ពីនេះ ពីនោះ
កូវីដ៖ រឿងសួត និងក្រពះ ដែលគិតមិនដូចគ្នា…!
05, Apr 2021 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ នៅតែបន្តធ្វើការពីផ្ទះរៀងៗខ្លួន។ ទោះបីធ្វើការពីចម្ងាយមែន តែក្លើទាំងពីរក៏ចេញដើរត្រេតត្រតទស្សនាភ្នំពេញពេលយប់ និងពេលថ្ងៃខ្លះដែរ ដើម្បីចង់ដឹងពីស្ថានភាពទូទៅនៅរាជធានីចតុមុខ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពេលអាជ្ញាធរដាក់មម្រាមគោចរពីម៉ោង៨យប់ដល់៥ភ្លឺសម្រាប់សកម្មភាពភាពមិនចាំបាច់រួចមក សំណួរជាច្រើនបានលើកឡើងថា តើរវាងសួត និងក្រពះ គួរជ្រើសរើសយកមួយណា?

 
សំណាង៖ អា សុធីរ! ម៉េចដែររឿងហ្នឹង? បើអាជ្ញាធរហាមមិនឲ្យធ្វើដំណើរលើសពីម៉ោង៨យប់ អ៊ីចឹង តើអ្នកលក់ពេលយប់មិនដាច់ពោះស្លាប់ទៅហើយ? 
 
សុធីរ៖ ចុះអ្ហែងអត់មើលតួលេខអ្នកឆ្លង និងស្លាប់ទេឬ? អ្នកឆ្លងកាន់តែកើន និងស្លាប់កាន់តែច្រើន។ 
 
សំណាង៖ អញដឹងហើយរឿងហ្នឹង។ តែចុះបើអត់មានចំណូល តើក្រពះបានអីហូប ហើយក្រពះមិនឃ្លានដែរទេឬ? 
 
សុធីរ៖ អ្ហែងចេះតែនិយាយអ៊ីចឹងបានហើយ។ ប៉ុន្តែពេលនេះ គេត្រូវគិតពីជីវិតមុនសិនហើយ។ បើឆ្លងកូវីដ ហើយកូវីដស៊ីសួតអស់ តើអ្ហែងគួរនិយាយរឿងអ្វីទៀត? 
សំណាង៖ ចុះបើក្រពះអត់អីស៊ី ហើយស្លាប់ដែរយ៉ាងម៉េចទៅវិញ? 

សុធីរ៖ អញមិនជឿថា គ្រាន់តែមិនលក់ ឬមិនរកស៊ីប៉ុន្មានថ្ងៃហ្នឹង ម្នាក់ៗអស់ម្ហូបអាហារ គ្មានអ្វីហូប ហើយស្លាប់នោះទេ។ អញជឿជាក់ថា ពួកគាត់ពិតជាមានស្បៀងអាហារស្តុកទុកសម្រាប់ពេលគ្រោះអាសន្នខ្លះហើយ។ វាមិនដូចអ្នកខ្លះស្រែកថា បើមិនបានរកស៊ី ក្រពះក្រៀមស្វិត ហើយស្លាប់នោះទេ។ បើក្រពះក្រៀមស្វិតជាងមុនដោយសារមិនមានអាហារល្អហូប អញជឿខ្លះ តែបើឲ្យស្លាប់ វាមិនស្លាប់ទេ។ បើតាមយោបល់អញ អញសុខចិត្តឲ្យសួតមានសុខភាពល្អក្នុងគ្រាដ៏លំបាកនេះ ហើយសុខចិត្តឲ្យក្រពះក្រៀមស្វិតបន្តិចសិនទៅចុះ។ នៅពេលណាដែលសួតមានសុខភាពល្អ ហើយកូវីដរលាយបាត់ទៅ ពេលនោះ ក្រពះពិតជាលែងក្រៀមស្វិត និងមានសុខភាពល្អឡើងវិញជារៀងរហូត៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com