ជាតិ
បញ្ហានៃវ៉ាក់សាំង និងការចាក់វ៉ាក់សាំង៖ បើមិនជួយចែវ កុំយកដៃរាទឹក
13, Apr 2021 , 3:59 pm        
រូបភាព
រូបភាពដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
រូបភាពដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១
ដោយបណ្ឌិត អ៊ុន ឃាង
 
ដោយមើលឃើញពីគ្រោះថ្នាក់ជាក់ស្តែង និងបច្ចុប្បន្នភាព នៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការពន្លឿនការអភិវឌ្ឍវ៉ាក់សាំង ខ្ញុំគិតថា ខ្ញុំពុំចាំបាច់ធ្វើអត្ថាធិប្បាយម្តងទៀតលើបញ្ហានៃការចាក់វ៉ាក់សាំង និងថាតើវ៉ាក់សាំងមួយណា ដែលប្រជាជនកម្ពុជា គួរតែទទួលនោះឡើយ។ អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង គួរតែត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែតរួចទៅហើយ។ ជាអកុសល នេះមិនមែនជាករណី សម្រាប់មនុស្សមួយចំនួនទេ។ បន្ទាប់ពីបានអានការអត្ថាធិប្បាយ របស់អ្នករិះគន់រដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំង ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ខំឱ្យខ្ញុំបញ្ចេញយោបល់សារជាថ្មីម្តងទៀត ទៅលើបញ្ហាទាំងនេះ។ ការអះអាងនៃអ្នករិះគន់ទាំងនេះ ទៅលើវ៉ាក់សាំង និងការចាក់វ៉ាក់សាំង មានភាពផ្ទុយស្រឡះ ដោយពេលខ្លះគ្មានភាពត្រឹមត្រូវ និងប្រកបដោយភាពគ្រោះថ្នាក់ ដើម្បីកេងចំណេញនយោបាយ និងលើកតម្កើងខ្លួនឯង។ អ្នកទាំងនោះ ក៏ធ្លាប់បានចោទសួរ ពីសុវត្ថិភាពរបស់វ៉ាក់សាំង ដែលផលិតនៅចិន ដោយលើកឡើងថា “រដ្ឋាភិបាលកម្ពុជា មានចេតនាយកពលរដ្ឋខ្លួន ធ្វើជាឧបករណ៍សាកល្បងវ៉ាក់សាំង ដើម្បីផ្គាប់ចិត្តចិន”។ នៅពេលដែលការអះអាងនេះ ត្រូវបានគេច្រានចោល អ្នករិះគន់ទាំងនេះ បានប្តូរមកលើកឡើង នូវបញ្ហាមួយផ្សេងទៀត ទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន។ ខណៈមនុស្សមួយចំនួនក្នុងចំណោមនោះ បានប្រឆាំងនឹងការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់ក្រុមមនុស្សជាក់លាក់មួយចំនួន ដូចជាកម្មកររោងចក្រ អ្នកខ្លះទៀតក្នុងចំណោមនោះ បានប្រតិកម្មយ៉ាងហួសហេតុ ដោយថាប្រជាជនកម្ពុជា មិនគួរទទួលយកការចាក់វ៉ាក់សាំងរបស់ចិនតែម្តង។ តាមទស្សនៈរបស់ពួកគេ ប្រជាជនកម្ពុជា គួរតែរង់ចាំការចាក់វ៉ាក់សាំង ដែលផលិតនៅបស្ចិមប្រទេស។ ការអះអាងទាំងនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ និងមានភាពគ្រោះថ្នាក់ណាស់ ចំពោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

 
កម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងចិន (Sinovac និង Sinopharm) ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាព ទាបជាងវ៉ាក់សាំងដែលផលិតដោយ Pfizer, AstraZeneca, Moderna និង Johnson & Johnson។ យ៉ាងណាក្តី អត្រាប្រសិទ្ធភាពទាបជាង មិនមែនស្មើនឹងគ្មានប្រសិទ្ធភាពនោះទេ។ បើទោះបីវ៉ាក់សាំងចិន មិនអាចការពារអ្នកចាក់វ៉ាក់សាំងបានទាំងស្រុង ពីការឆ្លងក៏ដោយ (ហើយក៏មិនទាន់មានវ៉ាក់សាំងណាមួយ អាចធ្វើបានដូចនេះនៅឡើយដែរ) ការសិក្សាបែបវិទ្យាសាស្ត្រ បានបង្ហាញថា វ៉ាក់សាំង ជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ បង្ការការចូលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ និងមរណភាព ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងចិន។ តាមពិតទៅ កម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងចិន គឺស្របទៅនឹងស្តង់ដាររបស់អង្គការសុខភាពពិភពលោក។
 
ការអះអាងថា កម្ពុជាគួរតែរង់ចាំទទួលវ៉ាក់សាំងរបស់បស្ចិមប្រទេស គឺជានយោបាយ ដែលគ្មានភាពប្រាកដនិយម និងជានយោបាយអត្តឃាត។ ដូចដែលខ្ញុំបានបញ្ចេញមតិ នៅក្នុងការអត្ថាធិប្បាយរបស់ខ្ញុំ កាលពីលើកមុន “បណ្តាប្រទេសអ្នកមាន បានបញ្ជាទិញជាមុន នូវវ៉ាក់សាំងផលិតដោយ AstraZeneca, Pfizer និង Moderna។ ដូចនេះ វាត្រូវការពេលវេលាយូរណាស់ ទម្រាំវ៉ាក់សាំងទាំងនេះ អាចទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា។ ហើយនៅពេលនោះទៀតសោត តម្លៃវ៉ាក់សាំង នឹងមានតម្លៃខ្ពស់ជាង បើប្រៀបធៀបនឹងវ៉ាក់សាំង ដែលផលិតនៅប្រទេសចិន”។ តាមពិត នៅពេលដែលជំងឺកូវីដ១៩ កំពុងរាលដាលពាសពេញពិភពលោក វិសមភាពនៃវ៉ាក់សាំង បានលេចចេញយ៉ាងច្បាស់។ គេប៉ាន់ប្រមាណថា វាអាចចំណាយពេលប្រហែលពីរឆ្នាំទៀត ដើម្បីប្រទេសក្រីក្រ អាចទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។ ដោយអត្រា នៃការឆ្លងរាលដាលក្នុងសហគមន៍នាពេលបច្ចុប្បន្ន និងភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាលនៅកម្ពុជា ប្រទេសកម្ពុជា មិនមានលទ្ធភាពរង់ចាំបន្តទៀតឡើយ។ ប្រសិនបើគ្មានវិធានការបង្ការ និងការចាក់វ៉ាក់សាំងតឹងរឹងទេ ការកើនឡើងនៃការឆ្លង នឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ គេអាចស្រមៃបានថា តើមានមនុស្សប៉ុន្មាននាក់ នឹងត្រូវបាត់បង់ជីវិត ឬត្រូវក្លាយជាជនរងគ្រោះ ដោយសារវីរុសកូរ៉ូណា។ ដូចដែលពិភពលោកបានឃើញ វីរុសនេះ បានវាយប្រហារ សូម្បីតែនៅប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចជាប្រទេសអ៊ីតាលី ដែលមនុស្សរាប់ពាន់នាក់ បានស្លាប់ ដោយសារកង្វះគ្រែមន្ទីរពេទ្យ និងបំពង់ជំនួយដង្ហើម។
 
ការអះអាងដែលគ្មានការទទួលខុសត្រូវ របស់ក្រុមប្រឆាំង អាចបង្កឱ្យមានភាពស្ទាក់ស្ទើរ ក្នុងចំណោមប្រជាជនកម្ពុជា ក្នុងការចាក់វ៉ាក់សាំង។ ភាពស្ទាក់ស្ទើរបែបនេះ អាចបង្កនូវអន្តរាយដល់គោលដៅនៃការបង្កើតប្រព័ន្ធភាពស៊ាំ នៅក្នុងសហគមន៍។ ស្ថានភាពនេះ នឹងធ្វើឱ្យកាន់តែមានភាពធ្ងន់ធ្ងរ នៃការរីករាលដាលយ៉ាងឆាប់រហ័ស នៃការឆ្លងវីរុសបប្លែងថ្មី នៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាន។ ការរាតត្បាតនៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ នឹងតម្រូវឱ្យមានការបិទខ្ទប់សហគមន៍ ក្នុងរយៈពេលយូរ និងទ្រង់ទ្រាយធំ។ ស្ថានការណ៍ទាំងនេះ នឹងជំរុញឱ្យមានផលប៉ះពាល់ លើសង្គម និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលឈានដល់ហានិភ័យ លើកំណើនសេដ្ឋកិច្ច ដែលប្រទេសកម្ពុជា ព្យាយាមសម្រេចបាន ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។
 
បន្ទាប់ពីការអះអាងមិនពិត ជុំវិញប្រសិទ្ធភាពវ៉ាក់សាំងចិនត្រូវបានបកស្រាយ ក្រុមប្រឆាំងបានអំពាវនាវដល់ប្រជាជនកម្ពុជា ឱ្យទទួលការចាក់វ៉ាក់សាំងចិន។ តើពួកគេចង់បានអ្វី ឱ្យពិតប្រាកដ? ចម្លើយជាក់ស្តែងគឺថា ក្រុមប្រឆាំង បានបង្វែរចុះឡើង និងធ្វើឱ្យត្រឡប់ត្រឡិន លើបញ្ហាវ៉ាក់សាំង ដើម្បីស្វែងរកផលប្រយោជន៍នយោបាយ។ យុទ្ធសាស្ត្រនេះ បានបង្កើតភាពច្របូកច្របល់ និងការមិនទុកចិត្ត ក្នុងចំណោមប្រជាជនកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតនេះ។ នៅក្នុងយុគសម័យ ដែលព័ត៌មានក្លែងក្លាយ ត្រូវបានចែកផ្សាយបន្តយ៉ាងឆាប់រហ័ស តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ទស្សនៈផ្លាស់ប្តូរចុះឡើង ឬទស្សនៈត្រឡប់ត្រឡិន ដើម្បីកេងចំណេញប្រយោជន៍នយោបាយ គឺមានភាពគ្រោះថ្នាក់ណាស់ដល់សន្តិសុខជាតិ។ ក្នុងអំឡុងពេលឆ្លងរាលដាល នៃជំងឺរាតត្បាត ប្រទេសកម្ពុជា ត្រូវការជំនួយច្រើនសន្ធឹកណាស់ តាមដែលអាចទទួលបាន ពីអ្នកគ្រប់គ្នា និងគ្រប់ទីកន្លែង។ ដូច្នេះហើយ មនុស្សដែលមានសុភនិច្ឆ័យ និងសមហេតុផល គួរតែចងចាំក្នុងចិត្តថា “បើមិនជួយចែវ កុំយកដៃរាទឹក”។
 
*បណ្ឌិត អ៊ុន ឃាង គឺជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
**អត្ថបទទស្សនៈអ្នកនិពន្ធនេះ ត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ខ្លឹមសារនៃអត្ថបទនេះ គឺជាគំនិតរបស់អ្នកនិពន្ធផ្ទាល់ និងមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com