អន្តរជាតិ
លោក វ៉ាង យី ថា ចិនស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ដើម្បីប្រយោជន៍ទៅវិញទៅមក
05, Apr 2021 , 10:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋចិន។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋចិន។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៤ ខែមេសា បានផ្ញើសារទៅអាមេរិកជាថ្មីថា រដ្ឋាភិបាលទីក្រុងប៉េកាំង ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រុងវ៉ាស៊ីនតោន ប៉ុន្តែកិច្ចសហប្រតិបត្តិការទាំងនោះ ត្រូវផ្អែកលើផលប្រយោជន៍ និងដោះស្រាយបញ្ហាទៅវិញទៅមក។ ប៉ុន្តែលោក វ៉ាង ក៏បានជំរុញឱ្យអាមេរិក គោរពផលប្រយោជន៍ដ៏សំខាន់របស់ចិនផងដែរ។

 
ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ប្រមុខការទូតចិន លោក  វ៉ាង យី បានលើកឡើងជាថ្មី ជុំវិញបញ្ហាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការប្រឈមមុខដាក់គ្នាចិន និងអាមេរិក។ បើតាមលោក វ៉ាង ចិន គឺមានជំហរយ៉ាងច្បាស់ និងមិនផ្លាស់ប្តូរឡើយ និងរីករាយក្នុងការចរចាជាមួយអាមេរិក ដោយឈរលើមូលដ្ឋាននៃសមភាព និងការគោរពទៅវិញទៅមក។ ក្នុងន័យនេះ ចិននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយសម្រេចកិច្ចការពិភពលោកជាឯកតោភាគីឡើយ ហើយក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយមកកេងចំណេញដែរ។ 
 
«ចិនស្វាគមន៍កិច្ចសហប្រតិបត្តិការ ប្រសិនបើចាំបាច់ ប៉ុន្តែវាត្រូវតែផ្អែកលើផលប្រយោជន៍ទៅវិញទៅមក»។ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងដែរនោះ បានលើកឡើងបែបនេះក្នុងកិច្ចសម្ភាសក្រោយជំនួបបន្តបន្ទាប់គ្នាជាមួយសមភាគីមកពីប្រទេសបួនរបស់អាស៊ាន។ លោកបន្ថែមថា ភាគីតែម្ខាងមិនគួរបង្កើតលក្ខខណ្ឌ ដោយមិនមានការព្រមព្រៀងពីភាគីម្ខាងទៀតឡើយ។ 
 
ទន្ទឹមនេះ លោកវ៉ាង បានបន្តទៀតថា ក្រុងប៉េកាំងនឹងមិនគេចពីការប្រកួតប្រជែងឡើយ ប៉ុន្តែការប្រកួតប្រជែងទាំងនោះត្រូវតែយុត្តិធម៌ ស្របច្បាប់ និងស្របតាមគោលការណ៍នៃការប្រកួតប្រជែង។ លោកក៏រំឭកថា ការប្រកួតប្រជែងទាំងនោះ ត្រូវបញ្ចៀសការរំលោភអំណាច និងការដកហូតសិទ្ធិក្នុងការអភិវឌ្ឍរបស់អ្នកដទៃ។ ត្រង់ចំណុចនេះ លោក វ៉ាង បញ្ជាក់ថា ប្រសិនបើមាននៅតែកើតឡើង ចិននឹងដោះស្រាយបញ្ហាទាំងនោះ ដោយស្ងប់បំផុត និងមិនខ្លាចអ្វីឡើយ។ 
 
ស្របគ្នាដែរ ទីប្រឹក្សារដ្ឋចិន ក៏បានផ្តាំប្រាប់រដ្ឋបាលអាមេរិកផងដែរថា៖ «កិច្ចចរចា គឺប្រសើរជើងការប្រឈមមុខ និងកិច្ចសហប្រតិបត្តិការប្រសើរជាការតទល់គ្នា»។ ក្នុងន័យនេះលោក វ៉ាង ចង់អះអាងថា កិច្ចសហការរវាងប្រទេសមហាអំណាចទាំងពីរ នឹងចូលរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក។ 
 
សូមបញ្ជាក់ថា ដ្បិតរដ្ឋាភិបាលអាមេរិក ត្រូវបានផ្លាស់ប្តូរថ្មីនៅដើមឆ្នាំ២០២១ មកក៏ដោយ ប៉ុន្តែទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ហាក់មិនល្អប្រសើរឡើយ។ ប្រទេសទាំងពីរ នៅតែប្រើសម្តីធ្ងន់ដាក់គ្នាទៅវិញទៅមកលើបញ្ហាជនជាតិភាគតិចក្នុងតំបន់ស៊ីនជាំង បញ្ហាហុងកុង កោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងជំងឺកូវីដ-១៩ ជាដើម៕ 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com