អន្តរជាតិ
ឥណ្ឌូណេស៊ី ពេញចិត្តប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ Sinovac
13, Apr 2021 , 2:38 pm        
រូបភាព
រូបថត AFP
រូបថត AFP
ឥណ្ឌូណេស៊ី នៅថ្ងៃទី១២ ខែមេសា បានអះអាងថា ខ្លួនពេញចិត្តប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន Sinovac ដែលខ្លួនកំពុងប្រើប្រាស់។ ការអះអាងនេះ ធ្វើឡើងក្រោយមន្រ្តីចិនលើកឡើងពី ប្រសិទ្ធភាពមិនសូវខ្ពស់របស់វ៉ាក់សងចិន។ 


ឥណ្ឌូណេស៊ី ហាក់មិនខ្វល់ខ្វាយនឹងរបាយការណ៍ដែលមន្ត្រីចិននិយាយពាក់ព័ន្ធប្រសិទ្ធភាពទាបរបស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិនឡើយ។ អ្នកនាំពាក្យក្នុងកម្មវិធីវ៉ាក់សាំងកូវីដ-១៩ របស់ ឥណ្ឌូណេស៊ី លោកស្រី Siti Nadia Tarmizi បានលើកយករបាយការណ៍របស់អង្គការសុខភាព ពិភពលោកដែលរកឃើញថា វ៉ាក់សាំងរបស់ចិន បានបំពេញគ្រប់តាមតម្រូវការដោយមានប្រសិទ្ធភាព លើស៥០ភាគរយ។ 
 
លើសពីនេះ លោកស្រីបានកត់សម្គាល់ថា ចំពោះការសាកល្បងរបស់វ៉ាក់សាំងក្រុមហ៊ុន Sinovac នៅឥណ្ឌូណេស៊ី ប្រសិទ្ធភាពមានដល់ទៅ៦៥ភាគរយផងដែរ។ លោកស្រី Siti Nadia Tarmizi បានបន្ថែមដូចនេះថា៖«វាមានន័យថា យើងកំពុងនិយាយអំពីសមត្ថភាពក្នុងការបង្កើតអង្គបដិប្រាណ នៅក្នុងខ្លួនរបស់យើងដែលមានលទ្ធផលយ៉ាងប្រសើរ»។​ 
 
ប្រធានមជ្ឈមណ្ឌលបង្ការជំងឺឆ្លងរបស់ចិន លោក Gao Fu ត្រូវបានសារព័ត៌មាននានាស្រង់សម្ដី ថា វ៉ាក់សាំងការពារកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅមានប្រសិទ្ធភាពទាបនៅឡើយ។ ហេតុនេះ ចិនកំពុងពិចាណាពីយុទ្ធសាស្ត្រថ្មីគឺការលាយវ៉ាក់សាំងដើម្បីជំរុញប្រសិទ្ធភាពវ៉ាក់សាំង។
 
ទាក់ទងរឿងនេះ លោកស្រី Tarmizi បានលើកឡើង ឥណ្ឌូណេស៊ី នឹងរង់ចាំមើលការសាកល្បង របស់ចិនដើម្បីធានាថា គំនិតថ្មី ក្នុងការលាយវ៉ាក់សាំងនេះនឹងធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែ ខ្លាំង ក៏ដូចជាមានសមត្ថភាពបង្កើតប្រព័ន្ធភាពស៊ាំបានរឹងមាំខ្លាំងឡើងបើប្រៀបធៀបនឹងវ៉ាក់សាំង បច្ចុប្បន្ន ឬយ៉ាងណា។  
 
បើតាមទីភ្នាក់ងារព័ត៌មាន AP អ្នកជំនាញខ្លះជឿថា ការលាយវ៉ាក់សាំង អាចបង្កើនប្រសិទ្ធភាពក្នុងការ ការពារប្រឆាំងនឹងវីរុស។ ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសក៏កំពុងសិក្សាពីការលាយបញ្ចូលគ្នា រវាងវ៉ាក់សាំងរបស់ Pfizer និង AstraZeneca ផងដែរ។
 
បច្ចុប្បន្ននេះ ចិនមានវ៉ាក់សាំងចំនួន ៥ ដែលត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំ របស់ខ្លួន។ ប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះមានចាប់ពីជាង៥០ភាគរយទៅ៧៩ភាគរយ។ ចិនបាន ចែកចាយវ៉ាក់សាំងផលិតក្នុងស្រុករាប់រយលានដូសទៅបណ្តាប្រទេសជាច្រើន ខណៈឥណ្ឌូណេស៊ី ទទួលបានវ៉ាក់សាំងរបស់ Sinovac ជាង៥៣,៥លានដូសមកហើយ និងបានបញ្ជាទិញវ៉ាក់សាំង Sinopharm ចំនួន១៥លានដូសពីចិនទៀត៕
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com