កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីហែលទឹកជប៉ុនដែលពុះពារនឹងជំងឺមហារីក២ឆ្នាំ បានកៅអីទៅអូឡាំពិកក្រុងតូក្យូ
06, Apr 2021 , 3:28 pm        
រូបភាព
កីឡាការិនីហែលទឹកជប៉ុន Rikako Ikee ដែលញាំញីដោយសារជំងឺមហារីកគ្រាប់ឈាមរយៈពេល២ឆ្នាំ បានឆ្លងផុតវគ្គជម្រុះដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។ អតីតម្ចាស់មេដាយមាស៦ នៅកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នឹងប្រជែងក្នុងវិញ្ញាសាហែលបណ្តាក់ចម្រុះចម្ងាយ១០០ម៉ែត្រ។


កីឡាការិនីវ័យ ២០ ឆ្នាំរូបនេះ បានឈ្នះការហែលមេអំបៅចម្ងាយ ១០០ ម៉ែត្រ ក្នុងការប្រកួតសាកល្បងកីឡាអូឡាំពិកនៅប្រទេសជប៉ុនដោយប្រើថេរវេលា ៥៧.៧៧ វិនាទី។ តាមរយៈជ័យជម្នះនេះ Ikee នឹងត្រូវចូលរួមជាមួយក្រុមហែលបណ្តាក់ចម្រុះ១០០ម៉ែត្រនៅវេនហែលមេអំបៅនៅអូឡាំពិក។
 
Ikee ដែលអាក់ខានបង្ហាញខ្លួនក្នុងអាងទឹករយៈពេល២ឆ្នាំដោយសារជំងឺមហារីកគ្រាប់ឈាម បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយជាប់វគ្គជម្រុះនេះ។ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយក៏ភ្ញាក់ផ្អើលខ្លាំងផងដែរ។ ខ្ញុំមិនគិតថា ខ្ញុំមានឱកាសចូលរួមហែលវិញ្ញាសាមេអំបៅនៅអូឡាំពិកទាល់តែសោះ»។ 
 
ម្ចាស់ឈ្នះមេដាយមាស៦ និងប្រាក់២ ក្នុងប្រវត្តិសាស្ត្រនៅកីឡាអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី បានត្រឡប់ចូលហ្វឹកហាត់សារជាថ្មីវិញកាលពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីចំណាយពេលប្រមាណ១០ខែនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល់ជំងឺមហារីករបស់នាង។
 
ក្រៅពីចូលរួមវិញ្ញាសាហែលបណ្តាក់នៅអូឡាំពិក កីឡាការិនីជប៉ុនដ៏ស្រស់ស្អាតរូបនេះ នៅមានឱកាសប្រជែងយកតំណែងប្រកួតក្នុងវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រដែលធ្លាប់ឈ្នះមេដាយមាសនោះថែមទៀត ប្រសិនបើនាងឈ្នះវគ្គជម្រុះនៅសប្តាហ៍នេះ។ 
 
យ៉ាងណាក៏ដោយ Ikee អះអាងថា បើទោះជាខ្លួនបានចូលរួមត្រឹមមួយវិញ្ញាសាក៏ដោយ ប៉ុន្តែរូបគេនឹងយកវាជាបទពិសោធន៍ថ្មីដើម្បីត្រួសត្រាយផ្លូវឱ្យខ្លួនអាចឈានទៅប្រជែងក្នុងពានរង្វាន់ធំៗ និងនៅអូឡាំពិកនាព្រឹត្តិការណ៍បន្តបន្ទាប់ទៀត៕
 

Tag:
 Rikako Ikee
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com