ជាតិ
សុខភាព
ផ្សារគគីរ នៅស្រុកកៀនស្វាយ ត្រូវបានបិទ ក្រោយមានអាជីវករឆ្លងកូវីដ-១៩
13, Apr 2021 , 3:29 pm        
រូបភាព
ទិដ្ឋភាពនៅមុខផ្សារគគីរ ស្រុកកៀនស្វាយ ពេលអាជ្ញាធរ ចុះយកអ្នកជំងឺកូវីដ-១៩ ទៅព្យាបាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
ទិដ្ឋភាពនៅមុខផ្សារគគីរ ស្រុកកៀនស្វាយ ពេលអាជ្ញាធរ ចុះយកអ្នកជំងឺកូវីដ-១៩ ទៅព្យាបាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សម្រេចផ្អាកដំណើរការផ្សារគគីរ ដែលមានទីតាំងនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកៀនស្វាយ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣មេសានេះ តទៅ។ សេចក្តីជូនដំណឹងរបស់លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការបិទផ្សារគគីរ គឺដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃទីចុងក្រោយនេះ ក្រសួងសុខាភិបាល រកឃើញអាជីវករក្នុងផ្សារនេះ ឆ្លងកូវីដ-១៩ (COVID-19)។

 
 
បើតាមលោក គង់ សោភ័ណ្ឌ ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍២០កុម្ភៈ នៅក្នុងផ្សារគគីរនេះ អាចរីករាលជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ លោក បញ្ជាក់ដូច្នេះថា៖«ចំពោះមុខ រដ្ឋបាលខេត្តកណ្តាល សូមផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារគគីរ ស្រុកកៀនស្វាយ ចាប់ពីថ្ងៃទី១៣មេសា ឆ្នាំ២០២១រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ដល់បងប្អូនអាជីវករ អតិថិជនដទៃ ក៏ដូចជាប្រជាពលរដ្ឋចេញ-ចូលក្នុងផ្សារនេះ»។
 
ក្នុងអំឡុងពេលនៃការផ្អាកដំណើរផ្សារនេះ អភិបាលខេត្តកណ្តាល ប្រកាសធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារ និងទំនិញគ្រប់ប្រភេទរបស់អាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ  មិនឱ្យបាត់បង់ និងមិនតម្រូវឱ្យបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ 
 
នាព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសរកឃើញមនុស្ស៣នាក់ទៀត នៅក្នុងខេត្តកណ្តាល ដែលឆ្លងកូវីដ-១៩ ដោយក្នុងមាន២នាក់ ជាអាជីវករនៅក្នុងផ្សារគគីរ៕
 
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងព្រះវិហារ៕
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com