អន្តរជាតិ
ដំណើរជាង១៥០ឆ្នាំនៃការបង្កើតអំពូលភ្លើង
× ទាន ចង្កៀងប្រេងកាត អុស ឬក្រដាសជាដើមត្រូវបានមនុស្សប្រើប្រាស់ដើម្បីរបង្កើតពន្លឺអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ វាគឺជាមធ្យោបាយដ៏សាមញ្ញមួយក្នុងការទាញយកពន្លឺក្នុងកន្លែងងងឹត ចម្អិនអាហារ ការពារពីភាពរងារ ឬដើម្បីការពារពីសត្វព្រៃកាចសាហាវនានាផង។ ប៉ុន្តែរយៈពេលប្រមាណជា១៥០ឆ្នាំមុន ការប្រើប្រាស់ពន្លឺរបស់មនុស្សត្រូវបានផ្លាស់ប្តូរទាំងស្រុងដោយការរកឃើញនូវចង្កៀងអំពូលភ្លើងអគ្គីសនី។
ខាងក្រោមនេះគឺជាការបកស្រាយខ្លីៗចេញពីការផ្លាស់ប្តូរនេះដោយផ្អែកលើគេហទំព័រ energy.gov៖
ដូចគ្នាដែរជាមួយនឹងរបកកំហើញដទៃផ្សេងៗដែរ អំពូលភ្លើងអគ្គីសនីមិនមែនត្រូវបានរកឃើញដោយមនុស្សតែម្នាក់នោះទេ តែវាជាការរកឃើញដោយអ្នកប្រាជ្ញជាច្រើននាក់ក្នុងរយៈពេលជិតពីរសតវត្សមកនេះ។ មុនចុងឆ្នាំ១៨០០ អ្នកជំនាញមួយចំនួនមកពីប្រទេសអង់គ្លេសបានពិសោធន៍ជុំវិញការប្រើប្រាស់អគ្គីសនីឲ្យរត់ឆ្លងកាត់សរសៃលោហៈដែលមានរាងស្រួច (Arc) ដើម្បីបង្កើតពន្លឺ។
ការពិសោធន៍នេះត្រូវបានគេធ្វើឡើងដំបូងនៅក្នុងឆ្នាំ១៨៣៥។ ក្នុងរយៈពេល៤០ឆ្នាំក្រោយមក អ្នកជំនាញជាច្រើននាក់ទៀតនៅក្នុងពិភពលោកបានធ្វើតេស្តទៅលើការច្នៃប្រឌិតប្រើប្រាស់សរសៃលោហៈដែលបញ្ចេញពន្លឺ និងកែវអំពូលដែលសរសៃលោហៈនោះស្ថិតនៅខាងក្នុង។ បើទោះបីជាយ៉ាងណាក៏ដោយ អំពូលភ្លើងពងមាន់អគ្គីសនីក្នុងសម័យកាលនោះមិនដំណើរការបានយូរអង្វែងនោះទេ។ លើសពីនេះ វាមានតម្លៃថ្លៃ និងស៊ីភ្លើងច្រើន។
លោក Thomas Edison (១៨៤៧-១៩៣១) ដែលជាអ្នករុករកថ្មីដ៏ល្បីល្បាញជនជាតិអាមេរិកម្នាក់បានសង្កត់ធ្ងន់ក្នុងការរៀបចំសរសៃលោហៈនៅក្នុងអំពូលភ្លើងនោះឲ្យបានល្អប្រសើរជាងមុន។ គាត់បានប្រើប្រាស់សារធាតុផ្សេងៗគ្នា មានដូចជា កាបូន ឬប្លាទីន។
នៅក្នុងឆ្នាំ១៨៩៧ លោក Edison បានបង្កើតអំពូលភ្លើងមួយប្រភេទដែលអាចបំភ្លឺបានរហូតទៅជាង១៤ម៉ោង។ ក្រោយមក ជាមួយនឹងការសិក្សា និងអភិវឌ្ឍបន្ថែម អំពូលភ្លើងរបស់លោក Edison មានសមត្ថភាពក្នុងការបញ្ចេញពន្លឺរហូតទៅដល់ប្រមាណជា១២០០ម៉ោង។ លោក Edison មិនបានបញ្ឈប់ការរុករករបស់លោកនៅត្រឹមនេះនោះទេ។ ក្នុងឆ្នាំ១៨៨២ លោកបានរុករកវិធីសាស្រ្តក្នុងការបង្កើតអគ្គីសនីពីកន្លែងដើមមួយ និងចែកចាយកម្លាំងអគ្គីសនីទាំងនោះទៅកាន់តំបន់ផ្សេងៗតាមរយៈខ្សែចម្លងចរន្តអគ្គីសនី។ ក្នុងឆ្នាំ១៩០៤ អ្នកជំនាញនៅក្នុងទ្វីបអឺរ៉ុបបានប្រើប្រាស់លោហៈ«តង់ស្តែន» (Tungsten) ទៅកាន់សរសៃលោហៈនៅក្នុងអំពូល។
លោហៈនេះងាយរងកំដៅ និងមានអាយុកាលយូរជាបច្ចេកវិទ្យាពីមុនៗ។ ក្នុងឆ្នាំ១៩១៣ លោក Irving Langmuir បានប្រើប្រាស់ឧស្ម័នដូចជាអាសូននៅក្នុងកែវអំពូលភ្លើងដើម្បី ឲ្យអំពូលមានអាយុច្រើនជាងមុន។ នៅដើមឆ្នាំ១៩០០ លោក Peter Cooper Hewitt បានបង្កើតបច្ចេកវិទ្យាអំពូលម៉ែត្រជាលើកដំបូង។ អំពូលម៉ែត្ររបស់លោកមានសមត្ថភាពខ្ពស់ជាងអំពូលភ្លើងពងមាន់។
នៅក្នុងពេលបច្ចុប្បន្ននេះ អំពូលភ្លើងភាគច្រើនបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេដែលត្រូវបានគេហៅថា LED ឬ Light Emitting Diode ។ វាប្រើប្រាស់ឧបករណ៍«សេមី កុងឌុចទ័រ» (Semi-conductor) ក្នុងការបម្លែងចរន្តអគ្គីសនីទៅជាពន្លឺ។ LED មានលក្ខណៈតូច ចំណាយភ្លើងតិច និងអាចបញ្ចេញពន្លឺបានច្បាស់ និងមុតល្អ៕
Tag:
អន្តរជាតិ
ចំណេះដឹងទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com