អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សែលកាត អនុវត្តវិធានការតឹងរ៉ឹងជាងមុនដល់និយោជិក និងអតិថិជនរបស់ខ្លួន
13, Apr 2021 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ - ក្រុមហ៊ុន សែលកាត បានចូលរួមគាំទ្រយុទ្ធនាការ ៣ ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ បានយល់ដឹងអំពីសារសំខាន់ នៃយុទ្ធនាការនេះ នៅតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមទាំងអស់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
 
យុទ្ធនាការនេះ ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធាន ៣ការពារ ពោលគឺលាងដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រួមជាមួយនិងវិធាន៣កុំ គឺត្រូវជៀសវាងទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ទៅតំបន់ដែលមានមនុស្សច្រើនកុះករ ឬប៉ះពាល់គ្នា ដូចជាការចាប់ដៃស្វាគមន៍ជាដើម។
 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ «វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលពលរដ្ឋទាំងអស់យល់ច្បាស់ នូវគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លងនេះ នៅក្នុងថ្ងៃបុណ្យឈប់សម្រាក»។
 
ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% តែមួយគត់ យើងប្តេជ្ញាជួយការពារអតិថិជន និងបុគ្កលិកទាំងអស់របស់យើង ឱ្យមានសុខសុវត្ថិភាពល្អ។ ពួកយើង ក៏នឹងធ្វើកិច្ចការគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រដល់ពលរដ្ឋខ្មែរ នៅក្នុងកំឡុងស្ថានភាពដ៏ពិបាកនេះផងដែរ។
 
ក្រុមហ៊ុន សែលកាត នឹងបន្តវិនិយោគទៅលើបណ្តាញ 4G LTE របស់ខ្លួននៅក្នុងឆ្នាំនេះ តាមរយៈការបង្កើននូវទីតាំងផ្តល់បណ្តាញសេវា ពង្រីកសេវាគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងបង្កើនសមត្ថភាពបណ្តាញឱ្យកាន់តែប្រសើរជាងមុន។ ពួកយើង ថែមទាំងបានបង្កើននូវសេវាបម្រើអតិថិជន ដើម្បីជួយឆ្លើយតបទៅនឹងរាល់សំណួរ ក៏ដូចជាចម្ងល់ទាំងឡាយ របស់ពួកគាត់ផងដែរ។
 


ជាងនេះទៀត ពួកយើងបានបន្តគាំទ្រវិធានការសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅតាមបណ្តាហាងទាំងអស់របស់ សែលកាត ដោយជំរុញឱ្យអតិថិជនទាំងអស់ ប្រើប្រាស់នូវសេវាកម្មឌីជីថលដ៏សម្បូរបែប ដែលកំពុងដាក់បម្រើជូនរួចជាស្រេចរបស់ពួកយើង ដើម្បីបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទរបស់ពួកគេ។ យើងបានផ្តល់ជូនការលើកទឹកចិត្តបន្ថែមដល់អតិថិជនឱ្យប្រើប្រាស់សេវាកម្មទាំងនេះ ពោលគឺអាចជួយកាត់បន្ថយនូវតម្រូវការអញ្ជើញមកកាន់ហាងផ្ទាល់។
 
លោកបានមានប្រសាសន៍ទៀតថា៖ “បច្ចុប្បន្ននេះ យើងមានផ្តល់នូវសេវាឌីជីថលទាំងស្រុង ដើម្បីផ្តល់ជូនអតិថិជននូវសុខសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់” ។ សម្រាប់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ពួកគាត់អាចកុម្ម៉ង់ទិញស៊ីម សែលកាត បានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដែលផ្តល់សេវាដឹកជញ្ជូន ដល់គេហដ្ឋានផ្ទាល់ ដែលក្នុងនោះមានដូចជា Wing Mall, Nham 24 និង Smile Shop ជាដើម ហើយសេវាចុះឈ្មោះដោយខ្លួនឯងរបស់យើងទៀតសោត អនុញ្ញាតឱ្យអតិថិជន អាចដំណើរការស៊ីមកាតរបស់ពួកគេ និងចាប់ផ្តើមប្រើប្រាស់គម្រោងរបស់ពួកយើង ក្នុងរយៈពេលត្រឹមតែ 20នាទីប៉ុណ្ណោះ បន្ទាប់ពីបានបញ្ជាទិញរួច”។


 
“ចំពោះក្រុមហ៊ុន សែលកាត ពួកយើងតែងប្រកាន់ខ្ជាប់នូវវិធានការ និងពិធីសារសុវត្ថិភាពជាប់ជានិច្ច តាំងតែពីការចាប់ផ្តើមរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូងមកម្ល៉េះ។ ប៉ុន្តែបន្ទាប់ពីមានការផ្ទុះឡើងជាថ្មី នាពេលថ្មីៗនេះ យើងបានអនុវត្តតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីផ្តល់ជូននូវសុខ សុវត្ថិភា ពដល់អ្នកគ្រប់គ្នា។
 
“យើងបានរៀបចំ នូវនីតិវិធីមួយភាគធំ តាមបែបឌីជីថល ដើម្បីអនុញ្ញាតឱ្យបុគ្គលិកភាគច្រើន អាចបំពេញកិច្ចការពីផ្ទះរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាអាចរក្សាផ្នែកទាំងមូលនៃបណ្តាញ ប្រព័ន្ធ និងសេវាបម្រើអតិថិជនរបស់ពួកយើង ឱ្យនៅដំណើរការបានល្អដូចប្រក្រតី”។
 
ការរៀបចំនីតិវិធីបែបឌីជីថលរបស់ពួកយើង រួមមាន ការស្ទង់មតិតាមអនឡាញប្រចាំថ្ងៃ ដើម្បីឱ្យបុគ្គលិកទាំងអស់ អាចរាយការណ៍អំពីទីតាំង ការធ្វើដំណើរ សីតុណ្ហភាព និងបញ្ហាទាក់ទងនឹងផ្នែកសុខភាពរបស់ពួកគេជាដើម។


 
ការស្ទង់មតិប្រចាំថ្ងៃមួយទៀត គឺសាកសួរដល់បុគ្គលិកថា តើពួកគេកំពុងស្ថិតនៅក្នុងតំបន់កំពុងឆ្លងរីករាលដាលខ្លាំង ឬ យ៉ាងណា ដោយក្នុងនោះ ពួកយើង នឹងរៀបចំនូវនីតិវិធីស្នាក់នៅដាច់ដោយឡែក ជូនដល់បុគ្គលិក ដែលរស់នៅក្នុងតំបន់ទាំងនោះ ដែលជាលទ្ធផល ពួកយើងនឹងអាចការពារបុគ្គលិក និងអតិថិជនប្រកបដោយសុខសុវត្ថិភាពល្អបំផុត។
 
លោក វ៉ាតសុន បានបន្ថែមឱ្យដឹងទៀតថា ក្រុមហ៊ុន សែលកាត នឹងចូលរួមជួយធានាថា សារនៃវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមបណ្តាញផ្សព្វផ្សាយធំៗ ដែលក្នុងនោះរួមមានប៉ុស្តិ៍ទូរទស្សន៍ នៅទូទាំងប្រទេសកម្ពុជា ការចាក់ផ្សាយតាមវិទ្យុ ការបញ្ជូនដំណឹងតាមរយៈសារ និងប្រព័ន្ធបណ្តាញសង្គមទាំងអស់ រួមជាមួយនឹងការគាំទ្រពី Influencer និងសិល្បករមានទេពកោសល្យជាច្រើនរូបទៀត របស់ សែលកាត។
 
លោកបានមានប្រសាសន៍ថា៖ «យុទ្ធនាការនេះ គឺជាវិធីសាស្រ្តមួយ ក្នុងចំណោមវិធីសាស្រ្តជាច្រើនទៀត ដែលក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កំពុងជួយគាំទ្រដល់ពលរដ្ឋកម្ពុជា នៅក្នុងអំឡុងនៃវិបត្តិជំងឺរាតត្បាតនេះ។ មិនតែប៉ុណ្ណោះ លោក គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកស្រី ម៉ៅ ចំណាន ក៏បានចូលរួមជួយបរិច្ចាគថវិកា ជាច្រើនលើក នាពេលថ្មីៗនេះ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនេះផងដែរ៕
 
 















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com