COVID-19
ជាតិ
សុខភាព
អ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ដំបូងនៅកម្ពុជាដែលព្យាបាលតាមផ្ទះ
09, Apr 2021 , 4:23 pm        
រូបភាព
ទិដ្ឋភាពចុះយកសំណាកអ្នក​រស់នៅ​ម្តុំផ្សារអូរឫស្សី កាលពីយប់ថ្ងៃទី៨ ខែមេសា
ទិដ្ឋភាពចុះយកសំណាកអ្នក​រស់នៅ​ម្តុំផ្សារអូរឫស្សី កាលពីយប់ថ្ងៃទី៨ ខែមេសា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមផ្ទះហើយ។ ក្រសួងសុខាភិបាល ប្រកាស នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ថា អ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ ជាអ្នកជំងឺដំបូង ដែលត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះ។

 
ការរៀបចំរបស់ក្រសួងសុខាភិបាល ឲ្យមានការព្យាបាលតាមផ្ទះ គឺបន្ទាប់ពីចំនួនអ្នកជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក។ គ្រាន់តែថ្ងៃនេះ (៩មេសា) ក្រសួងប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ដល់ទៅ៥៧៦នាក់ឯណោះ ខណៈអ្នកជាសះស្បើយ មានត្រឹម៧០នាក់។ អ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ ដែលត្រូវសម្រាកព្យាបាលតាមផ្ទះ ស្ថិតក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំនួន៥៧៦នាក់នោះ។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបនឹងណែនាំកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួសុខាភិបាល រៀបចំលក្ខណៈទុកជាមុន ដើម្បីឆ្លើយតបឲ្យតាន់សភាពការណ៍ ក្នុងករណីកម្ពុជា មានជំងឺកូវីដ-១៩ កើនឡើងច្រើន ដោយមន្ទីរពេទ្យរដ្ឋនិងកន្លែងព្យាបាល មិនអាចដាក់អ្នកជំងឺអស់ ហើយត្រូវតម្រូវឲ្យអ្នកជំងឺខ្លះ សម្រាកព្យាបាលតាមផ្ទះ។ បើតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល អ្នកជំងឺកូវីដ-១៩ ដែលត្រូវអនុញ្ញាតឲ្យសម្រាកនៅផ្ទះ ត្រូវមានស្ថានភាពសុខភាពធូរស្រាល ហើយផ្ទះរបស់ពួកគេ មានភាពសមរម្យ។ 
 
ក្រោយទទួលការណែនាំពីប្រមុខរដ្ឋាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ទៅអភិបាលរាជធានី-ខេត្ត ឲ្យរៀបចំក្រុមគ្រូពេទ្យបម្រុង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ។ លោករដ្ឋមន្រ្តី អះអាងថា ក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យបម្រុងទាំងនោះ។ 
 
គិតត្រឹមថ្ងៃទី៩ ខែមេសានេះ កម្ពុជា នៅសល់ជំងឺកូវីដ-១៩ សរុប១៥៩១នាក់ ដែលកំពុងព្យាបាល ខណៈមនុស្ស១៩៨៤នាក់ បានជាសះស្បើយវិញ ហើយអ្នកស្លាប់ មាន២៤នាក់៕ 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com