កីឡាអន្តរជាតិ
អន្តរជាតិ
កូវីដ-១៩ ធ្វើឱ្យ Man City បាត់ចំណូលជិត២០០លានដុល្លារកាលពីរដូវកាលមុន
× ក្លិប Manchester City នៅថ្ងៃទី៦ ខែមេសា បានប្រកាសខាតបង់ប្រាក់ចំនួន១២៦លានផោន (១៧៥ លានដុល្លារអាមេរិក) នៅរដូវកាល ២០១៩-២០២០ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់វេបសាយផ្លូវការ Man City ។
ប្រាក់ចំណូលរបស់ក្លិបរហស្សនាមមេឃខៀវបានធ្លាក់ចុះ ១១ភាគរយ ពោលគឺសល់ត្រឹម ៤៧៨,៤ លានផោន (៦៦១លានដុល្លារ) ក្នុងអំឡុងការប្រកួតកាលពីរដូវកាលមុន ដែលត្រូវបានផ្អាកកាលពីខែមីនា និងបន្តវិញក្រោមលក្ខខណ្ឌបិទទ្វារកីឡដ្ឋានរហូតចប់រដូវកាល។
ការខាតបង់នេះបណ្តាលមកពីបាត់ចំណូលពីការលក់សំបុតទស្សនាការប្រកួត និងថ្លៃផ្សាយការប្រកួតពីក្រុមហ៊ុនទូរទស្សន៍ ខណៈទទួលបានប្រាក់មួយចំនួនក្នុងយុទ្ធនាការការប្រកួត Premier League ក្របខណ្ឌ Champions League និង FA Cup ប៉ុណ្ណោះ។
ប្រាក់ចំណូលដែលទទួលបានពីការលក់កីឡាករដូចជា Leroy Sane ទៅ Bayern Munich ក្នុងតម្លៃ ៤៥ លានផោន (៥៣ លានដុល្លារអាមេរិក) ក៏ត្រូវបានពន្យាពេល និងមិនបង្ហាញនៅក្នុងគណនីឆ្នាំ ២០១៩-២០ ដែរ។
ទោះបាត់ចំណូលចំនួន ១៧៥ លានដុល្លាររដូវកាលមុន ប៉ុន្តែក្លិបដែលកាន់កាន់ដោយសេដ្ឋីប្រេងមួយនេះរំពឹងថានឹងទទួលបានប្រាក់ចំណេញឡើងវិញនៅរដូវកាល ២០២០-២១ បើទោះជំងឺកូវីដ-១៩ នៅរាតត្បាតក្តី។
ផ្ទុយទៅវិញ Chelsea បានបង្ហាញប្រាក់ចំណេញរបស់ខ្លួនចំនួន ៤៥លានដុល្លារ កាលពីឆ្នាំមុន ខណៈ Arsenal ប្រកាសថាក្លិបខាតអស់ ៦៦លានដុល្លារ ដោយសារវិបត្តិកូវីដ-១៩៕
Tag:
Manchester City
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com