កីឡាអន្តរជាតិ
អន្តរជាតិ
ទោះឈ្នះ Bayern ៣-២, Pochettino ព្រមានកូនក្រុម PSG ឱ្យប្រយ័ត្ននៅជើងទី២
08, Apr 2021 , 10:57 am        
រូបភាព
Kylian Mbappe រកបានពីរគ្រាប់ម្នាក់ឯងដើម្បីជួយ Paris St-Germain យកឈ្នះម្ចាស់ការពារជើងឯក Bayern Munich ៣-២ ក្នុងការប្រកួតជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់ Champions League។ លោក Mauricio Pochettino បានព្រមានកូនក្រុមរបស់លោកមិនត្រូវប្រហែសនៅជំនួបជើងទី២ជាដាច់ខាត បើទោះមានគ្រាប់បាល់ចំណេញក្រៅដី៣គ្រាប់ក៏ដោយ។


ជំនួបជើងទី១ នៅកីឡដ្ឋាន Allianz Arena នារាត្រីថ្ងៃទី៧ ខែមេសា ខ្សែប្រយុទ្ធ Mbappe បានចំណាយពេលត្រឹម៣នាទីប៉ុណ្ណោះដើម្បីសម្រេចទីឱ្យ PSG នាំមុខម្ចាស់ផ្ទះ Bayern Munich តាមរយៈការបញ្ជូនរបស់ Neymar។
 
តាមរយៈការបញ្ជូនបាល់ដ៏ល្អរបស់ Neymar ដដែល ខ្សែការពារ Marquinhos បានបន្ថែមគ្រាប់បាល់ទី២នៅនាទី២៨ មុនពេល Eric Maxim Choupo-Moting អតីតខ្សែប្រយុទ្ធក្រុមយក្សបារាំងតាមបាន១គ្រាប់វិញសម្រាប់ក្រុមយក្សអាល្លឺម៉ង់នៅ៩នាទីបន្ទាប់។
 
ចូលដល់វគ្គទី២ នៅនាទី៦០ Thomas Mueller រកគ្រាប់តាមស្មើឱ្យ Bayern Munich ២-២ វិញ ខណៈក្រុមទាំងពីរបង្កើនការវាយសម្រុកគ្នាយ៉ាងខ្លាំងក្លានៅក្នុងទីលានដែលពោពេញដោយដំណក់ព្រិល។ យ៉ាងណាក៏ដោយនៅក្រោយការតាមស្មើត្រឹម៨នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Mbappe បានបន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ជ័យជម្នះរបស់ PSG លើ Bayern Munich ៣-២។


 
នេះជាការសងសឹករបស់ PSG បន្ទាប់ពីពួកគេចាញ់ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Hansi Flick នៅវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។ បើទោះជាទទួលបានជ័យជម្នះនៅក្រៅដីក្នុងលទ្ធផល ៣-២ នេះក្តី ប៉ុន្តែលោក Pochettino នៅតែមានក្តីបារម្ភសម្រាប់ជំនួបជើងទីនៅ Parc des Princes ដែលជាជំនួបកាត់ក្តីថាក្រុមណាអាចបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ខណៈ Robert Lewandowski នឹងត្រូវអវត្តមានម្តងទៀត ប៉ុន្តែអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនជឿជាក់ថា Bayern Munich នៅតែមានលទ្ធភាពដាក់សម្ពាធលើក្រុមលោក។ Pochettino បានលើកយកប្រវត្តិសាស្ត្រខកចិត្តរបស់ក្រុម PSG ជាច្រើនលើកកន្លងមកជាពិសេសជាមួយ Barcelona ក្នុងក្របខណ្ឌកំពូលអឺរ៉ុប នេះតាមរយៈការវាយបកយកឈ្នះនៅជើងទី២។ 
លោក Pochettino បានប្រមានកូនក្រុមលោកមិនត្រូវប្រហែសឡើយសម្រាប់ជំនួបជើងទី២។ លទ្ធផលក្រៅដី ៣-២ នៅជើងទី១ មិនបានផ្តល់ភាពកក់ក្តៅសម្រាប់ក្រុម PSG នៅឡើយនោះទេ។
 
ដោយឡែក Chelsea ឯណោះវិញ ក៏ទទួលបានលទ្ធផលគាប់ប្រសើរនៅជើងទី១ផងដែរ ក្រោយឈ្នះ FC Porto ដល់ផ្ទះ ២-០ តាមរយៈការសម្រេចទីរបស់ Mason Mount និង Ben Chilwell។ ក្រុមដែលមានលោក Thomas Tuchel ជាអ្នកចាត់ការមានភាគរយៈខ្ពស់ដើម្បីបន្តទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រ ដ្បិតមានគ្រាប់ចំណេញក្រៅដី២គ្រាប់៕


 

Tag:
 Mauricio Pochettino
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com