អន្តរជាតិ
មន្ត្រី​​បស្ចិម​ប្រទេស​និយាយ​ថា ចារបុរស​រុស្ស៊ី​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ទទួល​បាន​ព័ត៌មាន​សម្ងាត់​របស់​អង្គការ​អូតង់
09, Apr 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាពមើលពីខាងក្រៅនៃស្ថានទូតរុស្ស៊ីប្រចាំប្រទេសអ៊ីតាលី ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ ទិដ្ឋភាពមើលពីខាងក្រៅនៃស្ថានទូតរុស្ស៊ីប្រចាំប្រទេសអ៊ីតាលី ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១។
ដោយ: VOA
មន្ត្រី​ស៊ើបការណ៍បស្ចិម​ប្រទេស ​និយាយ​ថា ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ទ្វេដង​ដើម្បី​ជ្រៀត​ចូល​អង្គការ​អូតង់ និង​កំពុង​ផ្តោត​លើ​ការ​ជ្រើសរើស​ចារបុរស​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ប្រទេសជា​សមាជិក​នៃ​អង្គការ​នេះ។

 
ប្រទេស​អ៊ីតាលី​បាន​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​ពីរ​នាក់​កាលពី​សប្តាហ៍​មុន​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បានរក​ឃើញ​ថាមានវត្តមាននៅ​កន្លែង​ចត​រថយន្តក្នុង​ទី​ក្រុងរ៉ូម​ ដោយបានប្រគល់ប្រាក់​ទៅឲ្យ​វរនាវីឯក​នៃ​កងទ័ព​ជើង​ទឹក​អ៊ីតាលី ដើម្បី​ជា​ថ្នូរ​ទទួល​បាន​នូវឯកសារ​សម្ងាត់​យោធា ដែល​រួម​មាន​ឯកសារ​របស់​អង្គការ​អូតង់​ផង​ដែរ។
 
លោក Walter Biot កងទ័ពជើងទឹកអ៊ីតាលី វ័យ ៥៤ ឆ្នាំ បានបម្រើការនៅក្រសួងការពារជាតិអ៊ីតាលីនៅក្នុងទីក្រុងរ៉ូម អស់រយៈពេលមួយទសវត្សរ៍ ហើយត្រូវបានចាត់តាំងឲ្យបម្រើការនៅក្នុងអង្គភាពគោលនយោបាយនៃអគ្គសេនាធិការការពារជាតិ។ បើយោងតាមកាសែត Corriere della Sera អង្គភាពរបស់លោក Biot គ្រប់គ្រង «ឯកសារសម្ងាត់និងឯកសារលាក់ការណ៍ទាំងអស់» រួមទាំងឯកសាររបស់អង្គការអូតង់ផងដែរ។
 
ទីភ្នាក់ងារ Carabinieri ដែល​ជា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ដ៏​សំខាន់​មួយរបស់​អ៊ីតាលី​ បាន​និយាយ​ថា លោក Biot ដែល​មាន​កូន​បួន​នាក់​ ត្រូវ​បាន​រក​ឃើញ ​«កំពុង​ប្រព្រឹត្ត​បទល្មើស» ក្នុង​ការ​ដោះដូរ​ឯកសារ​ដែលស្ថិតនៅ​ក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ (flash drive) ហើយលោក​កំពុង​ត្រូវ​បាន​ឃាត់​ខ្លួន​ពី «បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ចារកម្មនិង​សន្តិសុខ​ជាតិ​»។
 
អ្នក​ស៊ើបការណ៍​អ៊ីតាលីឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​ ១ ទេ​ដែល​លោក Biot បាន​ជួប​ជាមួយ​នឹង​អ្នក​ទទួល​ព័ត៌មាន​រុស្ស៊ីនោះ​ ហើយ​លោក​ទទួល​បាន​ទឹកប្រាក់​ជាង ៥.០០០ ​ដុល្លារ សម្រាប់​ការ​ជួប​ជាមួយ​ពួកគេ​ម្តងរួចហើយ។
 
ការ​ចាប់​ខ្លួន​លោក Biot​ ត្រូវ​បានឡើង ​បន្ទាប់​ពី​មាន​ការ​តាមដាន​អស់​ជាច្រើន​ខែ​ ដោយ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​ផ្ទៃ​ក្នុង AISI របស់​អ៊ីតាលី។ នេះ​បើ​យោង​តាម​មន្ត្រី​អ៊ីតាលី​ម្នាក់​ ដែលបាន​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ លោក​បាន​ប្រៀបធៀប​ការ​តាមដាន​នេះ​ទៅ​នឹង​ប្រតិបត្តិការ​ប្រឆាំង​ចារកម្ម​ ដែល​មាន​ភាព​ល្អិតល្អន់​ក្នុង​ឆ្នាំ ២០០១​ នៅ​សហរដ្ឋអាមេរិក​ ដែល​បាន​រកឃើញ​ថា លោក Robert Hanssen ទីភ្នាក់ងារ​ប្រឆាំង​ចារកម្ម​ជាន់​ខ្ពស់របស់ FBI គឺ​ជា​ចារបុរស​របស់​រុស្ស៊ី​នោះ។
 
មន្ត្រី​អ៊ីតាលី​រូប​នេះបាន​បន្ថែមក្នុង​ន័យ​ដើម​ថា៖​ «មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​ត្រូវ​បាន​ជូនដំណឹង​ពី​ការ​សង្ស័យ​ទៅលើ​លោក Biot ប៉ុន្តែ​វា​មាន​សារៈ​សំខាន់ ដែលថា​នឹង​មិន​មាន​ការ​ចាប់​ខ្លួន​លោក​ភ្លាម​ៗ​នោះ​ទេ​ហើយ​។ លោក​ត្រូវ​បានរកឃើញ​ថា ​ពិត​ជា​បាន​ប្រគល់​ឯកសារ​សម្ងាត់​មែន។ ចារបុរស​រុស្ស៊ី​ហាក់​ដូចជា​ចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ឯកសារ​សម្ងាត់​របស់​អង្គការ​អូតង់»។
 
ការ​ចាប់​ខ្លួន​លោក Biot ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​ប៊ុលហ្គារី បានបំបែក​សម្ព័ន្ធ​ចារកម្ម​យោធា និង​បាន​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​ពីរ​នាក់​ចេញ​ពី​ប្រទេសរបស់​ខ្លួន​នោះ។ មន្ត្រី​ប៊ុលហ្គារី​ ៦ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដែល​ពួកគេ​មួយ​ចំនួន​ជា​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អង្គការ​អូតង់ និង​សហភាព​អឺរ៉ុប។
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកបាន​ឲ្យ​ដឹង​ថា ​ចារបុរស​ប៊ុលហ្គារី​ម្នាក់ ក្នុងចំណោម​ ៦ នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី ១៨ ខែមីនា​នោះ​ បាន​សារភាព​ទាំង​អស់ និងបានរាយការណ៍​ថា ​លោក​ទទួល​បាន​ប្រាក់​ចំនួន​ ៣.០០០ ដុល្លារ​ សម្រាប់​ការ​ប្រគល់​ព័ត៌មាន​សម្ងាត់​ម្តងៗ។ មន្ត្រី​ប៊ុលហ្គារី​ជាន់​ខ្ពស់​បំផុត​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​លោក Ivan Iliev ដែល​ជា​អតីត​នាយក​ស៊ើបការណ៍​សម្ងាត់​យោធា​ប៊ុលហ្គារី។ ភរិយា​របស់​លោក ដែល​មាន​សញ្ជាតិ​ប៊ុលហ្គារី និង​រុស្ស៊ីផង​នោះ ​ក៏​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​ចារកម្ម​នោះ​ផង​ដែរ។
 
រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រកាស​ថ្កោល​ទោស​លើ​ចារកម្ម​របស់​រុស្ស៊ី។ លោក Luigi di Maio រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី បាន​ពណ៌នា​ហេតុការណ៍​នេះ​ថា​ជា «សកម្មភាព​បង្ក​ហេតុ​ដ៏​ខ្លាំងក្លា​មួយ»។ លោក​បាន​កោះ​ហៅ​លោក Sergey Razov ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​អ៊ីតាលី ​និង​បាន​បញ្ជា​ឱ្យ​បណ្តេញ​អ្នក​ការទូត​ដែល​បាន​ប្រគល់​ប្រាក់​ទៅ​ឱ្យ​លោក Biot ចេញ​ពី​ប្រទេស​អ៊ីតាលី។​
 
កាលពីពាក់​កណ្តាល​សប្តាហ៍​មុន លោក Dominic Raab រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​បាន​បង្ហាញ​ «សាមគ្គីភាព» របស់​លោក​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​រ៉ូម ​និង​បាន​រិះគន់​ដល់ «សកម្មភាព​បង្ក​ចលាចល និង​បង្ក​គ្រោះថ្នាក់​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​សម្ព័ន្ធមិត្ត​អូតង់​របស់​យើង»។​
 
រដ្ឋាភិបាល​ក្រុង​មូស្គូ​បដិសេធ​លើ​លទ្ធភាព​ដែល​ថា ការ​ចោទប្រកាន់​ពី​ចារកម្ម​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​នឹង​អ៊ីតាលី​នោះ​។ លោក Dmitry Peskov អ្នកនាំ​ពាក្យ​នៃ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សង្ឃឹម​ថា «ទំនាក់​ទំនង​រវាង​ប្រទេសរុស្ស៊ីនិង​អ៊ីតាលី​ដែល​មាន​ភាព​ស្ថាបនា​និង​វិជ្ជមាន​ខ្លាំងនោះ ​នឹងបន្ត​កើត​មាន​និង​ត្រូវ​បានថែរក្សាដោយ​ភាពគង់វង្ស»។​
 
រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​អ៊ីតាលី​របស់​លោក​នាយករដ្ឋមន្ត្រី Mario Draghi ដើម្បី​លក់​វ៉ាក់សាំង​ Sputnik V ​ដែល​ជា​វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ​របស់​រុស្ស៊ី​នោះ​។
 
ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​រ៉ូម​និយាយ​ថា ខ្លួន «សោកស្តាយ» ចំពោះ​ការ​បណ្តេញ​អ្នក​ការទូត​ពីរ​នាក់​ចេញ​ពី​ប្រទេសអ៊ីតាលី ​ប៉ុន្តែ​បាន​ដក​ចេញ​វិញ​នូវ​ការ​គំរាម​ក្នុង​ការ​សងសឹក​ តាមរយៈ​ការ​បណ្តេញ​អ្នក​ការទូត​អ៊ីតាលី​ចេញ​ពី​ប្រទេស​រុស្សី​វិញ​នោះ ​ទោះ​បី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹងអាចធ្វើ​ការសង​សឹក​ក៏ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com