ពលរដ្ឋខ្មែរ បញ្ចេញប្រតិកម្មប្រឆាំងនឹងការកែរូបថតអ្នកទួលស្លែង!
ជាតិ
ពលរដ្ឋខ្មែរ បញ្ចេញប្រតិកម្មប្រឆាំងនឹងការកែរូបថតអ្នកទួលស្លែង!
11, Apr 2021 , 6:39 pm        
រូបភាព
រូបភាពជនរងគ្រោះនៅគុក​ទួលស្លែង
រូបភាពជនរងគ្រោះនៅគុក​ទួលស្លែង
ភ្នំពេញ៖ ក្រោយសិល្បករជនជាតិអៀរឡង់ម្នាក់ បានកែរូបថតអ្នកគុកទួលស្លែង ដែលស្ថិតក្រោមការគំរាមកំហែង និងធ្វើទារុណកម្មទៅជារូបញញឹម ត្រូវបានពលរដ្ឋកម្ពុជាមួយចំនួន បញ្ចេញប្រតិកម្មប្រឆាំងនឹងការកែរូបថត។ ពលរដ្ឋទាំងនោះ សោកស្ដាយចំពោះទង្វើរបស់ជនជាតិអៀរឡង់ និងសំណូមពរឱ្យចាត់វិធានការតាមផ្លូវច្បាប់។


 
ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានសម្ដែងការមិនពេញចិត្តចំពោះសកម្មភាពរបស់សិល្បករជនជាតិអៀរឡង់មួយរូប ដែលបានកែរូបថតអ្នកគុកទួលស្លែងទៅជាញញឹម។ ពលរដ្ឋខ្មែរខ្លះ បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក, ខ្លះរៀបចំការបោះឆ្នោតប្រឆាំងនឹងការកែរូបខាងលើ និងខ្លះទៀតបញ្ចេញមតិយោបល់ជាភាសាអង់គ្លេសលើគណនីហ្វេសប៊ុក VICE Asia ដែលជាទីបង្ហោះរូបថតជនរងគ្រោះ។
 
កញ្ញា Nikki ជាតារាចម្រៀងខ្មែរមួយរូប បានបញ្ចេញមតិក្នុងគណនីហ្វេសប៊ុក VICE Asiaយ៉ាងដូច្នេះ៖ «នេះជាការបំភ្លៃប្រវត្តិសាស្រ្ត និងការពិត។ សូមអានប្រវតិ្តសាស្រ្ត និងស្រាវជ្រាវបន្ថែមទៀត។ មុនពេល ធ្វើឱ្យមានការខឹងសម្បាទូទាំងប្រទេស»។ 
 
ទន្ទឹមនឹងនេះ ក៏ឃើញមានវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផងដែរ។ ប្រធានក្រុមយុវជនដ៏ធំនៅកម្ពុជារូបនេះនេះ សម្ដែងនូវការសោកស្ដាយ ដោយលើកឡើងថា៖ «រាល់ការកែច្នៃ ការលេងសើច ឬទង្វើណាមួយ របស់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផង ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដោយត្រូវយល់ឲ្យច្បាស់ ពីការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសាក្សីរស់ដែលនៅរស់រានមានជីវិត ពីសោកនាដកម្ម ដ៏សាហាវ យង់ខ្នងនេះ»។
 
លោក ហ៊ុន ម៉ានី សង្ឃឹមថា ករណីបែបនេះ ឬស្រដៀងគ្នានេះ នឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ។ សម្រាប់លោក ហ៊ុន ម៉ានី ក្នុងនាមជាកូនខ្មែរ មិនអាចទទួលយកបានជាដាច់ខាត ចំពោះបុគ្គលដែលប្រមាថ ទោះក្នុងរូបភាពណាក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យជាធរមាន។
 
ដោយឡែក ជនរងគ្រោះនៅគុកទួលស្លែង ដែលមានជីវិតរស់នៅ លោក នង ចាន់ផល បានបដិសេធចំពោះសកម្មភាពជនជាតិអៀរឡង់កែរូបថតទៅជាញញឹម។ ស្ថិតក្នុងវ័យ៩ឆ្នាំ លោក នង ចាន់ផល ជាជនរងគ្រោះម្នាក់ក្នុងគុកទួលស្លែង បានឱ្យដឹងថា ការនៅសម័យនោះ មិនមានរូបភាពញញឹមបែបនេះទេ ព្រោះជនរងគ្រោះទាំងអស់កំពុងរងការធ្វើទារុណកម្មពីខ្មែរក្រហម។ 
 
លោក នង ចាន់ផល ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំមិនគាំទ្រចំពោះការយកសោកនាដកម្មរបស់ជនរងគ្រោះទៅលេងសើច និងកែប្រែប្រវត្តិសាស្រ្តឡើយ»។ ជនរងគ្រោះនៃគុកទួលស្លែងរូបនេះ គាំទ្រចំណាត់ការរបស់ក្រសួងវប្បធម៌ដែលព្រមានចាត់វិធានការលើសិល្បករ អៀរឡង់ម្នាក់ដែលកែរូបអ្នកទោសទួលស្លែងឱ្យញញឹម។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែមេសានេះ រូបថតអ្នកទោសនៃមន្ទីរសន្តិសុខ ស-២១ ដែលញញឹម ហើយត្រូវបានបង្ហោះនៅលើបណ្ដាញព័ត៌មានឌីជីថលរបស់អាមេរិក និងកាណាដាមួយឈ្មោះ VICE។ ជាមួយគ្នានេះ អ្នកកែរូបថតជនរងគ្រោះទាំងនោះ ត្រូវបានគេស្គាល់ជាជនជាតិអៀរឡង់ឈ្មោះ Matt Loughrey៕ 
 







Tag:
 គុកទួលស្លែង
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com