ជាតិ
ពិព័រណ៍សារមន្ទីជាតិ១០១ឆ្នាំ៖ (ថ្មភក់) សិលាឯកសម្រាប់ចម្លាក់ខ្មែរ
11, Apr 2021 , 8:29 pm        
រូបភាព
រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិ។
រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិ។
ដោយ: ថ្មីៗ
ភ្នំពេញ៖ សារមន្ទីជាតិដែលស្ថិតនៅក្រោមចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតពិព័រណ៍តាមអនឡាញជាលើកទី១របស់ខ្លួននៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ នៅក្នុងអំឡុងពេលពិព័រណ៍នេះ សារមន្ទីជាតិផ្សព្វផ្សាយប្រវត្តិរូបចម្លាក់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនជូនអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ ដោយទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញខាងលើ និងដោយមានគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) សូមបង្ហាញជូននូវប្រវត្តិរូបចម្លាក់មួយចំនួនដូចតទៅ។ បញ្ជាក់៖ រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិ។



ក្នុងប្រទេសកម្ពុជាសម័យបុរាណនៅរវាងសតវត្សទី៦ ដល់ទី១៤ ថ្មភក់ (អ្នកបាត់ដំបង និងអ្នកសៀមរាប ហៅថាថ្មខ្សាច់) ជាវត្ថុពេញនិយមសម្រាប់ធ្លាក់រូប។ ថ្មភក់ជា ប្រភេទសិលាកម្ទេចកំណ ដែលកើតឡើងពីសមាសធាតុរ៉ែផ្សេងៗរួមមានក្ខត្សហ្វែល ដ៏ស្ប៉ាស៍ និងបំណែកសិលា។ ផ្អែកលើសណ្ឋានដីនៅស្រុកខ្មែរ ថ្មភក់បង្កើតបានជាជ្រលង ជួរភ្នំដងរែកនៅផ្នែកខាងជើង និងជួរភ្នំ ក្រវាញនៅភាគខាងលិច ហើយវាលាតសន្ធឹងជាស្រទាប់ ថ្មភក់ក្រោមផ្ទៃដីតាមបណ្តោយដងទន្លេមេគង្គនៅផ្នែកខាងជើងនៃខេត្តក្រចេះ។ ក្រៅពីទីតាំងខាងលើនេះ គេក៏ប្រទះឃើញថ្មភក់នៅតាមភ្នំទោលនិងប្រជុំកូនភ្នំមួយចំនួន ដែលនៅរាយប៉ាយតាមតំបន់ទំនាបកណ្តាលក្នុងភាគពាយ័ព្យនិងអាគ្នេយ៍ (សូមមើល ផែនទី)។
 
ប្រសិនបើពិនិត្យទៅតាមសម័យកាល និងភូមិសាស្ត្រតំបន់ ថ្មភក់ដែលយកមកសាងប្រាសាទ និងឆ្លាក់រូបមាន ៣ប្រភេទសំខាន់ៗគឺ៖ 
 
-ថ្មភក់ទ្រីយ៉ាសិក៍ (២៥២-២០១លានឆ្នាំមុន) មានពណ៌បៃតងលាយប្រផេះហើយពេលខ្លះផ្ទៃថ្មមានចាំងពន្លឺ ពណ៌ខៀវប្រឿងៗ។ ថ្មភក់ប្រភេទនេះមានសាច់តាន់ និងរឹងល្អ | ហេតុដូច្នេះទើបចាស់បុរាណនិយមប្រើសម្រាប់ឆ្លាក់រូបទេពក្នុងសម័យមុនអង្គរ (សតវត្សទី៦-៨) និងបន្តដល់សតវត្សទី១៤។ 
 
-ថ្មភក់អារ៍កូសិក៍ពណ៌ប្រផេះ ជាប្រភេទថ្មដែលសម្បូរសារធាតុហ្វែលដ៏ស្មៅរ៍ខ្ពស់ ហើយកើតចេញពីចលនាបំលែងនៃថ្មភក់ស្រទាប់កណ្តាល (នារវាងពាក់កណ្ដាល-ចុងយុគសម័យ ជីរ៉ាសិក រវាង១៧៤-១៤៥លានឆ្នាំមុន)។ ថ្មភក់ប្រភេទនេះ ចាស់បុរាណនិយមយកទៅប្រើប្រាស់សាងសង់ប្រាសាទក្នុងសម័យអង្គរ ជាពិសេសគឺការសាងប្រតិមាធំៗនៅរាជធានី កោះកេរ។ 
 
-ថ្មភក់ពណ៌ផ្កាឈូកក្រហម ជាប្រភេទថ្មដែលសម្បូរសារធាតុក្វាតខ្ពស់ ហើយកើតចេញពីចលនាបំលែងនៃថ្មភក់ស្រទាប់លើ (ដើមយុគសម័យថេនើស៍ នារវាង១៤៥-១០០ | លានឆ្នាំមុន) នៅក្នុងចំណោមថ្មភក់ស្រទាប់លើ (ភាគដើមនៃយុគរវាង១៤៥ មក១០០លានឆ្នាំមុន)។ ថ្មភក់ប្រភេទនេះមិនសូវសម្បូរទេ ដ្បិតការប្រើប្រាស់ មានឃើញតែនៅលើ ចម្លាក់ និងសំណង់ប្រាសាទបន្ទាយស្រីនាអំឡុងចុងសតវត្សទី១០ប៉ុណ្ណោះ។
 
កន្លងមកការស្រាវជ្រាវដឹងច្បាស់ពីការដ្ឋានយកថ្មភក់អារ៍កូសិក៍ពណ៌ប្រផេះមកសាងប្រាសាទ ប៉ុន្តែការស្រាវជ្រាវទាំងនោះមិនទាន់រកឃើញទីតាំងយកថ្មភក់សម្រាប់សាង ប្រតិមាឡើយ ជាពិសេសប្រតិមាសម័យមុនអង្គរ។
 
ផ្ទៃថ្មពណ៌ត្នោត ត្នោតស្រាល ឬប្រផេះស្រាលនៅលើសាច់ថ្មនៃរូបចម្លាក់នាពេលបច្ចុប្បន្ននេះមានពណ៌ខុសពីពណ៌ថ្មភក់ដែលទើបយកមកឆ្លាក់ពីដំបូង ព្រោះផ្ទៃរបស់វា ត្រូវបានខាត់រមឹង ឬឡើងស្ទុះមតាមបែបធម្មជាតិ។ ផ្ទៃពណ៌ខាងក្រៅនេះក៏អាចមានការប្រែប្រួលអាស្រ័យទៅលើកត្តាអាយុកាល និងលក្ខខណ្ឌនៃការរក្សាទុកដែរ។ រូបចម្លាក់នៅ សារមន្ទីរនេះត្រូវបានយកចេញពីទីតាំងដើមបណ្ដាលឲ្យបាត់ពណ៌ ដូច្នេះហើយអ្នកទស្សនាត្រូវពិនិត្យមើលដោយម៉ត់ចត់ថា នៅលើផ្ទៃនៃរូបដើមទាំងនោះមួយចំនួនអាចនឹងមាន លាបលនថ្នាំពណ៌និងស្រ័ក្សណ៍ ឬទីបសន្លឹកមាស ឯរូបចម្លាក់ខ្លះទៀតអាចមានបិតត្បូង ឬវត្ថុមានតម្លៃលម្អបន្ថែមទៀត៕ 

Tag:
 វប្បធម៌
  សារមន្ទីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com