COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មី២៧៧នាក់ ក្នុងនោះភ្នំពេញ២០៤នាក់ ស្វាយរៀង៤៣នាក់ ក្រុមគ្រូពេទ្យនាពេលរៀបចំតេស្តវត្ថុសំណាករបស់ពលរដ្ឋនៅផ្សារអូរឫស្សីកន្លងមក
× មនុស្ស២៧៧នាក់ទៀតនៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ខណៈ៦០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃចន្ទ ទី១២ ខែមេសា នេះ រាជធានីភ្នំពេញ ជាកន្លែងមានករណីច្រើនជាងគេបំផុត បន្ទាប់មកស្វាយរៀង។
ករណីទាំង២៧៧ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយរាជធានីភ្នំពេញ មានអ្នកជំងឺ២០៤នាក់ ក្នុងនោះខ្មែរ២០២នាក់ និងចិន២នាក់។ អ្នកជំងឺ២០៣នាក់ មិនទាន់មានកន្លែងព្យាបាលឡើយ ដោយគិតត្រឹមពេលចេញសេចក្តីប្រកាសព័ត៌មាន។
ស្វាយរៀងស្ថិតនៅលំដាប់ទី២លើករណីឆ្លងប្រចាំថ្ងៃ ដែលមានចំនួន៤៣នាក់ ក្នុងនោះខ្មែរមាន៣៥នាក់ ចិន៧នាក់ និងវៀតណាម១នាក់។ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រុំ។
ខេត្តកណ្តាល មាន២៣ករណី ដែលសុទ្ធតែជាជនជាតិខ្មែរ។ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈ។
ក្រៅពីនេះ ៣ករណីនៅពោធិ៍សាត់ ដោយអ្នកជំងឺជាជនជាតិខ្មែរនៅឃុំស្នាមព្រះ ស្រុកបាកាន។ ២ករណីនៅព្រៃវែង ១ករណីនៅព្រះសីហនុ និង១ករណីនៅតាកែវ។
អ្នកសះស្បើយមាន៦០នាក់បន្ថែមទៀត ដោយ១នាក់ជាជនជាតិខ្មែរដែលធ្វើដំណើរពីជប៉ុន និង៥៩ករណីពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដោយ៤៨នាក់នៅខេត្តព្រះសីហនុ ៩នាក់នៅភ្នំពេញ និង២នាក់នៅកណ្តាល។
អ្នកស្លាប់ឡើងដល់២០នាក់ ដោយអ្នកជំងឺចុងក្រោយ ជាស្ត្រីខ្មែរវ័យ៦១ឆ្នាំ។
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់។
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com