ពីនេះ ពីនោះ
កូវីដ៖«ឃ្លាតកាយដើម្បីសុខ ប្រសើរជាងក្បែរកាយ តែកើតទុក្ខ!»
10, Apr 2021 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
តួលេខឆ្លងមេរោគកូវីដនៅក្នុងរាជធានីភ្នំពេញកើតឡើងកាន់តែខ្ពស់ និងគួរឲ្យព្រួយបារម្ភ ជាពិសេសក្នុងចំណោមអ្នកលក់ដូរក្នុងផ្សារអូរឫស្សី និងកម្មកររោងចក្រ។ ស្របពេលជាមួយគ្នា បើទោះជាបីជាមានការហាមប្រាមការធ្វើដំណើរឆ្លងខេត្តក៏ដោយ ក៏គេនៅតែសង្កេតឃើញពលរដ្ឋមួយចំនួននៅតែជម្នះចង់ធ្វើដំណើរទៅលេងស្រុកកំណើតដដែល។ ចូរកុំអញ្ជើញ កូវីដ ទៅលេងឪពុកម្តាយ!។ នេះ គឺជាប្រធានបទដែល សំណាង និងសុធីរ ជជែកគ្នានៅថ្ងៃនេះ។


 
សំណាង៖ អា សុធីរ! ពីមុនរដ្ឋាភិបាលប្រកាសហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ឥឡូវនេះ អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមបិទខ្ទប់សង្កាត់មួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ។ អ៊ីចឹងមានន័យថា ស្ថានភាពកាន់តែធ្ងន់ហើយ? 
 
សុធីរ៖ ធ្ងន់ធ្ងរមែនទែនហើយ ព្រោះ ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងកើនឡើងខ្ទង់រយរហូត។ ម្យ៉ាងទៀត អ្វីដែលលំបាកបំផុតនោះ គឺការឆ្លងរាលដាលចូលដល់សហគមន៍ និងជាពិសេសទៅទៀតនោះ គឺឆ្លងក្នុងចំណោមអ្នកលក់ដូរទៅទីផ្សារដែលមានលំនៅដ្ឋានខុសៗគ្នាទាំងអស់។ រួចមក ការឆ្លងក៏កើតឡើងក្នុងចំណោមកម្មករ។ ឆ្លងក្នុងចំណោមកម្មករ អាចស្រួលក្តោបជាងអ្នកផ្សារបន្តិច ព្រោះថា ពួកគេរស់នៅក្នុងតំបន់តែមួយ។ តែទោះជាក្នុងទម្រង់ណាក៏ដោយ ក៏គេនៅតែពិបាកស្វែងរកប្រភពនៃការចម្លងដដែល។ 
សំណាង៖ អ៊ីចឹងរឿងហ្នឹងម៉េចទៅវិញទៅ? 
 
សុធីរ៖ ដោយសារតែលំបាកហ្នឹងហើយ ទើបអាជ្ញារថ្នាក់ក្រោមជាតិ ឬអាជ្ញាធរថ្នាក់ជាតិសម្រេចហាមឃាត់ការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។ បន្ទាប់មកអាជ្ញាធរដាក់បម្រាមគោចរនៅរាជធានីភ្នំពេញ និងចុងក្រោយនេះ អាជ្ញាធររាជធានីសម្រេចបិទខ្ទប់សង្កាត់មួយចំនួនដែលគេគិតថា ជាតំបន់ហានិភ័យខ្ពស់។ 
 
សំណាង៖ អញឃើញអាជ្ញាធរហាមចេះតែហាម តែអ្នកល្មើសនឹងបម្រាមនៅតែមានច្រើនដែរ ជាពិសេស អ្នកនឹកស្រុកកំណើត។ល។ 
 
សុធីរ៖ អាហ្នឹងហើយដែលជាបញ្ហាបង្កការលំបាកដល់អាជ្ញាធរ និងគ្រូពេទ្យនោះ។ មធ្យោបាយនៃការកាត់បន្ថយការឆ្លងកូវីដ គឺការកាត់បន្ថយការបម្លាស់ទី និងកាត់បន្ថយការជួបជុំ។ តែបុគ្គលមួយចំនួនមិនយល់ចំណុចនេះឡើយ។ 
 
សំណាង៖ គេថា គេនឹកស្រុកកំណើត។ មួយឆ្នាំបានទៅតែម្តង តែឥឡូវមិនបានទៅទៀត។ អាហ្នឹងម៉េចវិញ? 
 
សុធីរ៖ នរណាក៏នឹកដែរ។ តែឥឡូវនេះ មេរោគវាវាយលុក ហើយយើងមិនអាចដឹងថា នរណាជានរណាដែលមានផ្ទុកមេរោគហ្នឹងទេវ៉ើយ។ មនុស្សឥឡូវខ្លាចគ្នាណាស់។ អ៊ីចឹង ផ្ទុយទៅវិញទេ បើចង់ឲ្យឪពុកម្តាយនៅស្រុកកំណើតមានសេចក្តីសុខ សូមកូនចៅស្នាក់នៅទីណា នៅទីនោះសិនចុះ កុំបម្លាស់ទីឲ្យសោះ។ បើអាណិតស្រុកំណើត ភូមិឃុំ បងប្អូន ញាតិសន្តាន ចូរកុំ«អញ្ជើញកូវីដ»ឲ្យទៅលេងឲ្យសោះ។ 
សំណាង៖ អ្នកខ្លះគិតថា នៅស្រុកកំណើត អត់មានកូវីដទេ? 
 
សុធីរ៖ យើងមិនអាចដឹងថា ទីណាមាន ឬគ្មានកូវីដឡើយ។ យើងមិនអាចដឹងថា នរណាមាន ឬគ្មានកូវីដឡើយដំណាក់កាលនេះ។ ទោះបីជា តួលេខឆ្លងនៅតាមខេត្តស្ថិតនៅក្នុងអត្រាទាបជាងភ្នំពេញក៏ដោយ ក៏បងប្អូនយើងដែលកន្លងមកស្នាក់នៅទីក្រុងភ្នំពេញ មិនគួរនាំគ្នាចាកចេញទៅជនបទឡើយ។ ត្រូវបន្តស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។ បើបងប្អូននៅភ្នំពេញនាំគ្នាល្មើសនឹងច្បាប់ហាមបម្លាស់ទី ហើយនាំគ្នាលួចធ្វើដំណើរទៅស្រុកតាមច្រករបៀងតូចៗ ពេលនោះ បងប្អូនកំពុងតែអញ្ជើញកូវីដឲ្យទៅលេងឪពុកម្តាយបងប្អូនក្នុងកម្រិតណាមួយហើយ។ បើអាណិតអាជ្ញាធរ និងគ្រូពេទ្យ ចូរកុំអញ្ជើញកូវីដឲ្យទៅលេងឪពុកម្តាយឲ្យសោះ! 
 រីឯ ឪពុកម្តាយនៅជនបទវិញ ពួកគេក៏មិនគួរហៅកូនចៅពីភ្នំពេញ ឬពីកន្លែងផ្សេងឲ្យត្រឡប់ទៅស្រុកកំណើតនៅក្នុងដំណាក់កាលដ៏លំបាកនេះដែរ។ «ជីវិតមានតម្លៃខ្ពស់ជាងការនឹក។ ឃ្លាតកាយដើម្បីសុខ ប្រសើរជាងក្បែរកាយ តែកើតទុក្ខ»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com