COVID-19
ជាតិ
មន្រ្តីមិនចាក់វ៉ាក់សាំង អាចត្រូវដកចេញពីការងាររដ្ឋ ហើយមន្រ្តីថ្មី ដែលអាចប្រឡងចូលរដ្ឋ លុះត្រាតែបានចាក់វ៉ាក់សាំង
06, Apr 2021 , 11:45 pm        
រូបភាព
សម្តេច ហ៊ុន សែន ទៅចាក់វ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត កាលដើមខែមីនា ឆ្នាំ២០២១។ រូបពី AFP
សម្តេច ហ៊ុន សែន ទៅចាក់វ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត កាលដើមខែមីនា ឆ្នាំ២០២១។ រូបពី AFP
អ្នកមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រឈមនឹងការបាត់បង់ការងារក្នុងស្ថាប័នរដ្ឋ ខណៈអ្នក ដែលចង់ប្រឡងចូលបម្រើការងាររដ្ឋ ត្រូវតម្រូវឲ្យចាក់វ៉ាក់សាំងជាមុនសិន។



ម៉ោងជិត១១យប់ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារជាសំឡេងរបស់ខ្លួនថ្មីមួយទៀត លើទំព័រហ្វេសប៊ុក។ ស្ទើរតែទាំងស្រុងនៃសំឡេងជិត២០នាទីនេះ គឺសម្តេចនាយករដ្ឋមន្រ្តី និយាយពីការចាក់វ៉ាក់សាំងលើមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

សម្តេចនាយករដ្ឋមន្រ្តី ផ្ញើសារបែបព្រមានទៅកាន់មន្រ្តីនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ថា ដ្បិតការចាក់វ៉ាក់សាំង ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត តែបើអ្នកណា មិនចាក់ គឺដេកនៅផ្ទះចុះ ដោយមិនចាំបាច់ចូលទៅធ្វើការក្នុងក្រសួង-ស្ថាប័នរបស់ខ្លួនទៀតទេ។

សារនេះ សម្តេច ចង់មានន័យថា មន្រ្តីនិងកងកម្លាំងប្រដាប់អាវុធណា មិនព្រមចាក់វ៉ាក់សាំង នឹងប្រឈមការដកចេញពីក្របខ័ណ្ឌរដ្ឋ។ សម្តេច លើកហេតុផលថា បើគ្រាន់តែចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនឯង និងដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនអាចធ្វើបានផង ដូច្នេះ បុគ្គលនោះ មិនចាំបាច់បន្តធ្វើជាមន្រ្តីឬធ្វើជាកងកម្លាំងប្រដាប់អាវុធទៀតឡើយ។ 

ប្រមុខរដ្ឋាភិបាល និយាយក្នុងលក្ខណៈម៉ឺងម៉ាត់យ៉ាងដូច្នេះថា៖«បើមិនមកចាក់ [វ៉ាក់សាំង] ដោយស្ម័គ្រចិត្តទេ ថ្ងៃក្រោយ លោក លោកស្រី ឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាសបានចូលទៅកាន់ក្រសួង [ស្ថាប័ន] ទៀតដែរ ព្រោះថា អ្នកនៅក្នុងក្រសួង [ស្ថាប័ន] ភាគច្រើន គេខ្លាចការឆ្លងរោគពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមិនបានចាក់វ៉ាក់សាំង»។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ប្រកាសថា អ្នក ដែលចង់ប្រឡងចូលបម្រើការងាររដ្ឋ ត្រូវតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាមុន។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«សូម្បីតែមន្រ្តីរាជការ ដែលត្រូវជ្រើសរើសថ្មី មន្រ្តីជាប់កិច្ចសន្យា ដែលត្រូវជ្រើសរើសថ្មី ត្រូវតែមានលក្ខខណ្ឌមួយតម្រូវជាចាំបាច់ គឺត្រូវបានចាក់វ៉ាក់សាំងរួចហើយ ទើបអនុញ្ញាតឲ្យជ្រើសរើសចូលក្របខ័ណ្ឌ ឬប្រឡងចូលក្របខ័ណ្ឌ [រដ្ឋ]»។

ចំពោះអ្នកដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យ បញ្ជាក់ថា មិនអាចចាក់វ៉ាក់សាំងបាន គឺត្រូវលើកលែងនិងទទួលបានការយោគយល់។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល អះអាងថា មកដល់ពេលនេះ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធភាគច្រើន បានចាក់វ៉ាក់សាំង ដោយនៅតែមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនតូចប៉ុណ្ណោះ ដែលព្យាយាមគេចវេះមិនចាក់វ៉ាក់សាំង។ ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យរដ្ឋមន្រ្តី ប្រធានស្ថាប័ន ប្រធានអង្គភាព ធ្វើបញ្ជីកត់ឈ្មោះមន្រ្តីណាបានចាក់វ៉ាក់សាំង និងមន្រ្តីណា មិនបានចាក់វ៉ាក់សាំង។ 

សម្តេច ហ៊ុន សែន ថ្លែងទៀតថា ទៅថ្ងៃមុខ រដ្ឋាភិបាល អាចនឹងណែនាំឲ្យក្រសួង-ស្ថាប័ន ធ្វើស្លាកសញ្ញា ដែលសម្គាល់ថា មន្រ្តីណា កងកម្លាំងប្រដាប់អាវុធណា បានចាក់វ៉ាក់សាំងនិងមិនទាន់បានចាក់វ៉ាក់សាំង។ សម្តេច បកស្រាយថា៖«បញ្ហាដែលខ្ញុំ ចង់និយាយនេះ មិនមែនជាការរើសអើងរវាងអ្នកចាក់វ៉ាក់សាំងនិងអ្នកមិនបានចាក់វ៉ាក់សាំងទេ ប៉ុន្តែ អ្វីដែលខ្ញុំ ចង់និយាយនេះ គឺចង់សំដៅធ្វើឲ្យទាំងអស់គ្នារួមចំណែក ដើម្បីទប់ស្កាត់កូវីដ-១៩»។

មេដឹកនាំកម្ពុជា ប្រឹងជំរុញយ៉ាងខ្លាំងក្លា ឲ្យមន្រ្តី និងកងកម្លាំងប្រដាប់អាវុធ ទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះតែចង់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ឲ្យទាន់ពេលវេលា។ មេដឹកនាំកម្ពុជារូបនេះ ជូនសារទៅមន្រ្តីថា ខ្លួន មិនចង់ឲ្យស្ថានការណ៍ ស្ថិតក្នុងភាពលំបាកទៅហើយ ទើបចាប់ផ្តើមស្រោចស្រង់មកវិញនោះទេ។

បើតាមសម្តីរបស់នាយករដ្ឋមន្រ្តី នាពេលខាងមុខ ការចាក់វ៉ាក់សាំងនៅកម្ពុជា អាចនឹងក្លាយជាកាតព្វកិច្ច មានន័យថា មន្រ្តី កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនទូទៅ ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយលើកលែងតែអ្នក ដែលមានបញ្ហាសុខភាព ឬអ្នកដែលស្ថិតក្នុងលក្ខខណ្ឌមិនអាចចាក់បាន។ បច្ចុប្បន្ន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕

Tag:
 COVID-19
  ចាក់វ៉ាក់សាំង
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com