អន្តរជាតិ
តើសកម្មភាពនៅខាងក្រៅអាចនាំឱ្យឆ្លងកូវីដ-១៩ កម្រិតណា?
06, Apr 2021 , 9:29 am        
រូបភាព
នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ការស្នាក់នៅក្នុងផ្ទះរៀងខ្លួនៗដោយមិនធ្វើដំណើរចេញទៅក្រៅច្រើន គឺជារឿងមួយដែលចាំបាច់ក្នុងការទប់ស្កាត់ការឆ្លង ក៏ដូចជាការចម្លងមេរោគនេះ។ ប៉ុន្តែការធ្វើដំណើរចេញទៅក្រៅផ្ទះដូចជាការហាត់ប្រាណ ឬទិញអាហារឯផ្សារ នៅតែជាសកម្មភាពសំខាន់ៗក្នុងការរស់នៅដដែល។

 
តើការដើរកាត់មនុស្សដទៃនៅតាមផ្លូវ ឬនៅតាមទីធ្លាសាធារណៈនានាអាចធ្វើឱ្យមានការឆ្លងមេរោគកូវីត-១៩ដែរឬទេ? 
 
បើតាមការផ្សាយរបស់ទូរទស្សន៍ BBC កាលពីសប្ដាហ៍មុន សកម្មភាពនៅទីធ្លាទូលាយៗខាងក្រៅអាចកាត់បន្ថយការចាប់យកកូវីដ-១៩ បានច្រើនជាងការនៅក្នុងទីតាំងដែលមានការបិទជិតមិនសូវមានខ្យល់បរិយាកាសចេញចូល។ អ្នកជំនាញមួយចំនួនបានបញ្ជាក់ថា ខ្យល់អាកាសបរិសុទ្ធនៅក្នុងតំបន់ទីធ្លាធំៗអាចជួយញែកមេរោគឱ្យចេញពីគ្នាបាន។ ម្យ៉ាងវិញទៀត កម្តៅព្រះអាទិត្យអាចជួយពន្លឿនរំហួតអង្គធាតុរាវមួយចំនួនដូចជាទឹកមាត់មនុស្ស ដែលធ្លាក់នៅលើដី ឬសម្ភារផ្សេងៗជាដើម។ កាំរស្មីស្វាយអ៊ុលត្រា (UV) របស់ព្រះអាទិត្យក៏អាចមានសមត្ថភាពក្នុងការសម្លាប់មេរោគមួយចំនួនបានផងដែរ។ 
 
ទោះបីជាយ៉ាងនេះក្ដី ការធ្វើដំណើរទៅខាងក្រៅផ្ទះដោយមិនមានការប្រុងប្រយ័ត្នត្រឹមត្រូវក៏អាចធ្វើឱ្យងាយនឹងឆ្លងជំងឺកូវីដ-១៩ ដែរ។ ការនិយាយទល់មុខគ្នាដោយមិនមានការការពារត្រឹមត្រូវ អាចធ្វើឱ្យមេរោគឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ។ នៅពេលក្អក ទឹកមាត់របស់មនុស្សឈឺអាចធ្លាក់ចុះនៅលើដី អាចចូលនៅក្នុងភ្នែក ឬចូលទៅក្នុងដង្ហើមរបស់មនុស្សម្នាក់ទៀតបាន បើមនុស្សទាំងពីរនាក់នេះស្ថិតនៅក្នុងគម្លាតតិចជាង២ម៉ែត្រ ហើយស្ថិតនៅក្នុងរយៈពេលសមរម្យណាមួយ។ 
 
ចុះបើអ្នកជំងឺណាម្នាក់រត់ហាត់ប្រាណកាត់អ្នកនៅក្នុងទីធ្លាសាធារណៈទូលាយៗ តើអ្នកអាចទទួលមេរោគពីអ្នកជំងឺនោះបានដែរឬទេ? តាមការអះអាងរបស់អ្នកជំនាញ ការឆ្លងមេរោគនៅក្នុងកាលៈទេសៈបែបនេះគឺមានឱកាសតិចណាស់។ មនុស្សពីរនាក់ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា នៅក្នុងទីតាំងដែលមានទីធ្លាធំ អាចនៅក្បែរគ្នាតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ 
 
«វាទាមទារឱ្យអ្នកដែលកំពុងដើរកាត់នោះក្អក ហើយក្នុងពេលតែមួយ អ្នកក៏កំពុងដកដង្ហើមរបស់អ្នកចូលដែរ ដើម្បីឱ្យការឆ្លងមេរោគអាចកើតឡើងបាន»។ នេះបើតាមលើកឡើងរបស់វេជ្ជបណ្ឌិត Cath Noakes ដែលជាអ្នកជំនាញសិក្សាពីការចម្លងជំងឺតាមខ្យល់នៅសាកលវិទ្យាល័យ Leeds ។ 
 
ក្នុងករណីខ្លះ បើអ្នកដើរនៅពីខាងក្រោយចរន្តខ្យល់ដង្ហើមរបស់អ្នកដែលមានជំងឺ អ្នកក៏អាចទទួលយកមេរោគពីមនុស្សម្នាក់ទៀតនោះបានខ្លះដែរ។ ទីតាំងដែលមានខ្យល់នៅស្ងៀម ដូចជានៅតាមផ្សារលក់ទំនិញ ឬនៅតាមកន្លែងដែលមានមនុស្សតម្រង់ជួរច្រើនក៏បង្កើនឱកាសក្នុងការឆ្លងមេរោគបានផងដែរ។ ខ្យល់ដែលនៅស្ងៀម មិនសូវមានចលនាអាចមានសមត្ថភាពក្នុងការផ្ទុកមេរោគបានច្រើន។ 
 
ភស្តុតាងភាគច្រើនបានបង្ហាញថា ការចម្លងជាច្រើនបានកើតឡើងនៅក្នុងទីតាំងបិទជិត មិនសូវមានខ្យល់បរិយាកាសថ្មីចេញចូល និងជាពិសេសទីតាំងដែលមានមនុស្សនៅក្បែរៗគ្នាច្រើនក្នុងរយៈពេលយូរ ដែលការឆ្លងមេរោគអាចប្រព្រឹត្តទៅដោយផ្ទាល់ ឬដោយប្រយោល៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com