ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ល្ពៅ ធ្លាក់ថ្លៃខ្លាំង សល់មួយគីឡូក្រាម ៣០០រៀល !
04, Apr 2021 , 8:39 am        
រូបភាព
ដោយ:
អ្នកដាំល្ពៅ ក្នុងខេត្តកំពង់ឆ្នាំង បានអះអាងថា ល្ពៅ បានចាប់ផ្តើមធ្លាក់ថ្លៃយ៉ាងខ្លាំង នៅត្រឹម ២០០រៀល ទៅ៣០០រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ទាំងកសិករ និងឈ្មួញកណ្តាល បញ្ជាក់ដូចគ្នា វិបត្តិកូវីដ-១៩ ជាបញ្ហាប្រឈមដែលធ្វើល្ពៅនៅក្នុងខេត្តកំពង់ឆ្នាំងធ្លាក់ថ្លៃខ្លាំងដូច្នេះ។ កាលពីមុនល្ពៅ មានតម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។  បើថោកបំផុត ក៏ ៧០០-៨០០រៀល ក្នុងមួយគីឡូក្រាមដែរ តែបច្ចុប្បន្ន ល្ពៅថោកហើយ មិនមានអ្នកទិញទៀតផង។


 
អ្នកស្រី យិន ភាព ជាអ្នកដាំល្ពៅ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ Thmeythmey 25 ថា កាលពីមុន អ្នកស្រី អាចលក់ល្ពៅបានថ្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយ ពោលគឺចាប់ផ្ទុះជំងឺរាលដាលកូវីដ-១៩ ល្ពៅក៏ចាប់ធ្លាក់ថ្លៃរហូត ៣០០រៀល ក្នុងមួយគីឡូក្រាម ដូចបច្ចុប្បន្ននេះ។
 
«តាំងពីមានជំងឺកូវីដ-១៩ មក ទីផ្សារល្ពៅក៏ចាប់ផ្ដើមធ្លាក់ថ្លៃ។ ចាប់ពីតម្លៃ ២ ០០០រៀលធ្លាក់ដល់ ១ ៥០០រៀល,១ ០០០រៀល,៨០០រៀល,៥០០រៀល រហូត ២០០រៀល ទៅ ៣០០រៀល ក្នុងមួយគីឡូក្រាម»។ នេះជាការលើកឡើងរបស់អ្នកស្រី យិន ភាព អ្នកដាំល្ពៅ។ នេះជាការបញ្ជាក់របស់ អ្នកស្រី ភាព ដែលប្រកបរបរដាំដុះល្ពៅ ៥ឆ្នាំមកហើយ។
                                                                                                   
កសិកររូបនេះ ឱ្យដឹងទៀតថា នៅក្នុងពេលប្រមូលផលនេះ អ្នកស្រី អាចប្រមូលផលល្ពៅបាន ពី ៥-៦ តោនក្នុងមួយថ្ងៃ ពីផ្ទៃដីដាំល្ពៅប្រមាណ ២០ហិកតា។ ប៉ុន្តែតម្លៃល្ពៅថោកដូច្នេះ កសិកររូបនេះ ថាច្បាស់មិនរួចដើមនោះទេ។ អ្នកស្រី យិន ភាព រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«ឈ្មួញនៅតែចុះទិញ តែទិញក្នុងតម្លៃថោក។ ឥឡូវដល់ខែប្រមូលផល ម្នាក់ៗ ប្រមូលបាន ៥តោនទៅ ៦តោន ក្នុងមួយថ្ងៃ។ ហើយបើតម្លៃថោកយ៉ាងនេះ មិនរួចថ្លៃចំណាយទេ»។
 
លោក ជាអ្នកប្រមូលទិញល្ពៅមួយរូប ពីកសិករ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ។ តាមឈ្មួញកណ្តាលរូបនេះ ទីផ្សារល្ពៅ ធ្លាក់ថ្លៃខ្លាំងដល់ ២០០ ឬ៣០០រៀល ក្នុងមួយគីឡូក្រាមបែបនេះ មិនធ្លាប់មាននោះទេ តាំងពីលោករកស៊ីរបរនេះជាង១០ឆ្នាំមកនេះ។  តាម ឈ្មួញកណ្តាលរូបនេះ កន្លងមក ល្ពៅថោកបំផុត ក៏អាចលក់បាន ៨០០រៀលដែរ ក្នុងមួយគីឡូក្រាម។
 
បច្ចុប្បន្ន ល្ពៅដែលលោក និងប្រពន្ធរបស់លោក ប្រមូលទិញពីកសិករ ក៏នៅសល់រាប់រយតោន នៅក្នុងស្តង់ ស្ទើរតែគ្មានអ្នកទិញដែរ។ «ខ្ញុំមិនដឹងដែរ ថាគេយកទៅលក់នៅឯណា ខ្ញុំជាអ្នកប្រមូលទិញពីកសិករ ហើយឈ្មូញយកបន្តពីខ្ញុំទៀត។ ខ្ញុំយកចំណេញតិចបំផុតពីកសិករ ខ្ញុំទិញពីកសិករ ២៧០រៀល ក្នុងមួយគីឡូក្រាម ហើយលក់វិញ ៣០០រៀល ក្នុងមួយគីឡូក្រាម»។ នេះបើតាមការបញ្ជាក់របស់លោក ហួត សុផាត។
 
 
មានទីលំនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោក ហួត សុផាត លោក ហួត សុផាត អះអាងប្រាប់ ThmeyThmey25 បញ្ហាកូវីដ-១៩ ដែលបានអូសបន្ទាយ ជិត២ឆ្នាំមកនេះ ជាបញ្ហាចម្បង ដែលធ្វើឲ្យតម្លៃល្ពៅខ្មែរ ធ្លាក់ថ្លៃយ៉ាងខ្លាំងដូច្នេះ។  លោក សុផាត បញ្ជាក់ដូច្នេះថា៖«កាលពីមិនទាន់មានកូវីដ-១៩ ល្ពៅអាចលក់ក្នុងតម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម ទាបបំផុតក៏ត្រឹម ៨០០រៀលដែរ។ ហើយពេលនេះ តម្លៃថោកហើយ មិនសូវមានអ្នកទិញទៀត»។
 
ដ្បិតល្ពៅពិបាកលក់ពិតមែន តែលោក ហួត សុផាត នៅតែបន្តទិញល្ពៅពីកសិករឲ្យអស់ពីលទ្ធភាព ដែលក្នុងមួយថ្ងៃៗ កសិករអាចប្រមូលផលល្ពៅពី ៥០តោនទៅ ១០០តោន។ ម្យ៉ាងកន្លងមក ឈ្មួញកណ្តាលរូបនេះ អះអាងថា ខ្លួនក៏ជួយផ្ដល់ថវិកា និងសម្ភារ ដល់កសិករដាំល្ពៅដែរ ដើម្បីឱ្យដាំដុះផ្គត់ផ្គង់មកឱ្យខ្លួន នារដូវប្រមូលផល។ «ដើម្បីជួយកសិករ ខ្ញុំនៅទទួលទិញល្ពៅពីកសិកររាល់ថ្ងៃ ទោះលក់បានថោកក៏ដោយ»។ នេះជាការលើកឡើងរបស់ឈ្មួញប្រមូលទិញល្ពៅ។
 
លោក ហួត សុផាត ក៏សំណូមពរឲ្យពលរដ្ឋខ្មែរ ជួយទិញល្ពៅ របស់កសិករខ្មែរ និងស្នើឲ្យក្រសួងកសិកម្ម ជួយរកទីផ្សារល្ពៅដល់កសិករ ផងដែរ ដើម្បីកុំឱ្យកសិករប្រឈមនឹងការខាតដើមច្រើនពេក ដោយសារតែកសិផលចុះថោកដូច្នេះ៕
 



 



Tag:
 យិន ភាព
 ហួត សុផាត
  ល្ពៅ
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com