អន្តរជាតិ
ប្រមុខការទូតអឺរ៉ុបថា​ ចិននិងរុស្ស៊ីបំផ្លាញការខិតខំរបស់ពិភពលោកលើរបបសឹកមីយ៉ាន់ម៉ា
12, Apr 2021 , 10:47 am        
រូបភាព
មន្រ្តីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប​ Josep Borrell នៅថ្ងៃទី១១ ខែមេសា បានចោទ ចិន និងរុស្ស៊ី ជាអ្នកបំផ្លាញវិធានការរបស់ពិភពលោក ដែលត្រូវបានដាក់លើរបបសឹកមីយ៉ាន់ម៉ា ដើម្បីឱ្យរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកជាប់ឃុំ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ អឺរ៉ុបអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជាច្រើន ប្រសិនបើលទ្ធិប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ។

 
ចាប់តាំងពីរដ្ឋប្រហារយោធាមក ចិន និងរុស្ស៊ី មិនទាន់ដាក់ចេញទណ្ឌកម្មដូចបណ្តាប្រទេសដទៃ លើរបបសឹកឡើយ ប៉ុន្តែប្រទេសទាំងពីរគ្រាន់តែបង្ហាញការបារម្ភពីស្ថានការវិវឌ្ឍនៅមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសទាំងពីរ ទំនងមកពីដោយសារភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍។
 
នៅក្នុងវិចារណកថាមួយ ដែលត្រូវបានបង្ហោះវេបសាយសហភាពអឺរ៉ុបនៅថ្ងៃទី១១ ខែមេសា ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បានលើកឡើងយ៉ាងដូច្នេះថា៖ «វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេថា រុស្ស៊ី និងចិន រាំងខ្ទប់ការប៉ុនប៉ងរបស់ក្រុមប្រឹក្សាសន្តិសុខ ដូចជាការដាក់ទណ្ឌកម្មលើការនាំចេញនាំចូលអាវុធ»។ 
 
បើតាមប្រធានគោលនយោបាយការបរទេសអឺរ៉ុប ការរាំងខ្ទប់នោះ គឺដោយសារតែផលប្រយោជន៍សេដ្ឋកិច្ច ការលក់អាវុធ និងភូមិសាស្រ្តនយោបាយជាដើម។ បញ្ហានេះ បានធ្វើឱ្យសហគមន៍អន្តរជាតិពិបាករកដំណោះស្រាយរួម ដើម្បីដាក់លើរដ្ឋាភិបាលយោធា ដែលកំពុងបង្រ្កាបប្រជាជនមីយ៉ាន់ម៉ាយ៉ាងខ្លាំង។ មកទល់ពេលនេះ ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានសម្លាប់ក្រុមបាតុករមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ៧០០នាក់ និងចាប់ខ្លួនជាច្រើនពាន់នាក់។ 
 
ដ្បិតវាពិបាកក្នុងការដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ដោយសារមានចិន និងរុស្ស៊ីជាបង្អែកមែន ប៉ុន្តែអឺរ៉ុប នឹងព្យាយាមបន្តទៀត ដើម្បីស្តារលទ្ធិប្រជាជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះឡើងវិញ។ 
 
ក្នុងវិចារណកថាដដែលនេះ លោក Borrell បានលើកឡើងថា អឺរ៉ុបអាចបង្កើនទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀតជាមួយមីយ៉ាន់ម៉ា ប្រសិនបើលទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងវិញ ក្នុងនោះរួមទាំង ពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍប្រកបដោយចីរភាព។ ស្របពេលសន្យាផ្តល់ឱ្យផលប្រយោជន៍សេដ្ឋកិច្ចបន្ថែម អឺរ៉ុប ក៏បានព្រមានដាក់ទណ្ឌកម្មលើរបបសឹកបន្ថែមផងដែរ។ 
 
«យើងកំពុងធ្វើការលើទណ្ឌកម្មជាលើកទីពីរ ដើម្បីដាក់លើបុគ្គល និងក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមយោធា»។ លោក Borrell បានសង្កត់ធ្ងន់បែបនេះ។ 
 
គួររំលឹកថា នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៩ ការវិនិយោគដោយផ្ទាល់នៅមីយ៉ាន់ម៉ារបស់អឺរ៉ុបសរុបមានត្រឹមតែ ៧០០លានដុល្លារប៉ុណ្ណោះ បើធៀបនឹងចិន ដែលមានទំហំរហូតដល់ ១៩ពាន់លានដុល្លារ៕ 
 

Tag:
 អឺរ៉ុប
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com