អន្តរជាតិ
ថៃ បិទទីតាំងកម្សាន្តពេលយប់ក្នុងខេត្ត៤១ ចំនួនពីរសប្ដាហ៍ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
09, Apr 2021 , 2:03 pm        
រូបភាព
ទីតាំងកម្សាន្តដែលប្រឈមការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តចំនួន៤១ របស់ថៃ រួមទាំងទីក្រុង បាងកក ត្រូវបញ្ជាឱ្យបិទទ្វារចំនួន២សប្តាហ៍ ដើម្បីទប់ស្កាត់រលកទី៣។ ការបិទនេះធ្វើឡើង ក្រោយ ការផ្ទុះករណីឆ្លងថ្មីចេញពីទីតាំងកម្សាន្តក្នុងទីក្រុងបាងកក ដែលកំពុងរាលដាលឆាប់រហ័សទៅកាន់ ខេត្តនានា។


អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃ (CCSA) លោក Taweesilp Visanuyothin បានបញ្ជាក់នៅថ្ងៃទី៨ ខែមេសា ថា បទបញ្ជាបិទទីតាំងកម្សាន្តពីរសប្ដាហ៍ក្នុងខេត្ត៤១ មានប្រសិទ្ធភាព បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ចុះហត្ថលេខាលើបញ្ជារួច។ សំណើបិទកន្លែងកម្សាន្តទាំងនោះ ត្រូវស្នើដោយមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ (EOC) ដែលស្ថិត ក្រោមក្រសួងសុខាភិបាលសាធារណៈថៃ។
 
ចំពោះកន្លែងដែលត្រូវបញ្ជាឱ្យបិទនោះរួមមានហាងស្រា បារ ខារ៉ាអូខេ និងហាងម៉ាស្សាជាដើម។ ប៉ុន្តែ បទបញ្ជាថ្មីនេះមិនបានរាប់បញ្ចូលកន្លែងស្ប៉ាម៉ាស្សាបែបបុរាណរបស់ថៃទេ។ នេះបើតាមការទីភ្នាក់ងារ ព័ត៌មាន Bangkok Post។  
 
ការបិទកន្លែងកំសាន្តពេលរាត្រីមួយចំនួន ធ្វើឡើងក្រោយអាជ្ញាធរថៃបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចេញពីហាងស្រា បារ និងក្លិបនៅតំបន់ Thong Lor នៃរាជធានីបាងកក។ ខេត្តទាំង៤១ ដែល ស្ថិតក្នុងបម្រាមនេះ ជាគោលដៅដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង ព្រោះជាច្រកចេញចូល ឬផ្លូវឆ្លង កាត់ដ៏សំខាន់សម្រាប់អ្នកដំណើរ។ យ៉ាងណាមិញ រដ្ឋាភិបាលថៃ បានផ្តល់សិទ្ធិអំណាចដល់ អភិបាលខេត្តនីមួយៗ ចេញវិធានការសក្តិសមក្នុងការទប់ស្កាត់ក្នុងខេត្តរបស់ពួកគេ។ 
 
ជាមួយគ្នានេះ ថៃក៏មានការព្រួយបារម្ភជាខ្លាំងលើការរីករាលដាលនៃវីរុសបំប្លែងខ្លួនដែលរកឃើញ នៅអង់គ្លេស ដែលថ្មីៗនេះមានករណីវិជ្ជមានជាច្រើនត្រូវបានរកឃើញនៅថៃជាលើកដំបូង។ 
 
សូមបញ្ជាក់ថា ការសម្រេចចិត្តដាក់បទបញ្ជាបិទកន្លែងកម្សាន្ត ក៏ធ្វើឡើងមុនថ្ងៃ ពិធីបុណ្យចូលឆ្នាំ ដែលរៀបចំឡើងនៅសប្តាហ៍ក្រោយ។ ជារៀងរាល់ឆ្នាំ នេះជាពេលដែលមនុស្សរាប់លាននាក់ ដើរលេង តាមនៅថ្ងៃឈប់សម្រាក និងជួបជុំគ្រួសារផងដែរ។ 
 
គិតមកត្រឹមថ្ងៃទី៩ ខែមេសា ថៃមានករណីវិជ្ជមានកូវីដ-១៩ សរុបជាង ៣ម៉ឺនករណី ជាមួយអ្នកស្លាប់ ៩៦នាក់៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com