ជាតិ
ចូលឆ្នាំខ្មែរ៖ លោក ហ៊ុន ម៉ានី លើកទឹកចិត្តពលរដ្ឋខ្មែរឱ្យរួមគ្នាបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
07, Apr 2021 , 7:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកផេកលោក ហ៊ុន ម៉ានី
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានយកឱកាសនៃការជូនពរជនរួមជាតិក្នុងពិធីចូលឆ្នាំខ្មែរ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់រួមគ្នាយកឈ្នះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលនេះ។


គឺតាមរយៈសារជាវីដេអូ៦នាទី ដែលលោក ហ៊ុន ម៉ានី ជំរុញពលរដ្ឋខ្មែរទាំងអស់ឱ្យបន្តពួតដៃគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបាននិយាយថ្លែងអំណរគុណដល់រដ្ឋាភិបាល អាជ្ញាធរ និងពិសេសក្រុមគ្រូពេទ្យ កំពុងបំពេញការងារដោយការទទួលខុសត្រូវ។
 
តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅក្នុងសាររបស់ខ្លួនដដែលនោះ បានថ្លែងទទួលស្គាល់អំពីផលប៉ះពាល់ធ្ងន់ធ្ងរលើគ្រប់វិស័យ រួមទាំងជីវិតប្រចាំថ្ងៃរបស់ប្រជាជនផងដែរ ចាប់តាំងពីមានវត្តមាននៃជំងឺរាតត្បាតសាកលកូវីដ-១៩នេះ នៅកម្ពុជា។ 


រូបភាពពីហ្វេសប៊ុកផេកលោក ហ៊ុន ម៉ានី 

«ការលំបាកទាំងអស់ដែលយើងបានជួបកន្លងមក ក៏ដូចជាក្នុងពេលនេះផ្ទាល់ ទាមទារឱ្យយើងទាំងអស់គ្នា រក្សាភាពរឹងមាំ ទាំងស្មារតី និងកម្លាំង ចូលរួមគោរពតាមការណែនាំរបស់រដ្ឋាភិបាល»។ លោក ហ៊ុន ម៉ានី បានអំពាវនាវយ៉ាងនេះនៅក្នុងសារវីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក។
 
ដើម្បីលើកទឹកចិត្ត និងជំរុញការចូលរួមរបស់ពលរដ្ឋ លោក ម៉ានី ក៏បានរំឭកដល់ព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកាកន្លងមក ដែលត្រូវបានគ្រប់គ្រង និងបញ្ចប់ដោយវិធានការសុខាភិបាល និងរបស់រដ្ឋាភិបាល។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកត់សម្គាល់ថា រដ្ឋាភិបាល បានកំណត់ និងអនុវត្តវិធានការគ្រប់គ្រងសភាពការណ៍ដោយត្រឹមត្រូវ ហ្មត់ចត់បំផុត ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។
 
«ភាពជោគជ័យនេះ គឺមិនអាចកាត់ផ្ដាច់ពីការចូលរួមរបស់យើងទាំងអស់គ្នា។ ព្រោះថាមូលដ្ឋាននៃការយកឈ្នះលើស្ថានភាព និងសភាពការណ៍លំបាក គឺការរួបរួម និងការសាមគ្គីគ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរទាំងមូល»។ នេះជាការយល់ឃើញរបស់លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាជន។ ត្រង់ចំណុចនេះ លោក ម៉ានី មិនបានភ្លេចអរគុណដល់ក្រុមគ្រូពេទ្យជួរមុខដែលកំពុងបំពេញភារកិច្ចដោយស្មារតី និងមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីសង្គ្រោះជីវិតពលរដ្ឋអ្នកឆ្លងមេរោគកូវីដ-១៩។
 
ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ធ្លាប់បានណែនាំដល់សមាជិករាជធានីខេត្ត បន្តជួយ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាការអប់រំ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះ៕
 
 
 
 

Tag:
 ហ៊ុន ម៉ានី
  COVID-19
  សសយក
© រក្សាសិទ្ធិដោយ thmeythmey.com