កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ខឹង Solskjaer ដែលរិះគន់ Son រឿងដួលពេលប៉ះ McTominay
12, Apr 2021 , 4:13 pm        
រូបភាព
លោក Jose Mourinho បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះលោក Ole Gunnar Solskjaer បន្ទាប់ពីអ្នកចាត់ការទូទៅ Manchester United វាយប្រហា Heung-Min Son ដោយពាក្យសម្តីមើលងាយ។ Solskjaer ដែលមិនអស់ចិត្តទោះ Man Utd ឈ្នះ Spurs ៣-១ ហើយនោះ បាននិយាយថាបើ Son ជាកូនខ្លួន នឹងមិនឲ្យបាយគេហូបទេ ព្រោះរូបគេធ្វើឱ្យលោកជាឪពុកបាក់មុខ។


Man Utd បានយកឈ្នះម្ចាស់ផ្ទះ Tottenham Hotspurs ៣-១ នៅជំនួប Premier League សប្តាហ៍ទី៣១ នាថ្ងៃទី១១ ខែមេសា។ Son ជាអ្នករកគ្រាប់នាំមុខឱ្យក្រុមលោក Jose Mourinho នៅនាទី៤០ និងជាអ្នកធ្វើឱ្យអាជ្ញាកណ្តាលមិនផ្តល់គ្រាប់បញ្ចូលទីរបស់ Edinson Cavani ផងដែរ។
 
Cavani បានសម្រេចទីគ្រាប់ដំបូងទៅហើយនៅនាទី៣៣ ប៉ុន្តែត្រូវបានបដិសេធវិញ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR ឃើញថា Scott McTominay យកដៃប៉ះមុខ Son តាមការទាមទាររបស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង និងអ្នកចាត់ការ Mourinho។ យ៉ាងណា បិសាចក្រហមនៅតែអាចវាយបកយកឈ្នះ ៣-១ វិញ តាមរយៈ Fred, Cavani និង Mason Greenwood។
 
បើទោះការប្រកួតចប់ដោយទទួលបាន៣ពិន្ទុហើយក្តី ប៉ុន្តែលោក Solskjaer មិនអស់ចិត្តនឹងគ្រាប់បាល់ដំបូងរបស់ Cavani ឡើយ។ អ្នកចាត់ការសញ្ជាតិន័រវែសបានវាយប្រហារ Son ក្នុងសន្និសីតកាសែតថា៖«ប្រសិនបើ Son ជាកូនប្រុសរបស់ខ្ញុំ ដួលនៅទីលាន៣នាទី ហើយមិត្តរួមក្រុមបួន ដប់នាក់ទៅជួយលើកគេនោះ រូបគេនឹងមិនទទួលបានអាហារពីខ្ញុំឡើយ»។ 
 
ការលើកឡើងរបស់ Solskjaer បានធ្វើឱ្យលោក Mourinho ខឹងសម្បារយ៉ាងខ្លាំង។ អតីតអ្នកចាត់ការ Man Utd រូបនេះបាននិយាយវាយបកទៅ Solskjaer វិញថា៖ « ខ្ញុំគ្រាន់តែចង់និយាយថា Son ពិតជាមានសំណាងណាស់ដែលឪពុករបស់គាត់ជាមនុស្សល្អជាង Solskjaer ព្រោះខ្ញុំគិតថាឪពុកខ្ញុំ ហើយខ្ញុំជាឪពុកគេ ត្រូវតែចិញ្ចឹមកូនៗទោះមានបញ្ហាអ្វីក៏ដោយ»។
 
ក្រោយទទួលបានជ័យជម្នះនេះ Man Utd បានកើន៣ពិន្ទុទៀតដើម្បីមានឱកាសច្រើនក្នុងការប្រជែងពានក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាលនេះជាមួយ Manchester City។ Man Utd រកបាន៦៣ពិន្ទុឈរលេខ២ ក្រោយការប្រកួត៣១លើក តាមពីក្រោយក្រុមកំពូលតារាង Man City ដែលប្រកួត៣២លើក ចំនួន១១ពិន្ទុ៕ 
 
 
 

Tag:
 Jose Mourinho
  Ole Gunnar Solskjaer
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com