អន្តរជាតិ
ចិន កាត់ទោសប្រហារជីវិតអតីតមន្រ្តីរដ្ឋាភិបាលជាជនជាតិវីហ្គ័រពីរនាក់ពីបទផ្ដាច់ខ្លួន
07, Apr 2021 , 5:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
អតីតមន្រ្តីរដ្ឋាភិបាលចិនពីនាក់ដែលជាជនជាតិវីហ្គ័រនៅតំបន់ស៊ីនជាំង ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយត្រូវចោទពីបទប្រព្រឹត្តសកម្មភាពផ្តាច់ទឹកដី។ នេះបើតាមការអះអាងរបស់តុលារការចិន។ ការកាត់ទោសនេះ ធ្វើឡើងស្របពេលចិន កំពុងរងការចោទពីសហគមន៍អន្តរជាតិ ជុំវិញការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចមូស្លីមវីហ្គ័រ។

 
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៦ ខែមេសា លើវេបសាយនៃរដ្ឋាភិបាលតំបន់ស៊ីងជាំង លោក Shirzat Bawudun អតីតប្រធាននាយកដ្ឋានយុត្តិធម៌តំបន់ស៊ីងជាំង ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ប៉ុន្តែទោសនេះ ត្រូវពន្យារការអនុវត្តពីរឆ្នាំ។ លោក Bawudun ត្រូវជាប់ទោសពី «បទបំបែកទឹកដី» ព្រោះបានចូលរួមជាសម្ងាត់ជាមួយក្រុមភេរវករ ទទួលសំណូក និងប្រព្រឹត្តសកម្មភាពផ្សេងៗទាក់ទិននឹងសកម្មភាពផ្តាច់ទឹកដី។ បុរសរូបនេះបានទទួលសំណូកចំនួន ១,៧លានដុល្លារ។ 
 
លោក Wang Langtao អនុប្រធានតុលាការប្រជាជនជាន់ខ្ពស់តំបន់ស៊ីនជាំង អះអាងថា លោក Bawudun ត្រូវបានរកឃើញចូលរួមជាមួយចលនា East Turkestan ជាក្រុមភេរវករ ក្នុងបញ្ជីខ្មៅដោយអង្គការសហប្រជាជាតិ (UN)។ ជាមួយគ្នានេះ អតីតប្រធាននាយករដ្ឋយុត្តិធម៌រូបនេះ ក៏ត្រូវជាប់ចោទផ្តល់ព័ត៌មានមួយចំនួនទៅឱ្យកម្លាំងបរទេស និងអនុវត្តសកម្មភាពសាសនាខុសច្បាប់នៅក្នុងអាពាហ៍ពិពាហ៍កូនស្រីរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
ក្រុម East Turkestan នេះ ត្រូវបានអាមេរិក លុបឈ្មោះចេញពីបញ្ជីខ្មៅរបស់ខ្លួនហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារគ្មានភស្តុតាងក្រុមមួយនេះ នៅតែមានវត្តមាន។
 
អតីតមន្រ្តីប្រចាំស៊ីនជាំងម្នាក់ទៀតឈ្មោះ Sattar Sawut ក៏ត្រូវកាត់ទោសប្រហារជីវិតដែរ។ លោក Sawut  ដែលជាអតីតប្រធាននាយកដ្ឋានអប់រំនៅក្នុងតំបន់ ត្រូវចោទទាក់ទិននឹងបទឧក្រិដ្ឋផ្តាច់ទឹកដី និងទទួលសំណូក។ តុលាការអះអាងថា លោកបានទទួលសំណូកចំនួន ២,៣លានដុល្លារ។  ទោសប្រហារជីវិតរបស់លោក ក៏ត្រូវពន្យារការអនុវត្តរយៈពេល ពីរឆ្នាំផងដែរ។ 
 
បើតាមតុលាការតំបន់ស៊ីងជាំង លោក Sawut បានបោះពុម្ភ សៀវភៅដែលសរសេរពីចលនាផ្តាច់ទឹកដីរបស់ជនជាតិភាគតិច ហិង្សា ភេរវកម្ម និងសាសនាជ្រុលនិយមទៅជាភាសាជនជាតិភាគតិច។ លោកបានបោះពុម្ភសៀវភៅបែបនេះ សម្រាប់សាលាបឋម និងអនុវិទ្យាល័យ តាំងពីឆ្នាំ២០០២ មក។ តុលាការស៊ីនជាំងអះអាងថា សៀវភៅបែបនេះ ធ្វើឱ្យមនុស្សមួយចំនួនចូលរួមវាយប្រហារនៅក្នុងទីក្រុង Urumqi នៅក្នុងឆ្នាំ២០០៩ ដែលបង្កឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២០០នាក់។ 
 
ក្នុងរយៈពេល ២ឆ្នាំនេះ ប្រសិនបើអ្នកទាំងពីរ មិនត្រូវបានអាជ្ញាធររកឃើញមានភស្តុតាងផ្សេងពាក់ព័ន្ធនឹងបទល្មើសទាក់ទិននឹងការផ្តាច់ទឹកដី ហើយធ្វើសកម្មភាពល្អវិញ តុលាការ អាចសម្រាលទោសប្រហារជីវិតទៅជាទោសជាប់ពន្ធនាគារមួយជីវិតវិញុ។ អ្នកទាំងពីរក៏បានសារភាពកំហុសរបស់ខ្លួនដែរ និងអះអាងថា នឹងមិនដាក់ពាក្យបណ្តឹងតទៅតុលាការឧទ្ធរណ៍ឡើយ។
 
នៅក្នុងឆ្នាំ២០១៤ ចិនបានដាក់ពន្ធនាគារ លោក Ilham Tohti ដែលជាសេដ្ឋកិច្ចវិទូ ឱ្យជាប់ពិន្ធនាគារអស់មួយជីវិត ពាក់បទចោទទាក់ទិននឹងការផ្តាច់ទឹកដីផងដែរ។
កន្លងមកសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស បានចោទថា ចិនឃុំខ្លួនជនជាតិភាគតិចវីហ្គ័រ និងជនជាតិមូស្លីមផ្សេងទៀត យ៉ាងហោចណាស់ ១លាននាក់ នៅក្នុងមណ្ឌលកែប្រែឡើងវិញជាច្រើនកន្លែង។ 
 
ថ្មីៗនេះ ចិន និងប្រទេសលោកខាងលិច ដូចជាសហភាពអឺរ៉ុប អាមេរិកជាដើម បានដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកជុំវិញបញ្ហាខាងលើ។ អាមេរិក ថែមទាំងអះអាងថា ចិនរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ស៊ីងជាំង ខណៈចិនអះអាងថា ចំណាត់ការរបស់ខ្លួន គ្រាន់តែជាការទប់ស្កាត់ និងប្រឆាំងគំនិតភេរវកម្មប៉ុណ្ណោះ៕ 
 

Tag:
 ចិន
  វីហ្គ័រ
© រក្សាសិទ្ធិដោយ thmeythmey.com