក្នុងគេហដ្ឋាន ល្អជាង»។

ចំណែកនៅទីវត្តអារាមវិញ លោក ទៀ សីហា បញ្ជាក់ថា រដ្ឋបាលខេត្ត បានស្នើសុំដល់ចៅអធិការវត្តទាំងអស់ គួរជៀសវាងមិនឲ្យមានការជួបជុំអ្វីទេ ហើយប្រសិនបើជៀសមិនផុត គួររៀបចំគម្លាតសុវត្ថិភាព នៅពេលមានពុទ្ធបរិស័ទ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ យ៉ាងណា លោកអភិបាលខេត្ត មានសុទិដ្ឋិនិយមថា ប្រហែលពុំមានប្រជាពលរដ្ឋច្រើននោះទេ ដែលទៅវត្តពេលចូលឆ្នាំ ដោយសារបារម្ភពីសុវត្ថិភាព។ ម្យ៉ាងទៀត កន្លងមក ​ក្រសួងធម្មកា និងសាសនា ក៏បានហាមប្រាម ការប្រារព្ធពិធីសាសនានានាផង។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តសៀមរាប បានអំពាវនាវដល់សប្បុរសជនរៀបចំជាទេយ្យទាននានា ប្រគេនតាមវត្តនានាក្នុងខេត្ត ដែលដាច់ចង្ហាន់ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕


Tag:
 បុណ្យចូលឆ្នាំ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com