អន្តរជាតិ
ប៊ូតង់ ចាក់វ៉ាក់សាំងឱ្យប្រជាជនពេញវ័យ៩៣ភាគរយដោយប្រើពេលត្រឹម១៦ថ្ងៃ
13, Apr 2021 , 10:16 am        
រូបភាព
ប៊ូតង់ ដែលជារដ្ឋតូចមួយនៅជួរភ្នំហិមាល័យ​ បានចាក់វ៉ាក់សាំងឱ្យប្រជាជនពេញវ័យរបស់ខ្លួនចំនួន៩៣ភាគរយហើយ ដោយពេលត្រឹម១៦ថ្ងៃប៉ុណ្ណោះ។ យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប៊ូតង់ អាចចាត់ទុកថា មានល្បឿនលឿនជាងអ៊ីស្រាអែល ឬអង់គ្លេសទៅទៀត។​

 
រាជាណាចក្រប៊ូតង់ ដែលនៅចន្លោះមហាយក្សចិន និងឥណ្ឌា ទើបចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននៅថ្ងៃទី២៧ ខែមីនាប៉ុណ្ណោះ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca ជាអំណោយរបស់ឥណ្ឌា។​ ជាលទ្ធផលដ៏គួរឱ្យសរសើរ ប្រទេសតូចមួយនេះ មានល្បឿនចាក់វ៉ាក់សាំងដ៏លឿនផងដែរ ទោះចាប់ផ្ដើមក្រោយបន្តិចក្ដី។
 
បើតាមទីភ្នាក់ងារព័ត៌មាន AP ប្រជាជនពេញវ័យរបស់ប៊ូតង់ចំនួន៩៣ភាគរយហើយ ទទួលបានវ៉ាក់សាំង ចំណែកប្រជាជនប្រមាណ៦០ភាគរយនៃប្រជាជនសរុបទាំងជាង៨សែននាក់ ទទួលបានវ៉ាក់សាំងផងដែរ។ ចំនួនប្រជាជនតិចបែបនេះ ជារឿងល្អមួយសម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ប៊ូតង់។  បន្ថែមពីលើនេះ ការចូលរួមរបស់អ្នកស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំង ក៏ជំរុញល្បឿនការចាក់វ៉ាក់សាំងនេះ គួបផ្សំហេដ្ឋារចនាសម្ព័ន្ធវ៉ាក់សាំងដែលមានស្រាប់។ 
 
ការចាក់វ៉ាក់សាំងលឿនបែបនេះ ធ្វើឱ្យប៊ូតង់ឈរលំដាប់ទីពីរបន្ទាប់ពីដែនកោះសីស្ហែលក្នុងការចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើន។ សីស្ហែលមានប្រជាជនប្រមាណ១សែននាក់ ហើយអ្នកទទួលបានវ៉ាក់សាំងមាន៦៦ភាគទៅហើយ។
 
លេខាធិការក្រសួងសុខាភិបាលប៊ូតង់ លោក Pandup Tshering បញ្ជាក់ថា វ៉ាក់សាំង នឹងបន្តផ្ដល់ឱ្យអ្នកដែលមិនទាន់ទទួលបានអំឡុងពេលយុទ្ធនាការ ហើយប៊ូតង់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ឱ្យប្រជាជនទាំងអស់។ ប៊ូតង់ទទួលអំណោយវ៉ាក់សាំងពីឥណ្ឌាចំនួន១៥ម៉ឺនដូសកាលពីខែមីនាកន្លងទៅ។
 
តាំងពីផ្ទុះជំងឺកូវីដ-១៩ មក ប៊ូតង់មានករណីឆ្លងសរុប៩៥០នាក់ និងស្លាប់ម្នាក់។ ប្រទេសនេះ តម្រូវឱ្យអ្នកដំណើរទាំងអស់នៅដោយឡែក២១ថ្ងៃ។ ប៉ុន្តែសាលារៀន និងគ្រឹះស្ថានអប់រំនានា បន្តដំណើរការធម្មតាដោយអនុវត្តតាមវិធានការសុខាភិបាល៕
 

Tag:
 ប៊ូតង់
© រក្សាសិទ្ធិដោយ thmeythmey.com