អន្តរជាតិ
ជប៉ុន ចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យប្រជាជនចាប់ពីអាយុ៦៥ឆ្នាំឡើង
12, Apr 2021 , 9:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ជប៉ុន បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យប្រជាជនវ័យចំណាស់ដែលមានអាយុ ៦៥ឆ្នាំឡើង នៅថ្ងៃទី១២ ខែមេសា បើទោះជាប្រឈមមុខការខ្វះខាតវ៉ាក់សាំង និងរលកឆ្លងទីបួនដែលកំពុងកើន ឡើងជាលំដាប់។


ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនជប៉ុនដែលមានអាយុ៦៥ឆ្នាំឡើងទៅ បានចាប់ផ្តើមនៅតាមទីតាំង ចំនួន១២០កន្លែងនៅទូទាំងប្រទេស ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។ វ៉ាក់សាំង ត្រូវបាន ចែកចាយតាមតំបន់ក្នុងសប្តាហ៍មុន។
 
ក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា ប្រជាជនចំនួន២,៨១០នាក់ដែលរស់នៅក្នុងទីក្រុងតូក្យូត្រូវបាន រំពឹងនឹងទទួលបានការចាក់ថ្នាំវ៉ាក់សាំងលើកដំបូង ខណៈតំបន់ផ្សេងទៀតនឹងទទួលបានត្រឹមតែ១ ពាន់ដូស ឬតិចជាងនេះសម្រាប់ចាក់ឱ្យប្រជាជនប៉ុណ្ណោះ។ នេះក៏ដោយសារតែវ៉ាក់សាំង នៅមិនទាន់ មានការផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយ។
 
ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានបញ្ជាក់ នៅថ្ងៃទី១២ ខែមេសា ថា ជប៉ុនអាចធានាការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់សម្រាប់ប្រជាជនជប៉ុនដែលមានអាយុលើសពី ៦៥ឆ្នាំចំនួន៣៦លាននាក់ប៉ុណ្ណោះនៅត្រឹមចុងខែមិថុនា។ យ៉ាងណាមិញ លោក Kato អះអាងថា ប្រសិនបើការនាំចូលវ៉ាក់សាំងពីអឺរ៉ុបដំណើរការដោយរលូន វ៉ាក់សាំង អាចមានគ្រប់គ្រាន់សម្រាប់ មនុស្សចាស់បានទាំងអស់។
 
កន្លងមក ជប៉ុនពឹងផ្អែកលើវ៉ាក់សាំងរបស់ Pfizer ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តែមួយគត់ ត្រូវ បានអនុម័តដោយនិយតករឱសថជប៉ុន។ ប្រជាជនជប៉ុនជាង១លាននាក់ដែលភាគច្រើនជាបុគ្គលិក ថែទាំសុខភាពជួរមុខ ទទួលបានវ៉ាក់សាំង Pfizer មួយដូសរួចមកហើយ។ នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ និងមន្ត្រីប្រមាណ៩០រូប ក៏ត្រូវចាក់វ៉ាក់សាំងនេះ ដើម្បីត្រៀមទៅជួបកិច្ចប្រជុំប្រធានាធិបតី អាមេរិក ចូ បៃឌិន ។
 
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនទូទៅនៅជប៉ុន នៅមិនទាន់មានដំណើរការពេញ លេញនៅឡើយ។ ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងក្នុងប្រទេសជប៉ុន ទំនងជាអាចបង្កើនល្បឿន បានក្នុងខែឧសភា ខណៈវ៉ាក់សាំងបន្ថែមនឹងមកដល់នាពេលខាងមុខ។ គិតមកដល់ថ្ងៃទី១២ ខែមេសា ជប៉ុនមានករណីវិជ្ជមានជាង៥០ម៉ឺនករណី ខណៈអ្នកស្លាប់មានជាង៩ពាន់នាក់ផងដែរ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com