អន្តរជាតិ
សកម្មជនប្រឆាំងមីយ៉ាន់ម៉ា អំពាវនាវឱ្យប្រជាជនបន្តតវ៉ា ខណៈលោកស្រី ស៊ូជី រងបទចោទមួយទៀត
12, Apr 2021 , 5:59 pm        
រូបភាព
បាតុកម្មទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ រូបភាព៖ AP
បាតុកម្មទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ រូបភាព៖ AP
សកម្មជនមីយ៉ាន់ម៉ាដែលប្រឆាំងរដ្ឋាភិបាលយោធា នៅថ្ងៃទី១២ ខែមេសា បានអំពាវនាវឱ្យប្រជាជននៅទូទាំងប្រទេសស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌រួមគ្នាអំឡុងចូលឆ្នាំថ្មី ដើម្បីបង្ហាញការជំទាស់នឹងរបបសឹក ដែលគ្រប់គ្រងប្រទេស។ នៅថ្ងៃដដែល លោកស្រី អ៊ុងសាន ស៊ូជី ក៏រងបទចោទមួយទៀត។

 
ពិធីចូលឆ្នាំថ្មី គឺជាប្រពៃណីដ៏សំខាន់មួយរបស់មីយ៉ាន់ម៉ា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ប៉ុណ្ណោះ ដែលត្រូវបានរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាលុបចោល ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ។ ពិធីរបស់ព្រះពុទ្ធសាសនាមួយនេះ ត្រូវបានប្រជាជនមីយ៉ាន់ម៉ាហៅថា Thingyan ដែលបារព្ធឡើងនៅក្នុងសប្តាហ៍នេះ។ 
 
ស្របពេលពិធីប្រពៃណីចូលមកដល់ ក្រុមសកម្មជនមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបសឹក បានអំពាវនាវឱ្យប្រជាជនចូលរួម ដើម្បីបង្ហាញការជំទាស់នឹងក្រុមយោធា។ «ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា មិនបានគ្រប់គ្រងពិធីThingyanឡើយ។ អំណាចរបស់ប្រជាជន គឺនៅក្នុងដៃរបស់ប្រជាជន»។ កញ្ញា  Ei Thinzar Maung ដែលជាមេដឹកនាំម្នាក់នៃក្រុមបាតុកម្ម General Strike Collaboration Committee បានសរសេរបែបនេះលើបណ្តាញសង្គមFacebook របស់ខ្លួននៅថ្ងៃទី១២ ខែមេសា។ 
 
មេដឹកនាំបាតុកម្មរូបនេះ ក៏បានអំពាវនាវឱ្យពុទ្ធសាសនិក ស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌ជាមួយគ្នា ដើម្បីបង្ហាញការមិនពេញចិត្តលើក្រុមយោធា។ ចំណែកសាសនិកគ្រិស្តវិញ ត្រូវស្លៀកសំលៀកបំពាក់ពណ៌ស និងសូត្រព្រះគម្ពីរ។ ចំណែកសាសនាផ្សេងទៀត ត្រូវតែធ្វើតាមមេដឹកនាំសាសនារបស់គេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព៏ត៌មាន Reuters ។
 
ចំណែកសារព័ត៌មាន The Irrawaddy ក៏បានចុះផ្សាយថា ក្រុមយុវជនផ្សេងទៀតដែលប្រឆាំងរដ្ឋាភិបាលយោធានៅក្នុងក្រុងយ៉ាំងហ្គោន, ក្រុងTaunggyi នៃរដ្ឋ Shan និងតំបន់ផ្សេងទៀត បានអំពាវនាវឱ្យប្រជាជនពហិកាប្រារព្ធពិធីឆ្លងឆ្នាំថ្មី ដើម្បីបង្ហាញការមិនពេញចិត្តលើរបបសឹកមីយ៉ាន់ម៉ា។
  
ក្នុងថ្ងៃដដែលនេះ តុលាការមីយ៉ាន់ម៉ា បានបើកសវនាការលើលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល តាមប្រព័ន្ធវីដេអូផងដែរ។ ក្នុងសវនាការនេះ លោកស្រីស៊ូជី បានរងបទចោទចំនួន ១ទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។  មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ក៏បានស្នើតុលាការ ដើម្បីជួបជាមួយមេធាវីលោកស្រីដោយផ្ទាល់ផងដែរ។ 
 
កន្លងទៅ លោកស្រីបានរងបទចោទជាច្រើនរួចហើយ ចាប់តាំងពីបទល្មើសបំពានវិធានកូវីដ-១៩ ដល់បទចោទទទួលសំណូកជាច្រើនម៉ឺនដុល្លារ។ មកទល់ពេលនេះ លោកស្រីបានរងបទចោទចំនួន ៦ករណីហើយ។ សរុបបទចោទទាំងអស់ លោកស្រី ស៊ូជី ប្រឈមមុខជាប់ពន្ធនាគារជាង១០ឆ្នាំឯណោះ។ 
 
ទាក់ទងរឿងបុណ្យឆ្នាំថ្មីនេះ កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ ប្រមុខការទូតអាមេរិក  លោក អាន់តូនី ប្ល៊ីងខិន ក៏បានផ្ញើសារជូនពរប្រជាជនមីយ៉ាម៉ាផងដែរ។ សារជូនពរនោះ បានលាយជាមួយក្តីបារម្ភ ដោយសារការបង្រ្កាបយ៉ាងខ្លាំងពីសំណាក់ក្រុមយោធា លើប្រជាជន។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ អាមេរិកសង្ឃឹមថា ឆ្នាំថ្មី នឹងនាំសន្តិភាពមកប្រជាជនមីយ៉ាន់ម៉ាទាំងអស់។ មិនតែប៉ុណ្ណោះ អាមេរិកនឹងឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា ស្របពេលប្រជាជនកំពុងជម្នះនឹងឧបសគ្គ និងបង្កើតលទ្ធិប្រជាធិបតេយ្យឡើងវិញ៕ 
 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com