ជាតិ
សុខភាព
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឆ្លង COVID-19
07, Apr 2021 , 9:40 am        
រូបភាព
ភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានកូវីដ-១៩(COVID-19)។ រដ្ឋលេខាធិការដែលឆ្លងកូវីដ-១៩រូបនេះ មានវ័យ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈបច្ចុប្បន្ន ក្រសួងជំនាញកំពុងស្វែងរកអ្នកដែលពាក់ព័ន្ធ។

 
 
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៧មេសា ថា៖«មកដល់ពេលនេះ យើងមិនទាន់ដឹងថាមានមនុស្សនៅក្នុងក្រសួងយើងប៉ុន្មាននាក់មានជាប់ពាក់ព័ន្ធនឹងគាត់ទេ[លោក ម៉ៅ អាយុទ្ធ]។ យើងកំពុងស្រាវជ្រាវ ថាគាត់ បានមកក្រសួងព័ត៌មាននៅថ្ងៃណា? ហើយគាត់បានជួបនរណាខ្លះ?»។
 
 
អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមឱ្យធ្វើចត្តាឡីស័ក និងទៅយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩។ 
 
កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២,៩១៥នាក់ ដោយក្នុងនោះ២,៣៨៣នាក់ ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៨២៤បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់២២នាក់ រីឯ៤នាក់ផ្សេងទៀត ស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com