អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អនាគតនាយករដ្ឋមន្រ្តីសិង្ហបុរី ប្រកាសមិនស្នងតំណែងពីលោក លី ដោយទុកឱកាសឱ្យមន្ត្រីក្មេងវិញ
09, Apr 2021 , 7:29 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក ហេង ស្វីគៀត ។ រូបថត AFP
ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក ហេង ស្វីគៀត ។ រូបថត AFP
លោក ហេង ស្វីគៀត ដែលជាបេក្ខជនត្រូវស្នងតំណែងនាយករដ្ឋមន្រ្តីសិង្ហបុរីពីលោក លី សៀនឡុង បានប្រកាសដកខ្លួនវិញ ដោយលើកហេតុផលអាយុ និងតម្រូវការពេលវេលាក្នុងការត្រៀមខ្លួនកាន់តំណែងនេះ។ វិបត្តិកូវីដ-១៩ ក៏ជារឿងមួយដែលនាំឱ្យការផ្ទេរតំណែងនៅសិង្ហបុរីត្រូវរាំងស្ទះដែរ។ ការប្រកាសដ៏ភ្ញាក់ផ្អើលនេះ ធ្វើឱ្យរង្គោះរង្គើផែនការបក្សកាន់អំណាចសិង្ហបុរីដែលអនុវត្តបីជំនាន់មកហើយ ខណៈលោក លី ត្រូវចូលនិវត្តន៍ទៅហើយនោះ នៅបន្តអង្គុយកៅអីនាយករដ្ឋមន្រ្តីពីរបីឆ្នាំទៀត។ 

 
ផែនការផ្ទេរតំណែងនាយករដ្ឋមន្ត្រីនៅសិង្ហបុរី ត្រូវជួបការរាំងស្ទះ ក្រោយបេក្ខជនដែលត្រូវកំណត់រួចទៅហើយនោះ បែរជាប្រកាសដកខ្លួនគួរឱ្យភ្ញាក់ផ្អើល។ លោក ហេង ស្វីគៀត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានសរសេរលិខិតមួយផ្ញើនាយករដ្ឋមន្រ្តី លី សៀនឡុង នៅថ្ងៃទី៨ ខែមេសា ដោយប្រាប់ពីការដកខ្លួន និងការមូលហេតុ។ 
 
ទុកឱកាសអ្នកមានវ័យក្មេងដឹកនាំវិញ 
 
លោក ហេង ស្វីគៀត ត្រូវបានអ្នកនយោបាយជំនាន់ទីបួន (4G) របស់បក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច ជ្រើសរើសជាមេដឹកនាំរបស់ពួកគេក្នុងឆ្នាំ២០១៨ ។ ក្រោយមក លោកក៏ត្រូវជ្រើសតាំងជាអគ្គលេខាធិការរងទីមួយរបស់បក្ស ដែលជាសញ្ញាថា លោកជាបេក្ខជនស្នងតំណែងពីលោក លី ដែលធ្លាប់ប្រកាសថា នឹងចុះចេញពីតំណែងពេលលោកអាយុ៧០ឆ្នាំ។ តមក លោកក៏ត្រូវតែងតាំងជាឧបនាយករដ្ឋមន្រ្តី ដែលបង្ហាញកាន់តែច្បាស់ពីអនាគតដឹកនាំប្រទេសជានាយករដ្ឋមន្រ្តីសិង្ហបុរី៤ ។
 
 
ក្នុងលិខិតផ្ញើរបស់ខ្លួន លោក ហេង ដែលឈានចូលវ័យ៦០ឆ្នាំក្នុងខែវិច្ឆិកាខាងមុខ បញ្ជាក់ថា លោកសម្រេចចិត្តបោះបង់ឱកាស ដើម្បីផ្ដល់ឱកាសឱ្យអ្នកមានវ័យក្មេងជាងលោកអាចដឹកនាំសិង្ហបុរីវិញ។ លោកពន្យល់ថា នៅពេលលោកស្នងតំណែងនាយករដ្ឋមន្រ្តីពីលោក លី លោកនឹងមានវ័យចាស់ទៅហើយ ព្រោះលោក លី នឹងដឹកនាំសិង្ហបុរីរហូតកូវីដ-១៩ បញ្ចប់ដែលរឿងនេះគ្មានរណាដឹងនៅឡើយថា ចប់ពេលណា។ 
 
«វាជារឿងល្អបំផុតសម្រាប់ជាតិ ដែលមានមនុស្សដែលនៅក្មេងអាចដោះស្រាយនៅពេលខាងមុខ។» លោក ហេង បញ្ជាក់បែបនេះ ដោយឆ្លៀតចង្អុលដល់អាយុនាយករដ្ឋមន្រ្តីសិង្ហបុរីមុនៗពេលដឹកនាំប្រទេស។ លោក លី ក្វាន់យូ ក្លាយជានាយករដ្ឋមន្រ្តីនៅវ័យ៣៥ឆ្នាំ, លោក ហ្កោ ចុកតុង នៅអាយុ៤៩ឆ្នាំ និងលោក លី នៅអាយុ៥២ឆ្នាំ។ 
 
លោក លី សៀនឡុង បន្តដឹកនាំប្រទេសហួសផែនការ
 
ទន្ទឹមនឹងការដកខ្លួនពីបេក្ខភាពនាយករដ្ឋមន្រ្តី លោក ហេង ស្វីគៀត ក៏នឹងលាលែងពីតំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុដែរ តែបន្តអង្គុយកៅអីឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច។ ខណៈគ្មានបេក្ខជនច្បាស់លាស់នៅឡើយនោះ លោក លី ក៏បញ្ជាក់ថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីរហូតក្រុមមន្ត្រី 4G អាចរើសមេដឹកនាំថ្មីបាន។ នាសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមេសា លោក លី ក៏ប្រកាសដំណឹងរុះរើគណៈរដ្ឋមន្រ្តីនៅពីរសប្ដាហ៍ទៀត ដែលទំនងជាឱកាសបង្ហាញពីបេក្ខជនថ្មីផង។
 
តាមពិតទៅ លោក លី ត្រូវចាកចេញក្រោយការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែវិបត្តិកូវីដ-១៩ បានផ្លាស់ប្ដូរផែនការនេះ ហើយលោកក៏បន្តដឹកនាំសិង្ហបុរីរហូតវិបត្តិនេះចប់សិន ទើបប្រគល់ប្រទេសដែលអស់បញ្ហាឱ្យអ្នកបន្តវេនរបស់លោក។ 
 
ទាក់ទងរឿងលោក ហេង វិញ លោក លី បានអរគុណឧបនាយករដ្ឋមន្រ្តីរបស់លោកដែលសម្រេចចិត្តដោយមិនគិតពីខ្លួនឯង។ លោកក៏សរសើរលោក ហេង ចំពោះការបំពេញការងារនៅក្រសួងហិរញ្ញវត្ថុដែលជាស្ថាប័នមួយត្រូវការមនុស្សមានសមត្ថភាពខ្ពស់ និងជាការងារដ៏លំបាកដែរ។
 
នរណាជាបេក្ខជនថ្មី?
 
ការប្រកាសរបស់លោក ហេង ជាការដើរថយនៃផែនកាផ្ទេរតំណែង។ ក្រុមមេដឹកនាំជំនាន់ទីបួន លើកឡើងបែបនេះក្នុងការសេចក្ដីប្រកាសរួមមួយនៅថ្ងៃទី៨ ខែមេសា។ ពួកគេ ត្រូវរើសមេដឹកនាំថ្មីដើម្បីស្នងតំណែងពីលោក លី ជំនួសលោក ហេង ។ នរណជាបេក្ខជនថ្មី?
 
ភ្លាមក្រោយលោក ហេង ប្រកាសដកខ្លួន ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី ក៏ចាប់ផ្ដើមបញ្ចេញមុខបេក្ខភាពដែលត្រូវជំនួសលោក។ គេឃើញមានមនុស្សបីនាក់ដែលសក្តិសមមានរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម ចាន់ ឈុនស៊ីង, រដ្ឋមន្ត្រីដឹកជញ្ជូន អុង យីគង់ និងរដ្ឋមន្រ្តីអប់រំ ឡរ៉ែន វង់ ។
 
លោក ចាន់ ឈុនស៊ីង ជាអគ្គលេខាធិការទីពីរបស់បក្សកាន់អំណាច ដែលត្រូវបានជ្រើសរើសផ្ទាល់ដោយលោក ហេង ។ បានន័យថា លោកឈរនៅមុខគេក្នុងចំណោមមន្ត្រីជំនាន់ក្រោយដែលអាចស្នងតំណែងពីលោក លី ។ លោក ចាន់ ក៏ស្ថិតក្នុងចំណោមបេក្ខជនបីនាក់ចុងក្រោយកាលពីឆ្នាំ២០១៨ មុនពេលលោក ហេង ត្រូវបានជ្រើសរើសឱ្យធ្វើជាមេដឹកនាំមន្ត្រីជំនាន់ទីបួន។ ចំណែក លោក អុង យីគង់ វិញ ក៏មានឈ្មោះជាបេក្ខភាពស្នងតំណែងលោក លី ជាមួយលោក ហេង និងលោក ចាន់ ដែរ។ ឯលោក ឡរ៉ែន វង់ វិញជាសហប្រធានក្រុមការងារអន្តរក្រសួងក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com