ជាតិ
សង្គមជាតិ
មន្ត្រីសន្តិសុខ ភឿង ភិរៈ មានមេធាវី៥នាក់ការពារក្តីដោយឥតគិតថ្លៃ
08, Apr 2021 , 2:59 pm        
រូបភាព
លោក ភឿង ភិរៈ ជាមន្ត្រីសន្តិសុខ(រូបកណ្តាល)ដែលបានបាញ់បុរសម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី៦មេសា។ រូបថត៖ គណៈមេធាវីកម្ពុជា។
លោក ភឿង ភិរៈ ជាមន្ត្រីសន្តិសុខ(រូបកណ្តាល)ដែលបានបាញ់បុរសម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី៦មេសា។ រូបថត៖ គណៈមេធាវីកម្ពុជា។
ភ្នំពេញ៖ មេធាវីដល់ទៅ៥នាក់ ប្រកាសស្ម័គ្រចិត្តផ្តល់ការការពារក្តីដោយឥតគិតថ្លៃ ជូន លោក ភឿង ភិរៈ ជាសន្តិសុខរបស់ធនាគារ ABA នៅជិតស្តុបផ្សារដីហុយ ដែលបានប្រើកាំភ្លើងបាញ់ការពារខ្លួន បណ្តាឲ្យបុរសម្នាក់ស្លាប់ កាលពីម៉ោងជិត៩យប់ នាថ្ងៃទី៦មេសា ឆ្នាំ២០២១។ 

 
លោក ឈរ ស៊ុនហុង មេធាវីម្នាក់ ក្នុងចំណោមេធាវីស្ម័គ្រចិត្តទាំង៥នាក់របស់ក្រុមហ៊ុន មេធាវី ដ័ន & ដ័ន ភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា ការស្ម័គ្រចិត្តជាក្រុមបែបនេះ គឺដើម្បីបង្ហាញការគាំទ្រអស់ពីចិត្ត និងពេញទំហឹង ជូនលោក ភិរៈ ដែលមានសិទ្ធិក្នុងការការពារអាយុជីវិតរបស់ខ្លួន ពីជនរងគ្រោះ។
 
លោកមេធាវីរូបនេះ មានប្រសាសន៍ថា៖«ជាធម្មតារឿងក្តីមួយមានតែមេធាវីម្នាក់ គឺគ្រប់គ្រន់ហើយ ប៉ុន្តែអ្វីដែលយើងស័្មគ្រចិត្តជួយគាត់ [លោក ភឿង ភិរៈ] ជាក្រុមនេះ គឺ យើងមើលឃើញ គាត់មានសិទ្ធិការពារខ្លួនពីជនរងគ្រោះ ដែលមានបំណងយកកាបិតចាក់គាត់។ ពួកយើងនឹងជួយគាំទ្រគាត់អស់ពីចិត្ត ក្នុងការទទួលបានយុតិធម៌ តាមផ្លូវច្បាប់»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន មេធាវី ដ័ន & ដ័ន ភ្នំពេញ នាថ្ងៃទី៩មេសា បានឲ្យដឹងថា បច្ចុប្បន្ន មេធាវីទាំងនោះ កំពុងទាក់ទងចូលជួបលោក ភឿង ភិរៈ ដើម្បីបំពេញនីតិវិធីក្នុងការការពារក្តី។ 
 
លោក ភឿន ភិរៈ ដែលឋានន្តរស័ក្តិជាអនុសេនីយ៍ឯក ត្រូវបានចាត់តាំងទៅរក្សាសន្តិសុខ នៅខាងមុខធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក បានដកកាំភ្លើងខ្លីរបស់ខ្លួន បាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីម៉ោងជិត៩យប់ នាថ្ងៃទី៦មេសា ឆ្នាំ២០២១។ 
វីដេអូថតដោយកាមេរ៉ាសុវត្ថ្ថិភាព ដែលងបង្ហាញសកម្មសកម្មភាពលោក ភឿង ភិរៈ បាញ់ជនរងគ្រោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ បើតាមវីដេអូនោះ លោក ភឿង ភិរៈ ជាសន្តិសុខ និងបុរសជាជនរងគ្រោះ បានវាយប្រតប់គ្នា មុនការផ្ទុះអាវុធ។ ក្រោយពីវាយប្រតប់គ្នាហើយ ជនរងគ្រោះ បានកាន់កាំបិត ហើយចង្អុលទៅរកលោក ភឿង ភិរៈ ដែលកំពុងយាមនៅខាងមុខធនាគារ ABA។ 

បន្ទាប់មក ជនរងគ្រោះ បានកាន់កាំបិតនោះ ដើរតម្រង់ទៅរកលោក ភឿង ភិរៈ ដោយបង្ហាញសកម្មភាពចង់ចាក់លោក ភឿង ភិរៈ។ ពេលនោះ លោក ភឿង ភិរៈ បានទាញកាំភ្លើងតម្រង់ទៅជនរងគ្រោះ តែមិនទាន់បាញ់ភ្លាមៗនោះ។ ដោយសារតែជនរងគ្រោះ ចេះតែដើរទៅជិតខ្លួន ជាមួយនឹងដៃកាន់កាំបិត លោក ភឿង ភិរៈ ក៏បានបាញ់ទៅលើជនរងគ្រោះនោះតែម្តង។ 
 
ពលរដ្ឋនៅជិតកន្លែងកើតហេតុខាងលើ និយាយថា មូលេហេតុដែលធ្វើឱ្យមានការផ្ទុះអាវុធនេះ គឺដោយសារទំនាស់គ្នា រវាងក្រុមយុវជនទំនើង ដែលបានវាយគ្នានៅខាងមុខធនាគារ ABAនោះ ហើយលោក ភឿង ភិរៈ ដែលនៅរក្សាសន្តិសុខ បានហាមឃាត់ក្រុមយុវជនទាំងនោះ។ ក្រុមយុវជនទាំងនោះមិនស្តាប់លោក ភឿង ភិរៈ ឡើយ ហើយថែមទាំងខឹងសម្បារនឹងលោកថែមទៀត រហូតមានយុវជនម្នាក់ (ជនរងគ្រោះ) រត់ទៅយកកាំបិត ចង់ចាក់លោក ហើយធ្វើឲ្យលោក ត្រូវសម្រេចចិត្តបាញ់យុវជននោះ ក្រោមហេតុផលថា ដើម្បីការពារខ្លួន៕  
 

Tag:
 សន្តិសុខ
  លោក ភឿង ភិរៈ
© រក្សាសិទ្ធិដោយ thmeythmey.com