COVID-19
ជាតិ
សេដ្ឋកិច្ច
អ្នកឆ្លងកូវីដ និងអ្នកធ្វើចត្តាឡីស័ក អាចពន្យារពេលបាន៣ខែដូចគ្នា ក្នុងការបង់ប្រាក់ដើមទៅធនាគារ
13, Apr 2021 , 1:35 pm        
រូបភាព
ប្រជាពលរដ្ឋនៅម្តុំផ្សារចាស់ កំពុងតម្រង់ជួរគ្នាយកវត្ថុសំណាក ដើម្បីតេស្តរកវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី១២មេសា ឆ្នាំ២០២១។ រូបថត៖ សៅ ផលនិស្ស័យ
ប្រជាពលរដ្ឋនៅម្តុំផ្សារចាស់ កំពុងតម្រង់ជួរគ្នាយកវត្ថុសំណាក ដើម្បីតេស្តរកវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី១២មេសា ឆ្នាំ២០២១។ រូបថត៖ សៅ ផលនិស្ស័យ
ភ្នំពេញ៖ អ្នកធ្វើចត្តាឡីស័ក ដែលជំពាក់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ និងអាចពន្យារពេលបង់ការប្រាក់បាន១ខែ។ ចំណែក អ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែដូចគ្នា តែចំពោះការបង់ការប្រាក់ អាចពន្យារពេលបាន២ខែ (លើសអ្នកធ្វើចត្តាឡីស័ក១ខែ)។



សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានធ្វើសេចក្តីសម្រេចថ្មីមួយទៀត ដោយអនុញ្ញាតឲ្យអតិថិជន ដែលកំពុងធ្វើចត្តាឡីស័ក អាចពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ។ ចំពោះការបង់ការប្រាក់ សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនបានផ្លាស់ប្តូរឡើយ ដោយនៅតែអនុញ្ញាតឲ្យអ្នកធ្វើចត្តាឡីស័ក អាចពន្យារពេលបាន១ខែ តាមសេចក្តីសម្រេចកន្លងមក។

សម្រាប់អ្នកឆ្លងជំងឺកូវីដ-១៩ ទទួលបានការអនុញ្ញាតឲ្យពន្យារពេលបង់ការប្រាក់បានដល់២ខែ ខណៈសេចក្តីសម្រេចកន្លងមក អនុញ្ញាតឲ្យតែ១ខែ។ ចំពោះការបង់ប្រាក់ដើម សមាគមធនាគារនិងសមាគមគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ នៅតែផ្តល់ការអនុគ្រោះឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារពេលបាន៣ខែដដែល។

តាមរយៈសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បញ្ជាក់ថា៖«ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះអតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩»។

កាលពីថ្ងៃទី៧ ខែមេសា សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចេញចេញសេចក្តីថ្លែងការណ៍លើកទី១ ដោយសម្រេចឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារពេលបង់ប្រាក់ដើម៣ខែ និងបង់ការប្រាក់រយៈពេល១ខែ ចំណែកអ្នកធ្វើចត្តាឡីស័ក អាចពន្យារពេលបង់ប្រាក់ដើមនិងបង់ការប្រាក់រយៈពេលត្រឹម១ខែ។ តែក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្ថែមចំនួននៃការពន្យារពេលបង់ទាំងប្រាក់ដើមនិងការប្រាក់ ដល់អ្នកឆ្លងជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក៕

Tag:
 ធនាគារ
  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
  អ្នកធ្វើចត្តាឡីស័ក
  ពន្យារពេលបង់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com