ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស្ចារ្យមែន! ចង់ស្អាត កុំចោល “ខ្ទឹមបារាំង”
06, Apr 2021 , 6:59 am        
រូបភាព
ទោះបីជាឧស្សាហ៍ទទួលទានខ្ទឹមបារាំង ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមើមនេះមិនត្រឹមតែអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ តែក៏ល្អណាស់ដែរចំពោះសម្រស់។ ថាតើខ្ទឹមបារាំងអាចត្រូវបានយកមកប្រើដោះស្រាយបញ្ហាសម្រស់អ្វីខ្លះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ខ្ទឹមបារាំងថែរក្សាសម្រស់ ៖

 
១. សម្រាប់ជួយឱ្យស្បែកក្មេងជាងវ័យនិងភ្លឺរលោង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធ ២ស្លាបព្រាបាយជាមួយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ ប​ន្ទាប់មកចាប់ផ្ដើមលាបល្បាយលើស្បែកមុខនិងកដោយប្រុងប្រយ័ត្នកុំឱ្យចូលភ្នែក។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
២. សម្រាប់ជួយឱ្យសក់ដុះក្រាស់ជាងមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ចំនួន ២ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបលើសក់ ហើយទុកចោលសម្រាប់រយៈពេល ១៥ នាទី។ បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូដូចធម្មតាជាការស្រេច។ អនុវត្ត ១ ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចប្រើប្រាស់ទឹកខ្ទឹមបារាំងស្រស់តែមួយមុខ ដោយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបកសំបកខ្ទឹមបារាំង រួចចិញ្ច្រាំជាចំណិតតូចៗ បន្ទាប់មកចាប់ផ្ដើមច្របាច់យកទឹកខ្ទឹមបារាំងមកលាបម៉ាស្សាលើស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី ឬយូរជាងនេះ សឹមកក់សម្អាតចេញជាមួយសាប៊ូដូចធម្មតាជាការស្រេច។
 
៣. កម្ចាត់អង្កែ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ចំនួន ៣ ស្លាបព្រាបាយ ជាមួយប្រេងអូលីវចំនួន កន្លះស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមម៉ាស្សាល្បាយលើស្បែកក្បាលថ្នមៗ។ ទុកចោលសម្រាប់រយៈពេល ២ ម៉ោង សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាលគ្មានសារធាតុគីមី។អនុវត្តរូបមន្តនេះឱ្យបានទៀងទាត់ ដើម្បីរក្សាបាននូវសុខភាពសក់ល្អរឹងមាំស្បែកក្បាលគ្មានអង្កែ។
 
៤. ព្យាបាលបំបាត់អាចម៍រុយលើស្បែក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមបារាំងមួយបន្ទះក្រាស់ រួចដុសវាលើអាចម៍រុយ។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
 
៥. រក្សាសុខភាពអញ្ចាញបង្កើនភាពស្រស់ស្អាតនៃស្នាមញញឹម
 
នៅរាល់ពេលផ្នែកណាមួយនៃអញ្ចាញរងការរលាកនិងឈឺចាប់ គ្រាន់តែលាបម៉ាស្សាទឹកខ្ទឹមបារាំងស្រស់ពីលើជាការស្រេច។ រងចាំរយៈពេលឱ្យបានប៉ុន្មាននាទីសិន សឹមទទួលទានអាហារ ឬភេសជ្ជៈផ្សេងៗដើម្បីទុកពេលឱ្យទឹកខ្ទឹមបារាំងស្រស់កម្ចាត់រាល់បាក់តេរីនិងការរលាក។ ជាលទ្ធផលអ្នកនឹងទទួលបានអញ្ចាញមានសុខភាពល្អដែលចាំបាច់សម្រាប់សុខភាពធ្មេញផងដែរ។
 
៦. កម្ចាត់មុន
 
ទឹកខ្ទឹមបារាំងស្រស់មានសមត្ថភាពកម្ចាត់បាក់តេរីនិងព្យាបាលការរលាក ដូច្នេះវាល្អណាស់សម្រាប់ព្យាបាលមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ទាប់ពីលាងសម្អាតស្បែកមុខរួចជាមួយផលិតផលលាងសម្អាតមុខដែលអ្នកប្រើជាប្រចាំរួច ចូរប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកខ្ទឹមបារាំងស្រស់ និងលាបផ្ដិតៗលើតំបន់ស្បែកដែលមានបញ្ហា។ លាងសម្អាតចេញក្រោយរយៈពេលពី ២ ទៅ ៣ នាទី ឬនៅពេលអ្នកមានអារម្មណ៍ចាក់ឆៀបៗ។
 
៧. បន្ថយស្នាមសំលាក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកខ្ទឹមបារាំងស្រស់លើស្នាមសំលាកខ្មៅៗនោះឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ អនុវត្តជាប្រចាំរហូតសម្គាល់ឃើញមានភាពប្រសើរឡើង សឹមប្ដូរមកអនុវត្តរូបមន្តនេះត្រឹមតែម្ដងក្នុងមួយថ្ងៃវិញ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកខ្ទឹមបារាំងស្រស់ផងដែរដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរយ៉ាងឆាប់រហ័ស។
 
៨. សម្រាប់ជួយឱ្យរោមចិញ្ចើមក្រាស់ជាងមុន
 
លាបម៉ាស្សាទឹកខ្ទឹមបារាំងស្រស់លើរោមចិញ្ចើមនិងរងចាំសម្រាប់រយៈពេល ៥នាទី។ លាងសម្អាតចេញជាមួយទឹកស្អាតត្រជាក់ជាការស្រេច៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com