ជាតិ
សុខភាព
អ្នកចាក់វ៉ាក់នៅកម្ពុជាកើនដល់៧៥ម៉ឺននាក់ ខណៈអ្នកជំងឺឡើងដល់ជាង៣០០០នាក់
08, Apr 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរីកសាយភាយកាន់តែធំ ដែលមានសរុប២,៤៩៦នាក់ ឆ្លងកូវីដ-១៩ ក្នុងចំណោមករណីសរុបជាង៣០០០ និងមាន២៤នាក់បានស្លាប់។ ទន្ទឹមនឹងមានការរាតត្បាតខ្លាំងពីព្រឹត្តិការណ៍២០កុម្ភៈនេះ កម្ពុជាក៏សម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋនៅទូទាំងប្រទេសបានប្រមាណ៧៥ម៉ឺននាក់ ផងដែរ។ ក្នុងចំណោមដែលមានបានវ៉ាក់សាំងរួចនេះ មាន៥៦៦,៤២០នាក់ ជាក្រុមពលរដ្ឋអាទិភាព និង១៩០,១០៦នាក់ទៀត ជាក្រុមកងកម្លាំងទ័ព។ នេះបើយោងតាមរបាយការណ៍ផ្សេងពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី៨មេសា។

 
បច្ចុប្បន្ន កម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទ ដែលកំពុងផ្តល់ឱ្យពលរដ្ឋ។ ក្នុងនោះ កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូកជូនដល់ពលរដ្ឋដើម្បីបង្ការជំងឺកូវីដ-១៩នោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ រហូតដល់ថ្ងៃទី១មេសា ឆ្នាំ២០២១ កម្ពុជា បានចាក់សាំងវ៉ាក់សាំងSinovac ទៅលើមនុស្សដែលមានវ័យចាប់ពី១៨ឆ្នាំឡើង ទៅផងដែរ។ 


 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប៣,០២៨នាក់ ក្នុងនោះ២,៤៩៦នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៩១៤បានជាសះស្បើយ ខណៈអ្នកស្លាប់មាន២៤នាក់។ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 










 

Tag:
 COVID-19
  វាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com