អត្ថបទពាណិជ្ជកម្ម
បុគ្គលិករបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
09, Apr 2021 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  នៅព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២១ នេះ  ក្រុមហ៊ុន កូកា-កូឡា កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់និយោជិត ដែលបានស្ម័គ្រចិត្តប្រមាណ ៥០០ នាក់  ការចាក់វ៉ាក់សាំងនេះ បានរៀបចំធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល។
 
លោក អ៊ុច ស៊ីណាត ជានាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖ «អាទិភាពចម្បងរបស់ក្រុមហ៊ុននាពេលនេះ គឺរក្សាសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក  ព្រមទាំងដៃគូអាជីវកម្ម និងសហគមន៍របស់យើង»។ 
 


ក្នុងឱកាសនេះដែរ លោកក៏បានសម្តែងនូវមោទកភាព និងក្តីកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា  ដោយលោកបានលើកឡើងថា៖«នេះមិនមែនជាលើកទី១ទេ ដែលកូកា-កូឡា ទទួលបានការយកចិត្តទុកដាក់ និងទង្វើដ៏ប្រពៃ ពីរាជរដ្ឋាភិបាល។ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលនៅពេលនេះ កាន់តែបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះភាពសុខដុមរមនា របស់ប្រជាជនកម្ពុជាគ្រប់រូប ហើយក៏ជាការលើកកម្ពស់ភាពទុកចិត្ត របស់វិនិយោគិន ដែលជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា»។
 
គួរបញ្ជាក់ផងដែរថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ គឺជាអាវុធថ្មីមួយបន្ថែម ពីលើការយល់ដឹងអំពីអនាម័យ និង៣កុំ ៣ការពារ  ក្នុងការការរពារខ្លួន ការពារក្រុមគ្រួសារ ការពារអាជីវកម្ម និងសហគមន៍របស់យើង។
 


ក្រុមហ៊ុន កូកា-កូឡា ក៏បានបង្ហាញពីជឿទុកចិត្តថា៖ «កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រុមការងារសុខាភិបាលគ្រប់កម្រិត ក្រុមការងារជួរមុខ ដោយមានការចូលរួមចំណែក ពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឲ្យកម្ពុជា អាចឆ្លងផុតគ្រាដ៏លំបាកនេះ ហើយកម្ពុជា នឹងត្រឡប់មកកាន់តែខ្លាំងក្លាជាងមុន»។
 
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន កូកា-កូឡា ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនកម្មករនិយោជិត ដែលបានស្ម័គ្រចិត្ត និងក្រុមការងារក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ស្ម័គ្រស្មោះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីជួយបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកនេះ៕





























 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com