ក្រសួងទេសចរណ៍ ពិចារណាទទួលទេសចរបរទេសដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច ចូលខេត្តសៀមរាប
COVID-19
ជាតិ
ក្រសួងទេសចរណ៍ ពិចារណាទទួលទេសចរបរទេសដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច ចូលខេត្តសៀមរាប
10, Apr 2021 , 8:59 pm        
រូបភាព
សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ កំពុងពិចារណាពិនិត្យលទ្ធភាពក្នុងការអនុញ្ញាត ឲ្យទេសចរអន្ដរជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ អាចចូលទស្សនាតំបន់សៀមរាបអង្គរ។ រាជរដ្ឋាភិបាលបានឲ្យក្រសួងទេសចរណ៍ធ្វើការជាមួយអន្ដរក្រសួង ដើម្បីប្រាកដថា កិច្ចការងារនេះអាចធ្វើទៅរួច។

 
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ្ដ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងទេសចរណ៍បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដោយអនុញ្ញាតឲ្យក្រសួងទេសពិភាក្សាជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការខាងលើនេះ ថាតើគួរបើកទទួលទេសចរអន្ដរជាតិដែលចាក់វ៉ាក់សាំងមកទស្សនាតំបន់សៀមរាបអង្គរ ក្នុងកម្រិតណាមួយ។
 
អ្នកនាំពាក្យរូបនេះពន្យល់ថា៖‍« ដោយសារយើងគិតថា តំបន់សៀមរាបអង្គររបស់យើងមានការគ្រប់គ្រងបានល្អដែរ ពិសេសការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩នេះ ធ្វើបានល្អ មិនឆ្លងច្រើនដូចភ្នំពេញទេ ចឹងដោយសារសៀមរាបជាគោលដៅធំ ហើយយើងមានអាជីវកម្ម សេដ្ឋកិច្ចច្រើន ដែលយើងចង់ស្ដារឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាលជំរុញការចាក់វ៉ាក់សាំងដែរ ចឹងកិច្ចការងានេះមិនទាន់សម្រេចយ៉ាងណាទេ ក្រសួងកំពុងគិតពិចារណាសិន បើអាចនៅចុងឆ្នាំឯណោះ»។ 
 
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តាមរយៈខ្លឹមសារដែលផ្សាយក្នុងទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងថ្ងៃទី៧ មេសា មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលបានទទួលយកសំណើររបស់ក្រសួងក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្ដរជាតិដែលបានចាក់វ៉ាក់សាំងរួច មកទស្សនាគោលដៅទេសចរណ៍សៀមរាបអង្គរនៅត្រីមាស់ទី៤ ឆ្នាំ២០២១នេះ។ យ៉ាងណា ក្រសួងទេសចរណ៍នឹងចាប់ផ្តើមធ្វើកិច្ចការខាងលើនេះជាមួយក្រសួងសុខាភិបាល គឺជាមួយគណៈកម្មការចំពោះកិច្ច ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក៏ដូចជាវិស័យឯកជនផង លើការងារទាំងនេះ។
 
ទាក់ទងនឹងការភ្ញៀវទេសចរ លោក តុប សុភ័ក្រ្ដ ពន្យល់ថា ក្រសួងក៏នឹងពិភាក្សាចំពោះភ្ញៀវទេសចរដែលនឹងអនុញ្ញាតចូលមកដែរ គឺអាចនៅប្រទេសជិតខាង ឬតំបន់អាស៊ាន ឬប្រទេសផ្សេងៗទៀតដែលមានការគ្រប់គ្រងជំងឺកូវីដ១៩បានល្អប្រសើរ។ លោកបន្ថែមថា៖‍« មិនមែនយើងយកអ្នកជំងឺកូវីដមកចម្លងដល់ប្រទេសយើងទេ យើងគិតគូរល្អិតល្អន់ យើងធ្វើច្រើន ចឹងមិនអាចធ្វើភ្លាមៗទេ ត្រូវការពិភាក្សាច្រើន ដើម្បីឲ្យទេសចរ ទាំងអ្នកបម្រើសេវាមានទំនុកចិត្ត»៕

© រក្សាសិទ្ធិដោយ thmeythmey.com