អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹត្តិការណ៍អន្តរជាតិសង្ខេបប្រចាំសប្តាហ៍
04, Apr 2021 , 10:30 pm        
រូបភាព
 
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍ជាច្រើននៅតែបន្តកើតឡើង។ ប្រធានបទមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏ក្តៅមួយ ដោយសារសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធលើរបបសឹក ខណៈក្រុមឧទ្ទាមក្នុងប្រទេសប្រកាសគាំទ្រប្រជាជន។ ទន្ទឹមនេះ ការស៊ើបអង្កេតកូវីដ-១៩ ត្រូវបានអង្គការសុខភាពពិភពលោក ចេញរបាយការណ៍ផ្លូវការហើយ ប៉ុន្តែក្រុមអ្នកជំនាញ ចាំបាច់ត្រូវសិក្សាបន្ថែមទៀត។ ស្របគ្នានេះ ចិន និងអាមេរិក ក៏កំពុងប្រឈមមុខគ្នាផងដែរ លើការអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតហុងកុង។



ខាងក្រោមនេះ គឺជាអត្ថបទសង្ខេបប្រចាំសប្តាហ៍៖

ថ្ងៃទី២៩ ខែមីនា

•    ក្រុមហ៊ុនប្រេងឥណ្ឌូណេស៊ី Pertamina បានបិទរោងចក្រចម្រាញ់ប្រេង Balongan ដែលស្ថិតនៅកោះជ្វាខាងលិច ដើម្បីគ្រប់គ្រងអគ្គិភ័យដ៏ធំមួយ ដែលធ្វើឱ្យមនុស្ស៥នាក់ រងរបួស និងប្រមាណ៩៥០នាក់ទៀត ដែលរស់នៅក្បែរនោះ ក៏ត្រូវបានជម្លៀសចេញ ភ្លាមៗ។

•    បារាំង បានរិះគន់ក្រុមយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង ដែលបានប្រើប្រាស់ហិង្សាយ៉ាងងងឹតងងល់ លើក្រុមបាតុករមីយ៉ាន់ម៉ា ខណៈអាមេរិកឯណោះវិញ ក៏បានសម្រេចផ្អាកការរកស៊ី ទាំងអស់ ជាមួយមីយ៉ាន់ម៉ា ដែលមានចែងក្នុងកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០១៣ ផងដែរ។

ថ្ងៃទី៣០ ខែមីនា

•    គណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានអនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោត ហុងកុង ដែលបានស្នើឡើង កាលពីដើមខែមីនាកន្លងទៅ។

•    អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ផ្លូវការ នៃការស៊ើបអង្កេតស្តីពីប្រភពជំងឺកូវីដ-១៩ ។ ក្រោយពេលចេញរបាយការណ៍នេះ អគ្គនាយក WHO លើកឡើងថា ក្រុមអ្នកជំនាញ ចាំបាច់ត្រូវសិក្សាបន្ថែមទៀត ដើម្បីអាចធ្វើសេចក្តីសន្និដ្ឋានជាក់លាក់ ពីប្រភពនៃជំងឺនេះ។

ថ្ងៃទី៣១ ខែមីនា

•    អាមេរិក ថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលចិន ដែលបានអនុម័តច្បាប់កំណែទម្រង់ ប្រព័ន្ធបោះឆ្នោតហុងកុង។ អាមេរិក អះអាងថា វិធានការរបស់ចិន ប៉ះពាល់ដល់លំហប្រជាធិបតេយ្យ។ ចំណែក អង់គ្លេសវិញ លើកឡើងថា ចិនរំលោភកាតព្វកិច្ចដែលមានជាមួយខ្លួន។

•    រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន២រូបដែលជាប់ ពាក់ព័ន្ធក្នុងអំពើចារកិច្ច។ មន្ត្រីទូតរុស្ស៊ី ត្រូវចោទថា បានផ្តល់ប្រាក់ដល់មន្ត្រីយោធាអ៊ីតាលីជាថ្នូរនឹងការទទួល បានមកវិញឯកសារយោធាសម្ងាត់។

ថ្ងៃទី១ ខែមេសា

•    ថៃ ចាប់ផ្តើមកាត់បន្ថយថ្ងៃដាក់ចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេស ឬប្រជាជន ដែលទទួលបានវ៉ាក់សាំងរួច។ ការកាត់បន្ថយថ្ងៃដាក់ចត្តាឡីស័កនេះ មានគោលដៅលើកស្ទួយសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ដែលកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩។

•    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រឹមថ្កោលទោសការប្រើប្រាស់ហិង្សានៅមីយ៉ាន់ម៉ា ក្នុងសេចក្ដីថ្លែងការណ៍រួមចេញ។ អង់គ្លេស បានតាក់តែងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍មួយ ដែលរួមបញ្ចូលការត្រៀមខ្លួនចាត់វិធានការបន្ទាន់ លើមីយ៉ាន់ម៉ា ដែលនេះមានន័យ ស្មើនឹងការរៀបចំដាក់ទណ្ឌកម្ម។ ប៉ុន្តែចិនដែលជាសម្ពន្ធមិត្តជិតស្និទ្ធមួយរបស់មីយ៉ាន់ម៉ា ចេញមុខជំទាស់ ដែលនាំឱ្យសេចក្ដីថ្លែងការណ៍ចុងក្រោយ មានន័យស្រាលវិញ។

ថ្ងៃទី២ ខែមេសា

•    រដ្ឋសភាវៀតណាម បានអនុម័តសេចក្តីសម្រេច បញ្ចប់តំណែងនាយករដ្ឋមន្ត្រីពីលោក ង្វៀន សួនហ្វ៊ុក ក្រោយបានបំពេញការងារអស់រយៈពេល៥ឆ្នាំ។ លោក ង្វៀន សួនហ្វ៊ុក ត្រូវបានបក្សកុម្មុយនីស្ត វៀតណាម ជ្រើសតាំងជាបេក្ខភាពប្រធានាធិបតី ជំនួសលោក ង្វៀន ភូជុង។

•    អាមេរិក សម្រេចដកទណ្ឌកម្ម ដែលដាក់លើអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ការដកទណ្ឌកម្មនេះ នឹងជួយសម្រួលការខ្វែងគំនិតគ្នា ជាមួយសម្ពន្ធមិត្តតំបន់អឺរ៉ុប ដែលរិះគន់ចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ លើតុលាការអន្តរជាតិមួយនេះ។
ថ្ងៃទី៣ ខែមេសា

•    ចិន និងកូរ៉េខាងត្បូង នឹងស្វែងរកនីតិវិធីមួយ សម្រាប់សេចក្តីសម្រេចនយោបាយ លើបញ្ហាឧបទ្វីបកូរ៉េ។ ជំនួបរវាងប្រមុខការទូតទាំងពីរ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លី ដែលទើបអភិវឌ្ឍថ្មី ទៅក្នុងសមុទ្រជប៉ុន។

•    រុមឧទ្ទាមមីយ៉ាន់ម៉ាចំនួន១០ ក្រុម បានរិះគន់លើការបង្រ្កាបយ៉ាងឃោរឃៅ លើក្រុមបាតុករ ពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា។ បើតាមក្រុមឧទ្ទាម ខ្លួននឹងឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា ដែលទាមទារឱ្យរបបសឹក បញ្ចប់ការដឹកនាំរបស់ខ្លួន។

ថ្ងៃទី៤ ខែមេសា

•    ប៉ូលិសហុងកុង បានប្រកាសថា សារធាតុកូកាអ៊ីន ចំនួន ៧០០គីឡូក្រាមត្រូវបានរឹបអូស។ នេះគឺជាចំនួនច្រើនបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។


© រក្សាសិទ្ធិដោយ thmeythmey.com