UCL៖ គ្រូ Liverpool ថា ចាញ់ Real Madrid ដោយសារកូនក្រុមមើលស្រាលគូប្រជែង
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្រូ Liverpool ថា ចាញ់ Real Madrid ដោយសារកូនក្រុមមើលស្រាលគូប្រជែង
07, Apr 2021 , 10:04 am        
រូបភាព
Real Madrid បានយកឈ្នះ Liverpool ៣-១ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League បើទោះអវត្តមានខ្សែការពារសំខាន់ Sergio Ramos និង Raphael Varane។ លោក Jurgen Klopp និយាយថា បរាជ័យនេះដោយសារកូនក្រុមរបស់លោកមើលគូប្រកួត ប៉ុន្តែនៅតែជឿជាក់លើ Liverpool អាចវាយបកយកឈ្នះពេលត្រឡប់ទៅ Anfield នៅជើងទី២។


 
នាជំនួបជើងទី១ នៅរាត្រីថ្ងៃទី៦ ខែមេសា Toni Kroos បានបញ្ជូនបាល់យ៉ាងល្អទៅឱ្យ Vinicius Junior សម្រេចទីនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទី២៧ មុនពេល Marco Asensio បន្ថែមគ្រាប់ទី២នៅ៩នាទីបន្ទាប់។ 
 
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៦នាទី Mohamed Salah តាមបាន១គ្រាប់ឱ្យ Liverpool វិញ ពោលគឺត្រឹម៩នាទីប៉ុណ្ណោះមុនពេល Vinicius Junior ធ្វើបានគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់បាល់ដើម្បីជួយអធិរាជសយកឈ្នះហង្សក្រហម ៣-១។ 
 
លទ្ធផលនេះ មិនខុសពីលទ្ធផលកាលពីក្រុមទាំងពីធ្លាប់ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ៣ឆ្នាំមុនឡើយ ខណៈជំនួបនេះ ក្រុមលោក Zinedine Zidane បាត់ខ្សែការពារសំខាន់ដល់ទីពីររូបដូចជាប្រធានក្រុម Sogio Ramos របួសជើង និង Raphael Varane ឆ្លងកូវីដ-១៩។


 
អ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp មើលឃើញពីកំហុសរបស់កូនក្រុមកើនឡើងច្រើននៅវគ្គទី១។ លោកប្រាប់កាសែត BT Sport ក្រោយចប់ការប្រកួតថា៖ «យើងធ្វើមិនបានល្អទាល់តែសោះនៅរាត្រីនេះ ជាពិសេសនៅក្នុងតង់ទី១។ យើងមិនបានបង្កការលំបាកឱ្យក្រុម Real Madrid ហើយថែមទាំងផ្តល់ភាពងាយស្រួលដល់ពួកគេទៅទៀត។ យើងហាក់ដូចជាមើលស្រាលគូប្រជែងពេកហើយ»។
 
យ៉ាងណាក៏ដោយអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ នៅតែជឿជាក់លើកូនក្រុម ជាពិសេសខ្សែប្រយុទ្ធឆ្នើម Salah ក្នុងការវាយបកឈ្នះនៅជំនួបជើងទីពីរនៅទឹកដីខ្លួន ដើម្បីនាំ Liverpool បន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបរដូវកាល ២០២០-២១នេះ។
 
ដោយឡែកលទ្ធផលមួយគូទៀត Manchester City បានយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ដោយលទ្ធផល ២-១។ ពីរគ្រាប់របស់ Man City ធ្វើបានដោយ Kevin De Bruyne និង Phil Foden ឯមួយគ្រាប់របស់ Dortmund សម្រេចទីដោយប្រធានក្រុម Marco Reus។ ជំនួបជើងទី២នឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕
 

Tag:
 Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com