COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មី១១៣នាក់ ស្លាប់២នាក់ទៀត និងសះស្បើយ៩០នាក់
08, Apr 2021 , 10:22 am        
រូបភាព
យុវតី២នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានវិជ្ជមានកូវីដ-១៩ ហើយត្រូវបានដឹកយកព្យាបាលនៅសណ្ឋាគារ The Great Duke ។ រូបថត Vimean Dara
យុវតី២នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានវិជ្ជមានកូវីដ-១៩ ហើយត្រូវបានដឹកយកព្យាបាលនៅសណ្ឋាគារ The Great Duke ។ រូបថត Vimean Dara
មនុស្ស១១៣នាក់ទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ស្លាប់២នាក់ និង៩០នាក់ បានជាសះស្បើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១។ ករណីភាគច្រើនបំផុត​នៅ​រាជធានីភ្នំពេញដែលមានដល់ទៅ១០៣នាក់។



ក្នុងចំណោម​ករណីថ្មីទាំង​១១៣ ភ្នំពេញមាន​១០៣នាក់ (ខ្មែរ​១០២នាក់ ចិន១នាក់), ស្វាយរៀង៣នាក់ (សុទ្ធតែជាជន​ជាតិខ្មែរនៅសង្កាត់បាវិត), ព្រះសីហនុ៣នាក់ (ជនជាតិខ្មែរនៅទំនប់រលក), កណ្តាល៣នាក់ (ជនជាតិចិន​នៅឃុំសំពៅពូន) និង​កំពត១នាក់ (ស្ត្រីវ័យ១៩ឆ្នាំនៅកំពង់ត្រាច)។

អ្នកជំងឺ​៩០នាក់​ដែលបានជាសះស្បើយ មាន​២នាក់ដែលមិនមែនជាករណីសហគមន៍ (ជនជាតិឥណ្ឌូណេស៊ីអាយុ២៧ឆ្នាំ និង​បុរសជនជាតិខ្មែរអាយុ៥៦ឆ្នាំ ដែលជាកងទ័ពមួកខៀវ)។ ៨៨នាក់ទៀតស្ថិតក្នុងសហគមន៍​២០កុម្ភៈ ក្នុងនោះ ៧នាក់ចេញពីសណ្ឋាគារក្រេតឌុក ១៦នាក់ពី​មជ្ឈមណ្ឌល​ជាតិកំចាត់ជំងឺ​របេង និងហង់សិន ២០នាក់ពីមន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ និង​៤៤នាក់ពី​សណ្ឋាគារសម័យថ្មីអន្តរជាតិ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ​ដែរ​ ក្រសួង​បាន​ចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីករណីស្លាប់​២នាក់ ដែលជាបុរសជនជាតិខ្មែរ​អាយុ៦៨​ឆ្នាំ និង​៤៩​ឆ្នាំ។ តាម​ការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បុរសអាយុ៦៨​ឆ្នាំ ដែលរស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ បាន​ស្លាប់​កាលពីថ្ងៃទី៧ ខែមេសា នា​វេលាម៉ោង​១ និង​៤០នាទីរំលងអាធ្រាត រីឯបុរសអាយុ៤៩​ឆ្នាំ នៅភូមិទ្រា​៣ ស្លាប់​នៅម៉ោង​១១ និង៥៥នាទីព្រឹក។

ការសន្និដ្ឋាន​របស់ក្រុមគ្រូពេទ្យ​បង្ហាញ ពួកគាត់​បាន​ស្លាប់បាត់បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ ធ្ងន់ធ្ងរដោយសារកូវីដ-១៩។

គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប៣០២៨នាក់ ក្នុងនោះ២៤៩៦នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១៩១៤បានជាសះស្បើយ ខណៈ អ្នកស្លាប់មាន​២៤នាក់។

ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com