អន្តរជាតិ
រដ្ឋបាលលោក បៃឌិន សើរើជំនួយដែលលោក ត្រាំ ផ្អឹបឱ្យប៉ាឡេស្ទីនវិញ
08, Apr 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ។ រូបថត AFP
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃទី៧ ខែមេសា សម្រេចសើរើជំនួយសម្រាប់ប៉ាឡេស្ទីន ដែលត្រូវរដ្ឋការលោក ដូណាល់ ត្រាំ ផ្អឹបទុក។ សម្រាប់ជំនួយថ្មី អាមេរិកនឹងផ្ដល់វិភាគទានទំហំ២៣៥លានដុល្លារសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ការអភិវឌ្ឍដែនដីប៉ាឡេស្ទីន និងដំណើការស្វែងរកសន្តិភាព។

 
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែមេសា រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន បញ្ជាក់ថា ជំនួយបរទេសរបស់អាមេរិកសម្រាប់ប៉ាឡេស៊ី បម្រើឱ្យផលប្រយោជន៍ និងគុណតម្លៃអាមេរិក។ លោកបន្តថា ជំនួយនេះ នឹងជួយសម្រាលអ្នកដែលត្រូវការជំនួយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគាំទ្រការស្វែងយល់គ្នារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ការសម្របសម្រួលសន្តិសុខ និងស្ថិរភាព។
 
រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចផ្អឹបជំនួយដែលផ្ដល់ប្រចាំឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងទៅប៉ាឡេស្ទីនផ្ទាល់កាលពីឆ្នាំ២០១៨ ក្រោយលែងចរចាជាមួយអ៊ីស្រាអែល។ ក្នុងការសើរើជំនួយវិញ រដ្ឋបាលោក ចូ បៃឌិន ប្រកាសផ្ដល់ទឹកប្រាក់សរុប២៣៥លានដុល្លារ ដែលក្នុងនោះលុយចំនួន១៥០លានដុល្លារផ្ដល់ឱ្យ UNRWA ដែលជួយជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់។
 
លើសពីនោះ អាមេរិកនឹងផ្ដល់លុយថែម៧៥លានដុល្លារជាជំនួយអភិវឌ្ឍ និងសេដ្ឋកិច្ចដល់ដែនដីត្រើយខាងលិច និងជ្រោយហ្កាសា  និង១០លានដុល្លារទៀតសម្រាប់ការកសាងសន្តិភាព។ ជំនួយនេះ ជាការផ្ដល់បន្ថែមលើទឹកប្រាក់១៥លានដុល្លារដែលត្រូវបានផ្ដល់ឱ្យប៉ាឡេស្ទីនក្នុងកញ្ចប់មូលនិធិកូវីដ-១៩ ។ អាមេរិកឱ្យលុយប៉ាឡេស្ទីនដោះស្រាយវិបត្តិកូវីដ-១៩ ខណៈដែលអ៊ីស្រាអែលរងការរិះគន់ជុំទិស ព្រោះជួយផ្ដល់វ៉ាក់សាំងឱ្យពលរដ្ឋប៉ាឡេស្ទីនរស់នៅតំបន់ខ្លួនគ្រប់គ្រង។
 
សូមបញ្ជាក់ថា តាំងពីឡើងកាន់តំណែងមក លោក បៃឌិន ចាប់ផ្ដើមពង្រឹងទំនាក់ទំនងជាមួយប៉ាឡេស្ទីនឡើងវិញ ក្រោយទំនាក់ទំនងធ្លាក់ចុះខ្លាំងក្រោមអាណត្តិលោក ត្រាំ ដែលអនុវត្តគោលនយោបាយលំអៀងរកអ៊ីស្រាអែលខ្លាំងពេក។ ប៉ុន្តែរដ្ឋបាលអាមេរិកថ្មី មិនទាន់បញ្ចប់គោលនយោបាយដើម្បីដោះស្រាយវិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែលនៅឡើយទេ៕ 
 

Tag:
 អាមេរិក
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com