ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា៖ការដើរហាត់ប្រាណលឿនល្មមអាចជួយការចងចាំរបស់អ្នកពេលវ័យចំណាស់បាន
04, Apr 2021 , 9:30 pm        
រូបភាព
 
ការធ្វើលំហាត់ប្រាណដោយការដើរលឿនល្មមអាចមានប្រសិទ្ធភាពក្នុងការជួយជំរួញសុខភាពខួរក្បាល និងការចងចាំរបស់មនុស្សវ័យចំណាស់មួយចំនួនដែលមានការចងចាំមិនសូវល្អ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍របស់ប្រទេសសិង្ហបុរី CNA កាលពីថ្ងៃទី២ ខែមេសា។


តាមពិតទៅ លំហាត់ប្រាណផ្តល់គុណប្រយោជន៍ទៅលើលំហូរនៃឈាមនៅក្នុងខួរក្បាល។ អ្នកជំនាញមួយចំនួនក៏បានបញ្ជាក់ដែរថា លំហាត់ប្រាណដូចជាការដើរលឿនល្ម មិនមែនត្រឹមតែជួយសម្រួលអ្នកដែលមានបញ្ហាក្នុងការចងចាំនោះទេ តែវាក៏អាចជួយសម្រួលទៅកាន់អ្នកដែលកំពុងតែមានបញ្ហាបាត់ការចងចាំផងដែរ។

ទោះជា អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់អាចដឹងឲ្យច្បាស់អំពីមូលហេតុដែលមនុស្សចំណាស់បាត់បង់ការចងចាំខ្លះៗក្តី  ភស្តុតាងមួយចំនួនបានបង្ហាញថា ការផ្លាស់ប្តូរនៃចលនាឈាមនៅក្នុងខួរក្បាលអាចជាមូលហេតុមួយក្នុងការបង្កឲ្យមានបញ្ហាបែបនេះ។
ឈាមមានតួនាទីសំខាន់ក្នុងការដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដើម្បីទៅរក្សាសុខភាពកោសិកាខួរក្បាល។ សម្រាប់មនុស្សភាគច្រើន ការធ្លាក់ចុះនៃគុណភាពលំហូរឈាមនៅក្នុងខួរក្បាលប្រព្រឹត្តទៅនៅពេលដែលមនុស្សម្នាក់ៗមានវ័យកាន់តែចាស់។

ដូច្នេះហើយ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលសុខភាពនៃសកលវិទ្យាល័យរដ្ឋតិចសាស់ សហរដ្ឋអាមេរិកត្រូវបានរៀបចំឡើងដើម្បីពិសោធន៍លើមនុស្សមិនសូវសកម្មចំនួន៧០នាក់ដែលមានវ័យលើសពី៥៥ឆ្នាំ ដោយពួកគេសុទ្ធតែមានបញ្ហាទៅលើការចងចាំក្នុងកម្រិតស្រាល។
អ្នកជំនាញបានអញ្ជើញមនុស្សវ័យចំណាស់ទាំងអស់នោះមក ពិនិត្យមើលសុខភាពនៃសរសៃឈាមរបស់ពួកគេ ជាពិសេសសរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាល មុនពេលចាប់ផ្តើមកម្មវិធីធ្វើលំហាត់ប្រាណ។

បន្ទាប់មក អ្នកទាំងនោះត្រូវបានអ្នកជំនាញចែកចេញជាពីរក្រុម ដែលក្រុមទីមួយត្រូវបានគេកំណត់ឲ្យធ្វើលំហាត់ប្រាណតិចៗធម្មតាដូចជាការពត់ដងខ្លួនជាដើម និងក្រុមទីពីរត្រូវបានគេកំណត់ឲ្យធ្វើលំហាត់ប្រាណធ្ងន់ៗជាងដូចជាការរត់លើម៉ាស៊ីន។ ក្រុមទាំងពីរនេះត្រូវធ្វើលំហាត់ប្រាណប្រមាណជា៣០នាទីក្នុងមួយថ្ងៃ ៣ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងរយៈពេលប្រមាណ៦ខែ។ ក្រោយមក អ្នកដែលស្ថិតនៅក្នុងក្រុមទាំងពីរនោះត្រូវបានធ្វើការពិនិត្យសុខភាពឡើងវិញដោយអ្នកជំនាញ។
លទ្ធផលបានបង្ហាញថា ក្រុមដែលបានធ្វើលំហាត់ប្រាណធ្ងន់ល្មមបានទទួលសុខភាពសរសៃឈាមល្អប្រសើរជាងមុន។ ចំណែកឯក្រុមដែលបានធ្វើលំហាត់ប្រាណស្រាលៗមិនបានទទួលលទ្ធផលល្អប្រសើរប៉ុន្មាននោះទេ។

អ្នកជំនាញជឿថាការធ្វើលំហាត់ប្រាណធ្ងន់ល្មមនៅតែជាផ្នែកមួយក្នុងការជួយជំរុញសុខភាពខួរក្បាល និងការចងចាំ។ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ទិត Rong Zhang មកពីមជ្ឍមណ្ឌលសុខភាពនៃសកលវិទ្យាល័យរដ្ឋតិចសាស់ និងក៏ជាអ្នកដឹកនាំការពិសោធន៍មួយនេះ។

វេជ្ជបណ្ឌិតរូបនេះបានបន្តទៀតថា ពេលខ្លះលំហាត់ប្រាណធ្ងន់ល្មមបែបនេះទាមទាររយៈពេលជាងមួយឆ្នាំដើម្បីឲ្យលំហូរនៃឈាមមានលក្ខណៈល្អប្រសើរពេញលេញឡើងវិញ។ ការធ្វើដំណើរដោយការដើរទៅកាន់ទីកន្លែងក្បែរៗ ឬការប្រើប្រាស់ជណ្តើរជើងនៅពេលឡើងលើអគារសុទ្ធសឹងតែជាសកម្មភាពតូចៗមួយចំនួនដែលមានលទ្ធភាពក្នុងការជំរុញសុខភាពរបស់អ្នកបាន៕


© រក្សាសិទ្ធិដោយ thmeythmey.com