អន្តរជាតិ
ជប៉ុន នឹងបញ្ចេញទឹក​វិទ្យុសកម្មដែលបន្សុទ្ធរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលសមុទ្រ
13, Apr 2021 , 12:33 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ូហ្កា យូស៊ីហ៊ីដេ  នៅថ្ងៃទី១៣ ខែមេសា បានអះអាងថា រដ្ឋាភិបាល បានអនុម័តគម្រោងបញ្ចេញទឹក​ដែលមាន​សារធាតុ​វិទ្យុសកម្មជាង១លានតោន ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ប៉ុន្តែគម្រោងនេះ បានរងការជំទាស់ពីសហគមន៍នេសាទក្នុងស្រុក សកម្មជនប្រឆាំងនុយក្លេអ៊ែរ និងប្រទេសជិតខាងមានចិន និងកូរ៉េខាងត្បូង។

 
​ទឹក​ដែលមាន​សារធាតុ​វិទ្យុសកម្មប្រមាណ ១,២៥លានតោន ត្រូវស្តុកក្នុងរោងចក្រ Fukushima តាំងពីឆ្នាំ២០១១ មក ក្រោយហេុតការណ៍រញ្ជួយដី។ ទឹកនេះ ក៏រួមទាំងទឹកធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ ទាំងទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលកន្លែងស្តុកជារៀងរាល់ថ្ងៃ។ បើតាមការអះអាងរបស់ក្រុមហ៊ុនកន្លងមក ទឹកដែលមានសារធាតុវិទ្យុសកម្មនេះ នឹងពេញកន្លែងស្តុកនៅឆ្នាំ២០២២ ខាងមុខ។ 
 
ទាក់ទិននឹងបញ្ហានេះ ជប៉ុន បានអនុម័តគម្រោងបញ្ចេញទឹកដែលបន្សុទ្ធរួចពីរោងចក្រនុយក្លេអ៊ែរមួយនេះ ចូលទៅក្នុងសមុទ្រ បន្ទាប់ពីសិក្សាបញ្ហាខាងលើអស់រយៈពេលជាយូរ។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៣ ខែមេសា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងថា ការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ ជាកិច្ចការមិនអាចបញ្ចៀសបាន។ កិច្ចការបង្ហូរទឹកចូលទៅក្នុងសមុទ្រនេះ អាចនឹងចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំខាងមុខ និងអាចប្រើពេលជាច្រើនទសវត្សរ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមប្រមុខរដ្ឋាភិបាលជប៉ុន ការបង្ហូរទឹកចូលទៅក្នុងសមុទ្រនេះ នឹងធ្វើឡើងនៅពេលជប៉ុន អាចរក្សាកម្រិតសុវត្ថិភាពរបស់ទឹក និងវិធានការផ្សេងទៀត ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ប្រទេសផងដែរ។
 ទោះមានការអះអាងពីនាយករដ្ឋមន្រ្តីជប៉ុនទាក់ទិននឹងបន្សុទ្ធទឹកដែលមានសារធាតុវិទ្យុសកម្មក្តី សហគមន៍នេសាទក្នុងស្រុក បានជំទាស់នឹងចំណាត់ការនេះ ព្រោះទឹកទាំងនោះធ្វើឱ្យប៉ះពាល់ដល់ការនេសាទ។ ពួកគេក៏បារម្ភពីផលប៉ះពាល់លើទីផ្សារត្រី ព្រោះប្រជាជនមួយចំនួន រួមទាំងបណ្តាប្រទេសនានា នឹងឈប់ទិញត្រីដែលត្រូវបាននេសាទនៅក្នុងតំបន់មួយនេះ។
 
«ពួកគេប្រាប់យើងថា ពួកគេនឹងមិនបញ្ចេញទឹកចូលទៅក្នុងសមុទ្រដោយគ្មានការគាំទ្រពីអ្នកនេសាទឡើយ»។ លោក Kanji Tachiya ប្រធានសហករណ៍នេសាទក្នុងស្រុកនៅ Fukushima បានអះអាងបែបនេះ ទៅកាន់ទូរទស្សន៍ជប៉ុន NHK មុនការប្រកាសរបស់រដ្ឋាភិបាល ដោយបន្ថែមថា ប្រជានេសាទនឹងមិនគាំទ្រការមិនគោរពការសន្យានេះឡើយ។ 
 
រដ្ឋាភិបាលជប៉ុន បានអះអាងថា វិធានការបញ្ចេញទឹកនេះ ក៏ត្រូវបានគាំទ្រដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ផងដែរ។  អង្គការអន្តរជាតិមួយនេះបានអះអាងថា ការបញ្ចេញ​ទឹក​មានសារធាតុវិទ្យុសកម្មដែលសបន្សុទ្ធរួច​ពី​រោងចក្រ​នុយក្លេអ៊ែរ ចូលទៅក្នុង​សមុទ្រ ជាការ​អនុវត្ត​ទូទៅ​ហើយ​នៅ​ទូទាំង​ពិភពលោក​។ 
 
ជាមួយគ្នានេះ បណ្តាប្រទេសជិតខាង ក៏បានបង្ហាញការបារម្ភលើការបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានជំរុញឱ្យជប៉ុន មានការទទួលខុសត្រូវជុំវិញការរំដោះទឹកចេញពីរោងចក្រ ដើម្បីការពារផលប្រយោជន៍សាធារណអន្តរជាតិ និងប្រជាជនចិន។ ដូចគ្នានឹងចិនដែរ កូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាខាងលើ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រជាជនខ្លួន និងបរិស្ថាននៅពេលអនាគត៕ 
 

Tag:
 ជប៉ុន
  នុយក្លេអ៊ែរ
  ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com