ពីនេះ ពីនោះ
មិនធុញ! ចូលឆ្នាំនៅផ្ទះ គឺជាពេលវេលារម្លឹក ឬបង្កើតអនុស្សាវរីយ៍…!
13, Apr 2021 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ ក៏សម្រេចចិត្តមិនធ្វើដំណើរទៅទីណាដែរ ព្រោះ ស្ថានភាពកូវីដដូចជាមិនថយចុះតែម្តង។ អាជ្ញាធរពាក់ព័ន្ធបានអង្វរ និងអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះ ឬចូលឆ្នាំនៅផ្ទះក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ។ ចូលឆ្នាំនៅផ្ទះ ធុញ ឬជាពេលវេលាបង្កើតអនុស្សាវរីយ៍?


 
សំណាង៖ អា សុធីរ! អ្នកខ្លះរអ៊ូថា នៅផ្ទះទៀតហើយចូលឆ្នាំ ឆ្នាំនេះ ធុញណាស់ អាកូវីដហ្នឹង? 
 
សុធីរ៖ គ្រាន់តែនៅផ្ទះ គ្មានអីត្រូវធុញទេ។ នៅផ្ទះធុញ តែវាប្រសើរជាងនៅពេទ្យ។ កូវីដគ្មានស្គាល់នរណា ជានរណាទេវ៉ើយ។ 
 
សំណាង៖ ចូលឆ្នាំខ្មែរ ឆ្នាំនេះ អាជ្ញាធរពាក់ព័ន្ធជំរុញឲ្យពលរដ្ឋស្នាក់នៅផ្ទះដើម្បីចៀសវាងការរីករាលដាលនៃកូវីដ។ តើគេគួរធ្វើអ្វីខ្លះដើម្បីកុំឲ្យធុញ ពេលស្នាក់នៅផ្ទះក្នុងរយៈពេលវែង? 
 
សុធីរ៖ អានេះ សួរអញ ដូចជាអញហ្នឹងអ្នកជំនាញផ្នែកចិត្តសាស្រ្តអ៊ីចឹង។ អញគ្មានចំណេះឆ្លើយទៅនឹងសំណួរអ្ហែងទេ។  
 
សំណាង៖ អញមិនត្រូវការចម្លើយលក្ខណៈវិទ្យាសាស្រ្តឯណា។ អញចង់បានតែគំនិតរបស់អ្ហែងតើ!  
 
សុធីរ៖ អើ! បើជាគំនិតអញ អញអាចឆ្លើយបានខ្លះ។ សកម្មភាពដែលគួរធ្វើដើម្បីចៀសវាងការតប់ប្រមល់ ឬធុញ ឬស្រ្តេស៖ អានសៀវភៅ, ធ្វើម្ហូប, ពិសាអាហាររួមគ្នា, អាន ស្តាប់ ឬមើលព័ត៌មាន, ដាំដំណាំ, ដាំផ្កា, ជជែកគ្នាលេងរឿងបច្ចុប្បន្នភាព ឬរឿងអតីតកាល, លេងកីឡា, លេងជាមួយសត្វ, មើលរឿងផ្សេងៗ, បើកមើលរូបថតអនុស្សាវរីយ៍ចាស់ៗ, បង្រៀនកូនតូចៗ, សើរើកិច្ចការ កន្លងមក, គ្រោងគម្រោងអនាគត, លេងបៀ(មិនលើកទឹកចិត្តទេ), បង្កើតកម្មវិធីផ្សេងៗជា លក្ខណៈគ្រួសារ, បន្តធ្វើកិច្ចការដែលខ្លួនកំពុងធ្វើ, សរសេរសៀវភៅ, រៀបចំផ្ទះឡើងវិញ, សម្អាតសួន។ល។ ជារួម ក្នុងកាលៈទេសៈនេះ បុគ្គលម្នាក់ៗ គួរបង្កើតសកម្មភាពណា ដែលអនុញ្ញាតឲ្យខ្លួនឯងអាចស្នាក់នៅផ្ទះបានយូរ ប្រសើរ ជាងធ្វើ ដំណើរទៅក្រៅផ្ទះ ជួបជុំជាមួយមនុស្សផ្សេង។ 
 
សំណាង៖ ជារួម ផ្ទះ ឬគេហដ្ឋាន គឺជាអ្វីដែលមនុស្សឲ្យតម្លៃ និងស្រឡាញ់ខ្លាំងបំផុត។ តែក្នុងជីវិតប្រចាំថ្ងៃ មនុស្សមិនសូវបាននៅផ្ទះ ឬគេហដ្ឋានទេ ព្រោះ ម្នាក់ៗរវល់ការងារខាងក្រៅច្រើនពេក។ អ៊ីចឹង ចូលឆ្នាំខ្មែរ ឆ្នាំនេះ ស្នាក់នៅផ្ទះ ក៏ជាពេលវេលាល្អម្យ៉ាងដែរ មិនថា អ៊ីចឹង អា សុធីរ? 
 
សុធីរ៖ ជាការពិត ស្ទើរតែគ្រប់គ្នា ដោយសារតែការងារ ដូច្នេះ ភាគច្រើន ម្នាក់ៗចូលផ្ទះតែពេលយប់ទេនៅក្នុងស្ថានភាពធម្មតា។ អ៊ីចឹង ចូលឆ្នាំនេះ បើគ្រប់គ្នាស្នាក់នៅផ្ទះម្តងដើម្បីរួមចំណែកកាត់បន្ថយឥទ្ធិលកូវីដ វាក៏ជាអ្វីដែលអស្ចារ្យបំផុតដែរ។ ស្នាក់នៅផ្ទះក៏អនុញ្ញាតឲ្យក្រុមគ្រួសារបង្កើតអនុស្សាវរីយ៍ល្អៗបន្ថែមទៀត និងម្យ៉ាងទៀត វាក៏ជាវេលាដែលម្ចាស់ផ្ទះនីមួយៗមានពេលគ្រប់គ្រាន់អាចគយគន់សម្រស់ផ្ទះខ្លួនឯងជាមួយអារម្មណ៍ជ្រះថ្លា មិនថា ជាផ្ទះតូចឬធំក៏ដោយ។ 
 
សំណាង៖ អ៊ីចឹង អ្ហែងពិតជានៅផ្ទះមែនឬចូលឆ្នាំនេះ? 

សុធីរ៖ អញដូចជាមិនត្រូវទៅណាទេ ព្រោះ របស់របរហូបចុក អញបានទិញស្តុកជាស្រេចហើយ។ 
 
សំណាង៖ មានទិញស្រាបៀរស្តុកទេ?  
 
សុធីរ៖ ចង់ដែរ តែឆ្នាំនេះ ដាច់យ៉ៃ គ្មានលុយដោយសារកូវីដ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com