ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្លាប់ដឹងឬអត់? “ប្រទាលកន្ទុយក្រពើ” អាចដោះស្រាយបញ្ហាសម្រស់ច្រើនណាស់
08, Apr 2021 , 10:59 pm        
រូបភាព
ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានទឹកប្រទាលកន្ទុយក្រពើ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថារុក្ខជាតិនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពស្បែក។ ថាតើប្រទាលកន្ទុយក្រពើល្អយ៉ាងណាខ្លះទៅចំពោះស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីរក្សាស្បែក ៖

 
១. រូបមន្តសម្រាប់បញ្ហាស្បែកមុខខ្លាញ់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងរងចាំរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
 
២. រូបមន្តសម្រាប់ស្បែកមុខស្ងួត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ជាមួយទឹកដោះគោស្រស់និងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វមុននឹងលាបល្បាយលើស្បែក រួចទុកចោលបន្តិចសិនសឹមលាងសម្អាតចេញ។
 
៣. ស្ក្រាប់កម្ចាត់ស្បែកងាប់ៗ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រាកាហ្វេជាមួយស្ករស ១ស្លាបព្រាកាហ្វេ និងចេកទុំកិនម៉ដ្ឋ ១ផ្លែឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងកសម្រាប់រយៈពេលពី ២​ ទៅ ៣នាទី។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៤. រូបមន្តបំបាត់ស្នាមសង្វារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។
 
៥. រូបមន្តជួយឱ្យស្បែកស
 
លាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅរមៀតនិងជែលប្រទាលកន្ទុយក្រពើឱ្យក្លាយជាល្បាយខាប់ៗរួចលាបលើស្បែកសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច ។ អនុវត្តម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។
 
៦. រូបមន្តកម្ចាត់មុន
 
អ្វីដែលអ្នកត្រូ​វធ្វើ គឺលាយជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ចូលគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ ឬផ្នែកផ្សេងទៀតនៃរាងកាយដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៧. រូបមន្តបំបាត់ស្នាមអ៊ុចខ្មៅ
 
ចំពោះផ្ទៃមុខ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។ ចំពោះស្បែកត្រង់ដៃជើង ឬខ្លួន អ្នកអាចយកជែលប្រទាលកន្ទុយក្រពើលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។
 
៨. ព្យាបាលសក់ជ្រុះ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ និងបន្ថែមប្រេងដូង ៣ ស្លាបព្រាបាយចូល។ កូរលាយឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
 
៩. រូបមន្តជួយឱ្យសក់ឆាប់ដុះក្រាស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់ ឬជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
 
១០. រូបមន្តជួយឱ្យសក់កាន់តែទន់រលោងនិងភ្លឺជាងមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រានតែម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់ដើម្បីរំញោចលំហូរឈាម។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។
 
១១. រូបមន្តកម្ចាត់អង្គែ
 
មុនពេលងូតទឹក ចូរលាបទឹកប្រទាលកន្ទុយក្រពើលើសក់និងស្បែកក្បាល។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
 
១២. ដោះស្រាយបញ្ហាសក់ឡើងប្រេងខ្លាំង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាប៊ូកក់សក់ប្រភេទស្រាល ១ ពែងជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយនិងជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេអោយសព្វចូលគ្នា។ បន្ទាប់មកកក់សក់ជាមួយសាប៊ូដែលលាយរួចដូចពេលធម្មតាអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។ សម្រាប់សាប៊ូដែលនៅសល់អ្នកអាចចាក់ចូលក្នុងដបស្អាតមួយរួចដាក់ចូលក្នុងទូរទឹកកកដើម្បីរក្សាទុកប្រើពេលក្រោយបានយូររហូតដល់ទៅ ១ សប្តាហ៍៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com