អត្ថបទពាណិជ្ជកម្ម
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា៦០លានរៀលដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាំទ្រការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩
08, Apr 2021 , 6:27 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្នាកដឹកនាំនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានយកនូវទឹកប្រាក់វិភាគទានចំនួន៦០លានរៀល ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណានព្រមទាំងក្រុមគ្រួសារ មកប្រគល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ ដើម្បីជាការគាំទ្រក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត។
 
ពិធីប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាពនៃ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនៃធនាគារឯកទេសវីង ដោយអនុវត្តទៅតាមគោលការសុវត្ថិភាពយ៉ាងជាក់លាក់។


 
ខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ការរការរីករាលដាលជំងឹកូវីដ-១៩។
 
ថ្លែងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវជឿជាក់ និងការពារខ្លួនយើងនិងក្រុមគ្រួសាររបស់យើងពីវីរុស តាមរយៈវ៉ាក់សាំងបង្ការដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល។ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលអាចទទួលបានវ៉ាក់សាំងបានយ៉ាងលឿន  ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល។”
 
ថវិកាដែលទទួលបាននៅពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងយកទៅទិញនូវបរិក្ខារចាំបាច់មួយចំនួនសម្រាប់ជួយដល់ក្រុមគ្រូពេទ្យប្រើប្រាស់នៅពេលចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមតំបន់គោលដៅ ដើម្បីការពារសហគមន៍ពីជំងឺកូវីដ-១៩ ក៏ដូចជាជួយឲ្យពួកគាត់មានភាពសុវត្ថិភាពក្នុងការប្រកបការងារប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕
 






(អត្ថបទពាណិជ្ជកម្ម)


Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com