COVID-19
ជាតិ
កម្មករនៅរោងចក្រ ឌីន ហាន ៥០នាក់ ឆ្លងកូវីដ-១៩ មន្ត្រីជំនាញក្រសួងសុខាភិបាល កំពុងធ្វើតេស្តសំណាក កម្មករនៅរោងចក្រ ឌីនហាន នៅយប់ថ្ងៃទី៧ មេសា ។ រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉េង វិមានដារា អធិការនគរបាលខណ្ឌមានជ័យ។
× ភ្នំពេញ៖ នៅយប់ថ្ងៃទី៧មេសានេះ អាជ្ញាធររកឃើញកម្មករនៅរោងចក្រ ឌីន ហាន ឆ្លងកូវីដ-១៩ កើនដល់៥០នាក់ហើយ ខណៈដែលកម្មករសរុបក្នុងរោងចក្រមានជាង២,៥០០នាក់។
លោក ម៉េង វិមានដារា អធិការនគរបាលខណ្ឌមានជ័យបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅម៉ោងប្រមាណ៩យប់នេះ ថា៖ «អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រឌីន ហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ! គិតមកដល់ម៉ោងនេះគឺរកឃើញអ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់»។
កាលពីរសៀលថ្ងៃនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានអះអាងប្រាប់សារព័ត៌មានថ្មីៗដែរថា អាជ្ញាធរសម្រេចបិទរោងចក្រ ឌីន ហាន បណ្ដោះអាសន្ន ដោយសាររកឃើញកម្មករឆ្លងកូវីដ-១៩ ហើយអាចមានអ្នកពាក់ព័ន្ធច្រើន។
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com