អាជ្ញាធរខេត្តសៀមរាប បិទផ្សារក្រោមបណ្តោះអាសន្ន ក្រោយមានអ្នកឆ្លងកូវីដ-១៩ ម្នាក់ទៀត
COVID-19
ជាតិ
អាជ្ញាធរខេត្តសៀមរាប បិទផ្សារក្រោមបណ្តោះអាសន្ន ក្រោយមានអ្នកឆ្លងកូវីដ-១៩ ម្នាក់ទៀត
12, Apr 2021 , 5:07 pm        
រូបភាព
រដ្ឋបាលខេត្ត សៀមរាប បានសម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោម បន្ទាប់ពីរកឃើញបុរសម្នាក់ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមេសានេះ។ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត បុរសរូបនេះ ជាអ្នកលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ជាបុគ្គលដែលបានធ្វើចត្តាឡីស័ក ដែលជាប់ពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ពុធ សំអាត កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ និងជាករណីជាប់ពាក់ព័ន្ធជាមួយអ្នកបើករថយន្តតាក់ស៊ី។

 
ក្រៅពីប្រកាសបិទផ្សារក្រោមបណ្តោះអាសន្ន អាជ្ញាធរ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកលក់ដូរ និងអ្នកចេញចូលផ្សារក្រោម ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន។ ​បើមានការប្រែប្រួលសុខភាព អាជ្ញាធរឱ្យពលរដ្ឋរាយការណ៍ ​ទៅកាន់​លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ យកសំណាកធ្វើតេស្ត រកជំងឺកូវីដ-១៩។


 
បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទផ្សារចំនួន២ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះក្នុងសហគមន៍ ក្នុងនោះមានផ្សារភូមិភាគ និងទី២ ផ្សារក្រោម ដែលជាផ្សារធំមួយស្ថិតនៅប៉ែកខាងត្បូងក្រុងសៀមរាប។
 
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមេសានេះ ខេត្តសៀមរាបបានរកឃើញអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាករណីទី១៣ហើយ រាប់ចាប់ពីខេត្តនេះរកឃើញករណីដំបូងកាលពីថ្ងៃទី២០ មីនា។ ក្នុងចំណោមអ្នកទាំងនោះ បានជាសះស្បើយមួយនាក់ និង១២នាក់ទៀត កំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត៕


 

© រក្សាសិទ្ធិដោយ thmeythmey.com